ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ក្រៅពីរក្សាប្រពៃណី ការវេចនំអន្សម ក៏ជួយបង្កើតភាពស្និទ្ធស្នាល និងសាមគ្គីភាព
15, Apr 2024 , 10:19 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន 
ប្រពៃណីវេចនំអន្សម កំពុងប្រឈមមុខបាត់បង់បន្តិចម្ដងៗ ក្រោយយុវជនភាគច្រើន មិនសូវចាប់អារម្មណ៍ ។ មជ្ឈិមវ័យ និងបច្ឆិមវ័យ កំពុងព្រួយបារម្ភចំពោះការបាត់បង់ប្រពៃណីវេចនំអន្សមនេះ។
អ្នកនាង ញ៉ សុខហៃ រស់នៅស្រុកលើកដែក ខេត្តកណ្ដាល ចង់ឃើញ អ្នកជំនាន់ក្រោយ នៅបន្តការវេចនំអន្សម មិនថា ក្នុងពិធីចូលឆ្នាំខ្មែរ ឬពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។ អ្នកនាង សុខហៃ យល់ឃើញថា ការវេចនំនេះ អាចរក្សានូវកេរ្តិ៍តំណាលខ្មែរ ជាពិសេសបង្កើនភាពសិទ្ធិស្នាលនៅក្នុងសហគមន៍ ក៏ដូចជាបង្កើតនូវការសាមគ្គីភាពគ្នាផង ។
  


អ្នកស្រុកលើកដែករូបនេះ លើកឡើងបែបនេះ៖«បងៗ អ៊ំពូ មីង ដែលគាត់មានកម្មវិធី គាត់គួរតែជ្រើសរើសវេចនំដោយខ្លួនឯង ព្រោះអីជារបស់ខ្មែរ ជាស្នាដៃរបស់ខ្មែរ ។ យើងអត់ចាំបាច់ទៅទិញពីគេមកទេ ហើយការវេចនំអន្សមជុំគ្នានេះ ក៍អាចបង្កើតភាពសិទ្ធស្នាលជាមួយអ្នកជិតខាងទៀត»។ 
 
សម្រាប់ការវេចនំអន្សមនេះ គេត្រូវមាន ស្នូលចេក ស្នូលផ្អែម និងស្នូលជ្រូក អាស្រ័យលើចំណង់ចំណូលចិត្តរបស់ពលរដ្ឋម្នាក់ៗ។ សម្រាប់គ្រឿងផ្សំវិញ មានដូចជា សណ្ដែក អង្ករដំណើប សាច់ជ្រូក ឬសាច់ជ្រូកបីជាន់ អំបិល ដូង ជាដើម។ អ្នកស្រី ម៉ៅ ដែលជាពលរដ្ធរស់នៅក្នុងខេត្តកណា្ដល បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ។
 
អ្នកស្រីម៉ៅ និយាយថា៖« បើយើងចង់ហូបស្នូលចេក យើងដាក់ចេកទៅ បើចង់ហូបស្នូលជ្រូក យើងដាក់ជ្រូកទៅ។ ចំពោះការលាយគ្រឿង យើងដាក់ដូង ដាក់អង្ករ យើងលួចដាក់អំបិលតិចតិចទៅដើម្បីបន្ថែមរសជាតិ ហើយចំពោះស្នូលជ្រូក ត្រូវយកសាច់បីជាន់បានកើត ប្រើសាច់សុទ្ធអត់បានទេ អត់ឆ្ងាញ់»។
 


«​នំអន្សម​» និង​«​នំគម នំ​បត់ និង​នំ​មង្គល​» មានកំណើត​ក្នុងសម័យ​កាលដែល​ខ្មែរ​បុរាណ​គោរព​ព្រហ្មញសាសនា ពោលគឺ​ការគោរព​អង្គកាយ​ព្រះ​សេវៈ ដែល​តំណាង​ដោយ​នំអន្សម គោរព​អង្គកាយ​នាង​ឧមា ដែល​តំណាង​ដោយ​នំគម និង​ការគោរព​ផែនដី ដែល​តំណាង​ឲ្យ​នំ​បត់​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហ៊ាង រិ​ទ្ធ អ្នកស្រាវជ្រាវ​វប្បធម៌ និង​អរិយធម៌​ខ្មែរ​៕ 
 

Tag:
 ចូលឆ្នាំខ្មែរ
  សង្ក្រាន្ត
  នំអន្សម
© រក្សាសិទ្ធិដោយ thmeythmey.com