ជាតិ
ព្រះមហាក្សត្រ
សង្រ្កាន្តឆ្នាំថ្មី
ព្រះមហាក្សត្រផ្ញើព្រះរាជសារជូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
12, Apr 2024 , 4:54 pm        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែមេសា បានចេញព្រះរាជសារផ្ញើជូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។


«ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមអបអរសាទរ បុណ្យចូលឆ្នាំថ្មីរួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។ នេះបើព្រះរាជចំណាររបស់ព្រះប្រមុខរដ្ឋ។

ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានរំលឹកថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិ តែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ព្រោះជារដូវកាលដែលប្រជារាស្ត្រខ្មែរមានពេលទំនេរ ពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានជួបជុំក្រុមគ្រួសារ ញាតិមិត្ត ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរស ដូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។

សម្រាប់ព្រះមហាក្សត្រ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមាន អត្ថន័យដ៏ធំធេង ក្នុងការបណ្តុះស្មារតីសាមគ្គីភាពជាតិ ថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង ។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មហោធរទេវី និងគុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com