អន្តរជាតិ
កូរ៉េខាងជើង បញ្ជាក់ពីការអភិវឌ្ឍទំនាក់ទំនងយូរអង្វែងជាមួយចិន 14, Apr 2024 , 4:19 pm
រូបភាព KCNA
× មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ជំហររបស់ខ្លួនជាថ្មី ក្នុងការអភិវឌ្ឍទំនាក់ ទំនងយូរអង្វែងជាមួយចិនដែលដៃគូដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។
នៅក្នុងកិច្ចប្រជុំជាមួយ លោក Zhao Leji ប្រធានសភាប្រជាជនចិន លោក គីម ជុងអ៊ុន បានរំពឹងថា ប្រទេសទាំងពីរនឹងបន្តទៅមុខជាលំដាប់ និងអភិវឌ្ឍតាមទម្លាប់នៃមិត្តភាពយូរអង្វែង។ បើតាមលោកគីម ប្រទេសទាំងពីរនឹងឃើញវឌ្ឍនភាពប្រកបដោយការទទួលខុសត្រូវ និងជោគជ័យនៃមិត្តភាពកូរ៉េខាងជើង-ចិនរាប់ឆ្នាំមកនេះ។
កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងក្នុងបរិយាកាសល្អ ស្មោះស្ម័គ្រ និងមិត្តភាព។ លោកគីម ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ និងក្រុមសិល្បៈខ្នាតធំមួយផងដែរ។
លោក Zhao បានបញ្ចប់ដំណើរទស្សនកិច្ចដែលបានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែ មេសា។ លោក ជាមន្ត្រីចិនលំដាប់ខ្ពស់បំផុតដែលបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលអតីតគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន លោក Li Zhanshu បានចូលរួមក្នុងខួបលើកទី៧០ នៃការបង្កើតកូរ៉េខាងជើង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA លោក Zhao និងគណៈប្រតិភូរបស់លោកបានចាកចេញពីទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៣ ខែមេសា។
គួរបញ្ជាក់ថា ចិនជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់កូរ៉េខាងជើងដែល រង ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ។ ក្រុងព្យុងយ៉ាងកំពុងស្វែងរកការពង្រីកការផ្លាស់ប្តូរការទូតជាមួយ ក្រុងប៉េកាំងបន្ទាប់ពីដកការរឹតបន្តឹងជំងឺកូវីដ-១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com