ព័ត៍មានសុខភាព
អន្តរជាតិ
ប្រជាជនតួកគីមានអត្រាដៃគូរួមភេទច្រើនជាងគេលើលោក
17, Apr 2024 , 8:40 am        
រូបភាព
ប្រជាជនតួកគីដើរកម្សាន្តនៅលើដងផ្លូវមួយកន្លែងក្នុងប្រទេស។ រូបភាព ៖ AFP
ប្រជាជនតួកគីដើរកម្សាន្តនៅលើដងផ្លូវមួយកន្លែងក្នុងប្រទេស។ រូបភាព ៖ AFP
ការស្ទង់មតិលើចំនួនប្រជាជនពិភពលោកបង្ហាញថា ប្រជាជនតួកគីម្នាក់ជាមធ្យមមានដៃគូរួមភេទជិត ១៥នាក់ក្នុងមួយជីវិតដែលជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។
 
World Population Review (WPR) ជាអង្គការជំរឿនឯករាជ្យ និងប្រជាសាស្រ្តមានមូលដ្ឋាននៅអាម៉េរិកថ្មីៗនេះបានចេញផ្សាយរបាយការណ៍មួយជុំវិញ ចំនួនដៃគូរួមភេទជាមធ្យមប្រចាំឆ្នាំ២០២៤ តាមចំណាត់ប្រទេសដោយបង្ហាញថា តួកគីជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់មនុស្សម្នាក់ដែលមានដៃគូផ្លូវភេទជាមធ្យម ១៤,៥នាក់ក្នុងមួយជីវិត។ 
 
WPR បង្កើតចំណាត់ថ្នាក់ប្រចាំឆ្នាំដោយការស្ទង់មតិមនុស្សក្នុងប្រទេសចំនួន៤៦ អំពីចំនួនដៃគូរួមភេទដែលពួកគេបានប្រឡូកក្នុងមួយជីវិត។ បើតាមអង្គការនេះ លទ្ធផលអាចឆ្លុះបញ្ចាំងមួយផ្នែកអំពីគោលគំនិតនៃបរិបទវប្បធម៌នៅក្នុងប្រទេសនីមួយៗ។
 
ប្រទេសកំពូលទាំង១០ នៅក្នុងចំណាត់ថ្នាក់នោះរួមមាន តួកគី អូស្ត្រាលី នូវែលសេឡង់ អ៊ីស្លង់ អាហ្វ្រិកខាងត្បូង ហ្វាំងឡង់ ន័រវែស អ៊ីតាលី ស៊ុយអែត និងស្វីស។
 
សម្រាប់តួកគីដែឈរនៅលំដាប់កំពូលនៃតារាងជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ដោយសារតែ ៩៩ភាគរយនៃប្រជាជនរបស់ប្រទេសនេះគោរពប្រតិបត្តិសាសនាឥស្លាម ដែលជាសាសនាមានទំនៀមទម្លាប់ផ្លូវភេទដ៏តឹងរឹង។
 
អ្នកស្រាវជ្រាវនៅអង្គការ WPR មិនបានពន្យល់អំពីរឿងនេះទេ។ បើតាម Muzz ដែលជាវេបសាយណាត់ជួបរបស់តួកគី គ្រាន់តែជាកម្មវិធីស្វែងរកដៃគូរបស់ជនជាតិមូស្លីមប៉ុណ្ណោះ មិនមែនការរួមភេទមុនពេលរៀបការនោះទេ ប៉ុន្តែកម្មវិធីណាត់ជួបនេះកំពុងពេញនិយមកាន់តែខ្លាំងឡើង។
 
​ឥណ្ឌា ​ស្ថិត​នៅ​បាត​តារាង​ដែល​មាន​ដៃគូ​រួមភេទ​ជា​មធ្យម៣នាក់​សម្រាប់​មនុស្សម្នាក់​ក្នុង​មួយ​ជីវិត។ យោងតាម ​​WPR ទស្សនៈប្រពៃណីលើអាពាហ៍ពិពាហ៍ក្នុងវប្បធម៌ឥណ្ឌាជាហេតុផលសម្រាប់រឿងនេះ ដោយសារមនុស្សជាច្រើនត្រូវបានលើកទឹកចិត្តឱ្យរក្សាព្រហ្មចារីរហូតដល់អាពាហ៍ពិពាហ៍។
 
កម្ពុជាមិនស្ថិតនៅក្នុងចំណោមប្រទេសដែលធ្វើការស្ទង់មតិរបស់ WPR ទេ។ វៀតណាម និង ចិន ជាប់ចំណាត់ថ្នាក់ចុងក្រោយដែលមានដៃគូរួមភេទ ៣,២នាក់និង ៣,១ភាគរយរៀងគ្នា នៅពីក្រោយឥណ្ឌា។ ទន្ទឹមនេះ ប្រជាជនថៃមានដៃគូរួមភេទច្រើនជាងគេនៅអាស៊ី និងជាប់ចំណាត់ថ្នាក់ទី១២ លើពិភពលោក ដែលមានដៃគូរួមភេទជាមធ្យម១០.៦ នាក់ក្នុងមួយជីវិត។ របាយការណ៍របស់ WPR ក៏ចង្អុលបង្ហាញថា ប្រជាជនថៃមានអត្រាឆ្លងជំងឺកាមរោគខ្ពស់៕ 
 

Tag:
 តួកគី
  រួមភេទ
© រក្សាសិទ្ធិដោយ thmeythmey.com