អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីបារាំង ​ស្នើឲ្យមាន​បទ​ឈប់​បាញ់​ជា​សកល​​អំឡុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក
16, Apr 2024 , 5:00 pm        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ រូបភាព ៖ AFP
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ រូបភាព ៖ AFP
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ចង់ឱ្យភាគីទាំងអស់យល់ព្រមលើបទឈប់បាញ់សម្រាប់ជម្លោះសំខាន់ៗទាំងអស់នៅទូទាំងពិភពលោកក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស។
«យើងចង់ធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់អូឡាំពិក ហើយខ្ញុំគិតថានេះជាឱកាសមួយដើម្បីពិភាក្សាជាមួយដៃគូរបស់យើងអំពីរឿងនេះ»។ ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល ម៉ាក្រុង បានប្រកាសបែបនេះនៅថ្ងៃទី ១៥ ខែមេសា ដោយសំដៅទៅលើជម្លោះកំពុងបន្តនៅអ៊ុយក្រែន ហ្កាហ្សា និងស៊ូដង់។ 
 
លោក ម៉ាក្រុង បាននិយាយថា នៅពេលប្រធានាធិបតី ស៊ី ជិនភីង ធ្វើទស្សនកិច្ចនៅបារាំងនៅដើមខែឧសភា លោកនឹងស្នើសុំឱ្យមេដឹកនាំចិនរូបនេះគាំទ្រ ដើម្បីជំរុញឱ្យភាគីនានាឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងអំឡុងពេលកីឡាអូឡាំពិក។ លោកថា ប្រធានាធិបតី ស៊ី បានធ្វើរឿងស្រដៀងគ្នានេះ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
 
ពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះ និងបានជួបជាមួយលោក ស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រហែល ២០ថ្ងៃមុនពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។
 
មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិក និងអឺរ៉ុបបានអះអាងថា ចិនបានដឹងអំពីផែនការរបស់រុស្ស៊ីជាមុន ហើយបានស្នើឱ្យទីក្រុងមូស្គូកុំធ្វើសកម្មភាពរហូតដល់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងបានបញ្ចប់។
 
ក្រោយមក ក្រសួងការបរទេស​ចិន​បាន​ច្រានចោល​ព័ត៌មាន​នេះ ដោយ​លើកឡើងថា ​វា​ជា​ការ​ប៉ុនប៉ង​ក្នុងការ​ស្តី​បន្ទោស ​និង​លាបពណ៌ទី​ក្រុង​ប៉េកាំង។ លោកប្រធានាធិបតី ពូទីន ក៏បាននិយាយដែរថា លោកមិនបានប្រាប់ចិនជាមុនអំពីផែនការចាប់ផ្តើមប្រតិបត្តិការនេះនៅពេលជួបជាមួយលោក ស៊ី នោះទេ ពីព្រោះទីក្រុងប៉េកាំងបានយល់យ៉ាងច្បាស់អំពីជំហររបស់ទីក្រុងម៉ូស្គូចំពោះអ៊ុយក្រែន។
 
បទឈប់បាញ់អូឡាំពិក ជាប្រពៃណីដែលមានដើមកំណើតតាំងពីក្រិកបុរាណ ពេលដែលភាគីជម្លោះបានព្រមព្រៀងគ្នាដាក់អាវុធចុះក្នុងព្រឹត្តិការណ៍នេះ ដើម្បីអោយអត្តពលិក និងអ្នកទស្សនាអាចទៅដល់ និងចាកចេញពីកន្លែងប្រកួតដោយសុវត្ថិភាព។
 
លោកប្រធានាធិបតី ម៉ាក្រុង បានលើកឡើងជាលើកដំបូងអំពីគំនិតនៃការបង្កើតបទឈប់បាញ់អូឡាំពិកក្នុងខែមីនា នៅពេលដែលលោកបានស្នើឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែនក្នុងឱកាសនេះ។ លោកថា រុស្ស៊ីត្រូវធ្វើរឿងនេះ នោះហើយជាអ្វីដែលតែងតែកើតឡើង។
 
ក្រោយមកប្រធានាធិបតីពូទីនបាននិយាយថា លោកមិនទទួលបានជូនដំណឹងអំពីសំណើរបស់សមភាគីលោក ម៉ាក្រុង ទេ។ លោកពូទីន ថា ៖« យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើសំណើទាំងអស់ ប៉ុន្តែក្នុងគ្រប់ករណីទាំងអស់ យើងតែងតែធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិ និងស្ថានភាពនៅលើសមរភូមិ»។
 
ទន្ទឹមនេះ អ៊ីស្រាអែលបានអះអាងម្តងហើយម្តងទៀតថា យោធារបស់ខ្លួននឹងបន្តប្រតិបត្តិការនៅតំបន់ហ្កាហ្សា រហូតដល់កម្ចាត់សមាជិកក្រុមហាម៉ាសទាំងអស់ និងជួយសង្គ្រោះចំណាប់ខ្មាំងមកវិញបាន បើទោះបីជាសហគមន៍អន្តរជាតិបានប្រឹងប្រែងអំពាវនាវឱ្យមានបទឈប់បាញ់អន្តរជាតិក៏ដោយ។
 
លោក ម៉ាក្រុង មិនបានបង្ហាញពីអ្វីដែលលោកនឹងធ្វើដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតានយ៉ាហ៊ូ ឱ្យទទួលយកបទឈប់បាញ់ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីសនោះទេ។
 
កីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អត្តពលិករុស្ស៊ី និងបេឡារុស្សនឹងចូលរួមដោយអព្យាក្រឹត ដោយមានលក្ខខណ្ឌថាមិនមានទំនាក់ទំនងជាមួយភ្នាក់ងារសន្តិសុខ និងមិនត្រូវប្រកួតប្រជែងក្នុងប្រភេទកីឡាជាក្រុមឡើយ។
 
បារាំងគ្រោងនឹងដាក់ពង្រាយប៉ូលីសចំនួន ៤៥ម៉ឺននាក់ មន្រ្តីសន្តិសុខឯកជនចំនួន ២០ម៉ឺននាក់ និងទាហានចំនួន ១៥ម៉ឺននាក់ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ២សប្តាហ៍។ មន្ត្រីនៅក្នុងប្រទេសនេះបានព្រមានពីហានិភ័យនៃការវាយប្រហារភេរវករនៅក្នុងពិធីបើកអូឡាំពិក ក្នុងបរិបទដែលក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមប្រកាសថាបានបង្កការបាញ់ប្រហារនៅរោងមហោស្រព Crocus ក្នុងប្រទេសរុស្ស៊ីថ្មីៗនេះ៕​
 

Tag:
 បារាំង
  អេម៉ានុយអែល ម៉ាក្រុង
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com