ជាតិ
សង្គមជាតិ
ព្រះភិក្ខុ វីរិយ៉ា ធីរបញ្ញោ ពន្យល់ពីប្រពៃណី​ទំនៀម​ទម្លាប់ «បុណ្យ​ខែចេត្រ» របស់អ្នក​ស្រុក​បុរីរម្យ
15, Apr 2024 , 2:39 pm        
រូបភាព
ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ គ្រង់នៅវត្តយាង ឃុំរន្តូល ស្រុកក្រសំាង ខេត្តបុរីរម្យ (រូបក្នុងរង្វង់)។
ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ គ្រង់នៅវត្តយាង ឃុំរន្តូល ស្រុកក្រសំាង ខេត្តបុរីរម្យ (រូបក្នុងរង្វង់)។
ដូច​បណ្តា​ខេត្ត​អតីតទឹក​ដី​ខ្មែរដទៃ​ទៀត​ផងដែរ បុរីរម្យដែលស្ថិតនៅភាគ​ឦសានប្រទេសថៃ ប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ​បើតាម​ព្រះភិក្ខុ វីរិយ៉ា ធីរបញ្ញោ ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ពលរដ្ឋនៅទីនោះ​ មាន​លក្ខណៈដាច់​ដោយ​​ឡែកពីប្រតិទិននៅ​កម្ពុជា និង​នៅ​ថៃ រួមទាំងមាន​ដំណាក់​កាល​នៃ​ត្រណមតូច ត្រណម​ធំ​ថែមទៀត​ផង។​
 
សង្ក្រាន្ត ឬពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តទៅ​ពីថ្ងៃទី១៣ ដល់ថ្ងៃទី​១៦ ខែមេសា ពោលគឺពីថ្ងៃ​៥កើត ដល់​ថ្ងៃ​៨កើត ខែចេត្រ។ ទោះ​ពេល​វេលានៃការ​រៀបចំ​សង្ក្រាន្ត​នៅ​ថៃ មាន​លក្ខណៈស្រដៀងនៅខ្មែរក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​បុរីរម្យ មាន​កម្មវិធីដាច់ដោយ​ឡែក ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់ខ្លួន។
 

រូបតំណាង៖ អ្នកស្រុកបុរីរម្យជួបជុំគ្នាច្រៀងរាំកម្សាន្ត ដើម្បីអមអរឆ្នាំថ្មី។ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ

ភិក្ខុ វីរិយ៉ា ធីរបញ្ញោ ដែល​គង់​នៅ​វត្តយាង ឃុំរន្តូល ស្រុក​ក្រសាំង ខេត្តបុរីរម្យ មាន​សង្ឃ​ដីកា ប្រាប់សារព័ត៌មានឌីជីថល​ថ្មីៗ​ថា ខ្មែរ​បុរីរម្យ​និយម​ហៅ «បុណ្យខែចេត្រ» ឬ «បុណ្យ​សង្ក្រាន្ត» ជំនួស​ឱ្យពាក្យ​ «បុណ្យ​ចូល​ឆ្នាំ​ថ្មី»។
 
មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ អ្នក​ស្រុក​បុរីរម្យ​ ​មិន​មាន​ការ​រៀប​ចំ​ផ្ទះ​សម្បែង និង​កាត់​សម្លៀក​បំពាក់​​ថ្មីៗទុកនោះទេ។ ករណី​នេះ ​ព្រះអង្គ វីរិយ៉ា ធីរបញ្ញោ បាន​បញ្ជាក់ថា មក​ពី​អ្នក​មិនមាន​ការ​រៀបចំគ្រឿងសក្ការៈ ឬធ្វើ​ពិធី​ទទួល​ទេវតា​ឆ្នាំថ្មីឡើយ។
 
​ឈានដល់ថ្ងៃ​ចូលឆ្នាំ ព្រះអង្គ​មាន​សង្ឃដីកា​រៀប​រាប់ថា អ្នក​ស្រុក​ភាគ​ច្រើន​នាំគ្នា​យក​ចង្ហាន់​ និង​ទេយ្យទាន​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅទី​វត្តអារាម ហើយ​អ្នក​ខ្លះ​ និមន្តព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​មគ្គ​ផល​ដល់​បុព្វការីជន​របស់​ខ្លួន​ដែល​បា​ន​ចែក​ឋាន​ទៅ។
 

អ្នកខេត្តបុរីរម្យរៀបចំអាហារភេសជ្ជៈ ត្រៀមទទួលអ្នកលេងរបាត្រុដិ។ រូបថត៖ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ

ដូចជាពលរដ្ឋ​នៅកម្ពុជា​ផងដែរ ក្រៅពីធ្វើបុណ្យទាន ខ្មែរបុរីរម្យ នាំគ្នាលេងល្បែងប្រជាប្រិយនានា ដូចជា​ទាញព្រ័ត្រ ចោលឈូង រាំអង្រែ ​រាំឆ្វែលត្បាល់ សកម្ម​ភាព​ច្រៀង​លេងកម្សាន្ត និង​ការជួបជុំ​ញាតិ​មិត្ត​ក្នុងភូមិ​យ៉ាងរីករាយ។
ត្រណម​តូច ត្រណមធំ ក្នុងខែចេត្រ
 
ការ​អបអរបុណ្យ​ចូលឆ្នាំ​ថ្មីរបស់អ្នក​ស្រុក​បុរីរម្យ គឺ​ចាប់ផ្តើម​តាំងពី​ថ្ងៃ១កើត​ ខែ​ចេត្រមកម្ល៉េះ ពោល​គឺ​ចាប់ពី​ថ្ងៃទី​៩ ខែ​មេសានេះ។ ពី​ថ្ងៃ១កើត ដល់៣កើត​ ខែចេត្រ គឺគេឱ្យតមតូច តម៣ថ្ងៃ។ គណៈកម្មការវត្ត អ្នក​គ្រប់គ្រង​ភូមិ ដើរគោះ​គង ទូងស្គរ ប្រកាសអ្នកស្រុក អ្នកស្រែចម្ការ ពុកម៉ែ​បងប្អូនគ្រប់ផ្ទះ ឱ្យនាំគ្នាតម។
 
តម​រយៈពេល​៣ថ្ងៃដំបូងនេះ ត្រូវបាន​ព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ ពន្យល់​ប្រាប់​សារព័ត៌មានឌីជីថលថ្មីៗ ថា​៖ «យើង [អ្នកនៅក្នុងភូមិ] ឈប់សម្រាកពីការងារស្រែចម្ការ​ទាំងអស់ ហើយនាំគ្នាមកលេងបោះអង្គញ់


អ្នកខេត្តបុរីរម្យរៀបចំអាហារភេសជ្ជៈ ត្រៀមទទួលអ្នកលេងរបាត្រុដិ។ រូបថត៖ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ

ទាញព្រ័ត្រ ចោល​ឈូង ច្រៀងលេងកម្សាន្ត រាំអង្រែ ​រាំឆ្វែលត្បាល់ រួម​ទាំង​ជួបជុំញាតិមិត្ត​ក្នុង​ភូមិយ៉ាង​រីករាយទាំងអស់គ្នា»។
 
តំណម​នេះ ក៏មាន​ការ​លើកលែង​ផងដែរ​សម្រាប់​អ្នក​ដែល​ត្រូវ​បំពេញ​ការ​ងារ​រដ្ឋ​បាល​ជាចាំបាច់ អ្នក​ដែល​ត្រូវ​បំពេញការងារ​សាងសង់​ រួមទាំង​ពលរដ្ឋ​ដែលនៅ​ក្រៅ​ស្រុក ប៉ុន្តែមាន​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​សម្រាប់ពលរដ្ឋ​ដែល​ធ្វើ​ស្រែចម្ការឱ្យ​សម្រាក ដើម្បី​ជួ​បជុំគ្នា​បង្កើន​ភាព​សប្បាយ​រីករាយក្នុងភូមិ។ 
 
ក្រោយ​ត្រណម​រយៈពេល​៣​ថ្ងៃ ពលរដ្ឋ អាចធ្វើស្រែចម្ការ ត្បាញ ឬសកម្មភាពការងារនានារបស់ខ្លួន ជាធម្មតាឡើងវិញ។ ពីថ្ងៃទី​៨រោច ដល់ថ្ងៃទី​១៤​រោច ខែ​ចេត្រ ត្រូវនឹង​ថ្ងៃទី​១ ដល់ថ្ងៃទៅ៧ ខែឧសភា គឺជាពេលវេលានៃតំណមធំ របស់អ្នកស្រុក​បុរីរម្យ។
 
«៧ថ្ងៃនេះ​ គេហៅថាតមធំ។ តមធំ គឺយើងតម អត់ឱ្យធ្វើការងារដូចតមតូចដែរ ដោយលើកទឹក​ចិត្តការជួបជុំ​របស់​អ្នក​ភូមិ ឱ្យពួកគាត់​​នាំគ្នារាំច្រៀង និងលេងល្បែងប្រជាប្រិយរួមគ្នា»។ នេះជាការ​បញ្ជាក់របស់ព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ។
 


អ្នកខេត្តបុរីរម្យធ្វើពិធីស្រង់ព្រះ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ.

តាមជំនឿពីបុរាណរបស់អ្នកស្រុកខ្មែរបុរីរម្យ អ្នកស្រុករូបណាដែលមិនតមការងារនៅក្នុងរយៈពេលនៃត្រណមតូច និងត្រណមធំនេះ អាចនឹងជួបគ្រោះកាចក្នុងជីវិត ដូចជា ត្រូវរន្ទះបាញ់ ការវិនាសទ្រព្យសម្បត្តិ កើតជំងឺ ​ឬរោគដែល​មើលមិនងាយជា​សះស្បើយ​...ជាដើម។​
 
ទោះបីជាយ៉ាងណាក៏ដោយ ភិក្ខុសង្ឃ​ដែលមានព្រះជន្ម​៣០​វស្សា ពន្យល់ថា ដោយពិនិត្យមើលហេតុ ​និងផលទៅ ការណ៍ដែលចាស់ៗបុរាណឱ្យអនុវត្តត្រណមក្នុងខែចេត្រនេះ គឺគ្រាន់តែចង់ឱ្យអ្នកស្រុកគ្រប់រូប
សម្រាកពីការងារ សម្រាកពីការនឿយហត់ទាំងឡាយ មកជួបជុំកូនចៅបងប្អូន ញាតិមិត្ត
ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជុំគ្នា ត្រៀមទទួលឆ្នាំថ្មីប៉ុណ្ណោះ។​
 
បើតាមព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ​ ថ្ងៃទី៦នៃការតមធំដែលត្រូវនឹងថ្ងៃទី១៣រោច​​ ខែចេត្រ អ្នកស្រុកបុរីរម្យ
នៅតាមភូមិនីមួយៗនាំគ្នាលេងត្រុដិ ដើម្បីរៃអង្គាសបច្ច័យ ចូលវត្ត ឬ​ សម្រាប់សាងវត្តសាងសាលាឱ្យកូនចៅបានរៀនសូត្រ។ ក្រៅនោះខ្មែរបុរីរម្យក៏ជុំគ្នាធ្វើបុណ្យពូនភ្នំខ្សាច់ ​និងមានព្រះសង្ឃសូត្រមន្ត​នៅតាមវត្តអារាមនានាពេលល្ងាចផងដែរ។ 
 
«​ដល់ព្រឹកថ្ងៃទី១៤រោចថ្ងៃសីល ត្រូវនឹងថ្ងៃដាច់ខែចេត្រ អ្នកស្រុកនាំគ្នាដាក់បាត្រ ឆ្លងត្រណម និមន្ត​លោក​មក​ស្រោច​ទឹក មុជ​ទឹក​ឱ្យ​ចាស់​ទុំ ស្រោច​ទឹក​ដាច់ខែ​ចេត្រ​ ធ្វើបុណ្យស្រង់ព្រះ សូមខមាទោសព្រះសង្ឃ ព្រះពុទ្ធ​ ដែលយើងបានធ្វើខុសកន្លងមក ហើយក៏នាំគ្នាចូលឆ្នាំថ្មីតែម្តង»។
 


ព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ​ បានបញ្ជាក់ថា អ្នកស្រុកបុរីរម្យអត់មានសំពះទេវតា​ ឬទទួលទេវតាអ្វីឡើយ ពោលអ្នកស្រុកគឺនាំគ្នាធ្វើបុណ្យ​ និងលេងល្បែងប្រជាប្រិយនានាប៉ុណ្ណោះ ដើម្បីលាឆ្នាំចាស់ និងទទួលឆ្នាំថ្មី។​ នេះជាទំនៀមទម្លាប់ពីបុរាណរបស់ស្រុកខ្មែរបុរីរម្យ ដែលបានអនុវត្តមកទល់សព្វថ្ងៃ មានលក្ខណៈខុសគ្នាពីអ្នក​​ស្រុក​ខ្មែរ និងអ្នកស្រុកថៃ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី៥កើត ដល់៨កើត​ រៀងរាល់ខែចេត្រ។
 
ព្រះអង្គ​បាន​បន្ថែមថា៖ «ចូលឆ្នាំយើងទីនេះ គឺ​ដាច់ខែចែត្រ មានន័យថាជាថ្ងៃដាច់ឆ្នាំចាស់។ ពីបុរាណកាល គឺលោកធ្វើតែអ៊ីចឹង»។ 
 
បើតាមសង្ឃដីការបស់ព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ អ្នកស្រុកដែលមានដូនតា​ខ្មែរស្ថិតនៅប្រទេសថៃនាពេលបច្ចុប្បន្ន មិនថា​អ្នកនៅខេត្តបុរីរម្យទេ សូម្បីអ្នកខេត្តសុរិន្ទ ​ស្រះកែវ ឧប្បល និងស៊ីសាកេត ជាដើម ក៏តមធ្វើការក្នុងពិធីចូលឆ្នាំថ្មី​ដែរ។
 
ព្រះអង្គបានអះអាង៖ « ឱ្យតែខ្មែរ​ តមទាំងអស់!។ នៅទីនេះ[ប្រទេសថៃ] គ្រប់ខេត្តដែលមានពលរដ្ឋដូនតាខ្មែរ គឺគេតមគ្រប់គ្នា​ហ្នឹង លើកតែអ្នកចេញទៅធ្វើការ ឬរកស៊ីនៅក្រៅស្រុក ក្រៅខេត្ត បានគេមិនតម ហើយ​អនុវត្តបុណ្យចូលឆ្នាំថ្មីតាមបែបសៀម»៕
 
 
 
 
 

Tag:
 វប្បធម៌
  សង្ក្រាន្ត​
  បុរីរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com