ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សករាជខ្មែរមាន៣ តែពលរដ្ឋខ្លួនឯងពុំសូវស្គាល់
16, Apr 2024 , 8:00 am        
រូបភាព
ភ្នំពេញ៖ តាំងពីបុរាណ ខ្មែរមានសករាជចំនួន៣ គឺបុរាណសករាជ មហាសករាជ និងចុល្លសករាជ។ ជាង២ពាន់ឆ្នាំមកហើយ ដែលខ្មែរបានបង្កើត និងប្រើប្រាស់សករាជរបស់ខ្លួន ពោលគឺតាំងពីព្រះពុទ្ធពុំទាន់ប្រសូតម្ល៉េះ។ ប៉ុន្តែសព្វថ្ងៃនេះ ប្រជាជនខ្មែរភាគច្រើន ពុំសូវស្គាល់សករាជរបស់ខ្លួនឡើយ ដោយស្គាល់គ្រិស្ដសករាជ ជាសករាជបរទេស ច្បាស់ទៅវិញ។ ហេតុអ្វី ខ្មែរពុំស្គាល់សករាជរបស់ខ្លួនច្បាស់ ហើយពុំចាប់អារម្មណ៍ប្រើ ក្នុងជីវិតប្រចាំថ្ងៃ?
គ្រិស្ដសករាជ ឈរនៅលំដាប់ទី១ ពុទ្ធសករាជ ឈរនៅលំដាប់ទី២ ចុល្លសករាជ ឈរនៅលំដាប់ទី៣ ដែលប្រជាជនខ្មែរបានស្គាល់ និងបានដឹង។ ប៉ុន្តែមហាសករាជ និងបុរាណសករាជ ប្រជាជនខ្មែរទូទៅ សឹងតែពុំស្គាល់សោះតែម្ដង។ អ្នកដែលស្គាល់ មានតែព្រះសង្ឃ អាចារ្យ ឬបុគ្គលមួយចំនួន ដែលធ្លាប់បានសិក្សា គម្ពីរក្បួនតម្រាបុរាណ ឬវិជ្ជាហោរាសាស្រ្ត និងវិជ្ជាតារាសាស្ត្រ តែប៉ុណ្ណោះ។
 
សករាជទាំង៣របស់ខ្មែរ យកទៅគណនា រកដំណើររបស់ព្រះអាទិត្យ ដំណើរសង្ក្រាន្ត ដំណើរពុទ្ធសករាជ និងរករាសីចក្រជាដើម។ បុរាណសករាជ ត្រូវបានបុព្វបុរសខ្មែរបង្កើតឡើង និងប្រើប្រាស់តាំងពីមុនពុទ្ធសករាជ៩០ឆ្នាំ ដូច្នេះគិតមកដល់សព្វថ្ងៃ បុរាណសករាជ មានអាយុកាល ២៦៥៧ឆ្នាំហើយ។ មានន័យថា ដូនតាខ្មែរបានប្រើប្រាស់ បុរាណសករាជនេះ តាំងពីមុនព្រះពុទ្ធប្រសូត១០ឆ្នាំ។ 
 
ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាង កញ្ញា ប៉ូ សាគុន ជាមួយលោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមេត្រីភាព៖ 
 
 


ចំណែកមហាសករាជ មានអាយុកាល១៩៤៦ឆ្នាំ គិតមកដល់បច្ចុប្បន្ន ដែលបង្កើតឡើងដោយព្រះរាជាព្រះនាម ព្រះកេតុមាលា។ គ្រានោះព្រះអង្គបង្កើតឡើង ដោយសារមានហេតុអស្ចារ្យ១បានកើតឡើង។ រីឯចុល្លសករាជ ក៏ត្រូវបានបង្កើតឡើង ដោយព្រះរាជាដែរ ដោយទ្រង់មានព្រះនាមថា បទុមសុរិយវង្ស។ គិតមកដល់សព្វថ្ងៃ ចុល្លសករាជ មានអាយុ១៣៨៦ឆ្នាំ។

ហេតុដែលនាំឱ្យមានការបង្កើត ចុល្លសករាជឡើង ក៏ដោយហេតុអស្ចារ្យដូចគ្នា។
 
រីឯ ពុទ្ធសករាជ សព្វថ្ងៃមានអាយុកាល ២៥៦៧ឆ្នាំ។ ហើយសករាជនេះ មានឥទ្ធិពលមកដល់ប្រទេសកម្ពុជា(កម្ពុជាចាប់យកមកប្រើប្រាស់) ក៏បានជាង២ពាន់ឆ្នាំមកហើយដែរ។ ដូច្នេះពុទ្ធសករាជ មានវ័យក្មេងជាង បុរាណសករាជរបស់ខ្មែរ។
 
ដោយឡែក គ្រិស្ដសករាជវិញ ដ្បិតគិតមកដល់សព្វថ្ងៃនេះ មានអាយុ២០២៤ឆ្នាំក្ដី ប៉ុន្តែសករាជនេះ បានជះឥទ្ធិពលមកដល់កម្ពុជា(កម្ពុជាចាប់យកមកប្រើប្រាស់) ទើបតែបានជាង១០០ឆ្នាំប៉ុណ្ណោះ។ ដូច្នេះមានន័យថា គ្រិស្ដសករាជ មានអាយុប្អូន សករាជទាំង៣របស់ខ្មែរ។ ដ្បិតខ្មែរប្រើប្រាស់គ្រិស្ដសករាជ ទើបតែក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរ សឹងទាំងអស់ ស្គាល់គ្រិស្ដសករាជច្បាស់។
 
លោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ហេតុដែលប្រជាជនខ្មែរ ស្គាល់ឆ្នាំគ្រិស្ដសករាជច្បាស់ ដោយសារតែឆ្នាំនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាទូទៅ គ្រប់ឯកសារទាំងអស់ ដែលបញ្ជាក់កាលបរិច្ឆេទ ទាំងថ្នាក់ជាតិ អន្តរជាតិ រួមទាំងវិស័យឯងជនផង​។ 
  

 
លោកអាចារ្យ ថាសករាជទាំង៣របស់ខ្មែរ ដែលមានបុរាណសករាជ មហាសករាជ និងចុល្លសករាជនោះ ពុំសូវមានប្រជាជនខ្មែរស្គាល់ និងដឹង ក៏ព្រោះតែសករាជទាំងនេះ មានប្រើតែក្នុងវិជ្ជាហោរាសាស្ត្រ និងវិជ្ជាតារាសាស្ត្រ។ 
 
យ៉ាងណាក៏ដោយ លោកអាចារ្យ ប៊ុន វាសនា ជំរុញលើកទឹកចិត្ត ដល់កូនខ្មែរគ្រប់រូប ទាំងក្មេងទាំងចាស់ ពិសេសព្រះសង្ឃ និងអាចារ្យទាំងឡាយ ឱ្យខិតខំព្យាយាមសិក្សាឈ្វេងយល់ ពីសករាជរបស់ខ្លួន ឱ្យបានច្បាស់ ដ្បិតអីការដឹង និងចេះច្បាស់សករាជទាំងនេះ នឹងជួយបុគ្គលនោះ ឱ្យមានការរីកចម្រើនក្នុងជីវិតបាន។ 
 
«យើងរៀនរបស់គេ ក៏រៀនទៅ មិនបដិសេធទេ ប៉ុន្តែយើងកុំចោលរបស់យើង។ របស់គេទើបតែចូលមកបានជាង១០០ឆ្នាំ ហេតុម្ដេចយើងត្រូវបោះចោលរបស់យើង ដែលមានអាយុជាង២ពាន់ឆ្នាំ ជាង១ពាន់ឆ្នាំនោះ? ការចេះចាំយល់ពីសករាជរបស់ខ្មែរយើង មានប្រយោជន៍ខ្លាំងណាស់។ យើងអាចដឹងពីដំណើរសង្ក្រាន ដឹងពីរដូវកាល ពិសេសដឹងពីរាសីរបស់ខ្លួនយើង ថាស្រុតចុះឬឡើងខ្ពស់។ នេះប្រយោជន៍ខ្លាំងណាស់»។ នេះជាការបញ្ជាក់របស់លោកអាចារ្យ ប៊ុន វាសនា ដែលទទូចឱ្យកូនខ្មែរ ខំសិក្សាឈ្វេងយល់ពីសករាជរបស់ខ្លួន។
 
សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ រូបនេះ ក៏មិនភ្លេចស្នើសុំរដ្ឋាភិបាល ឱ្យបង្កើតកម្មវិធីសិក្សា ពីវិជ្ជាហោរាសាស្ត្រខ្មែរ ក្នុងកម្មវិធីសិក្សារបស់រដ្ឋដែរ ដើម្បីឱ្យសិស្សានុសិស្ស បានយល់ដឹងអំពីវិជ្ជារបស់បុព្វបុរសខ្មែរបានច្បាស់ ក៏ដើម្បីបន្តកេរដំណែលនេះតទៅមុខ យូរអង្វែងទៀត៕

Tag:
 ចូលឆ្នាំថ្មី
  សង្ក្រាន្ត
  សករាជ
  បុរាណ
  ឆ្នាំ
  ប្រពៃណី
  វប្បធម៌
 ​ ទំនៀមទម្លាប់
  សាសនា
 
© រក្សាសិទ្ធិដោយ thmeythmey.com