ជាតិ
កម្ពុជា សង្ឃឹមអាចពង្រីក​កិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប ​លើវិស័យទេសចរណ៍ ​អប់រំ ពាណិជ្ជកម្ម ​ថាមពល...
12, Apr 2024 , 8:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(ស្តាំ) និងលោក ​​Igor Driesmans (ឆ្វេង) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(ស្តាំ) និងលោក ​​Igor Driesmans (ឆ្វេង) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
 
កម្ពុជា មានសុទិដ្ឋិនិយម​ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើក​ទី​១២ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងព្រុច​សែល ប្រទេសប៊ែលហ្ស៊ិក នៅចុងខែមេសានេះ នឹង​​ផ្តល់ឱកាសឱ្យ ភាគីទាំងពីរ ពង្រីកបានកិច្ចសហប្រតិបត្តិការ​​បន្ថែមទៀត លើវិស័យ​សក្តានុពលជាច្រើន។ វិស័យសក្តានុពលទាំងនោះ មានដូចជា​ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងទំនាក់​ទំនង​រវាងប្រជាជននិងប្រជាជន ការអប់រំ និងការអភិវឌ្ឍធនធាន មនុស្ស ក៏ដូចជាការប្រែប្រួល​អាកាសធា​តុ និងថាមពលស្អាត។ នេះបើតាមយោងតាម​សេចក្តី​​​​ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយនៅថ្ងៃទី១១ មេសា។
 
ការបង្ហាញជំនឿចិត្តបែបនេះ គឺធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសម រវាង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា និងលោកហ្គោរ៍ ឌីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី១០ មេសា។ 
 


​សេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងទៀតថា ក្នុងជំនួបនេះ លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា​​​ថ្លែង​អំណរគុណ​ ដែលអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ សហ​ភាពអឺរ៉ុប និងដៃគូ បានគាំទ្រ​ដល់កិច្ច​ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្តារប្រទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ។ «ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទំនាក់​ទំនង​ទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុប បានរីកចម្រើនយ៉ាង រឹងមាំ ដោយផ្អែកលើភាពជាដៃ​គូយូរអង្វែង មានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ។»។ លោក សុខ​ ចិន្តាសោភា បញ្ជាក់ដូច្នេះ។
ក្រៅពីប្តេជ្ញាចិត្ត​ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​បន្ថែមទៀត ​ ភាគី​ទាំងពីរ ​ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ​​ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com