ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កំពត ជាមជ្ឈមណ្ឌលនៃការ​សម្រាកលំហែប្រកបដោយ​ភាព​ស្ងប់ស្ងាត់​ និង​ទាក់ទាញ
17, Apr 2024 , 7:54 am        
រូបភាព
កំពត៖ ស្ថិត​នៅ​តំបន់​សមុទ្រនៃ​ប្រទេស​កម្ពុជា ខេត្ត​កំពត សម្បូរ​ទៅ​ដោយ​សក្ដានុពលទេសចរណ៍​ធម្មជាតិ មាន​ព្រៃភ្នំ, ព្រែក​ និងកសិទេសចរណ៍ជាច្រើន​កន្លែង។ បច្ចុប្បន្ន កំពត មាន​កន្លែង​ស្នាក់នៅ​សម្រាប់​ភ្ញៀវទេសចរ​ជាង ៣០០កន្លែង ស្មើនឹង៥០០០បន្ទប់។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត​កំពត ចាត់ទុកខេត្ត​កំពត ជាមជ្ឈមណ្ឌលនៃការ​សម្រាកលំហែប្រកបដោយ​ភាព​ស្ងប់ស្ងាត់​ និង​ទាក់ទាញ។


ខេត្ត​កំពត មានតំបន់ទេសចរណ៍​សរុប ៣៩​កន្លែង ដែល​ភ្ញៀវទេសចរ​អាច​ដើរកម្សាន្ត​យ៉ាង​រីករាយ។ ក្រៅ​ពី​មាន​តំបន់​ទេសចរ​ណ៍​ច្រើន​សម្បូរ​បែប មិន​ថា​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្រ្ត​ប៉ុណ្ណោះទេ តែ​ខេត្ត​កំពត មាន​កន្លែង​ស្នាក់​ស្អាតៗចំនួន ៣៣៥កន្លែង ស្មើនឹង​៥០០០បន្ទប់។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ  លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា៖«យើង​មាន​សណ្ឋាគារ៣៣ បឹងកាឡូ ៩៩ និងមានផ្ទះសំណាក់ ២០៣។ យើង​អាច​និយាយ​បានថា ខេត្ត​កំពត ជាមជ្ឈមណ្ឌលនៃការ​សម្រាកលំហែប្រកបដោយ​ភាព​ស្ងប់ស្ងាត់​ និង​ទាក់ទាញ»។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតដូចតទៅ៖


 
ខ្យល់​អាកាស​បរិសុទ្ធ ធម្មជាតិ​ស្រស់ត្រកាលនៃ​ខេត្ត​កំពត បាន​ទាក់​ទាញ​ទេសចរជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​មិន​ថា​ថ្ងៃចុងសប្ដាហ៍​ ឬ​ពេល​បុណ្យ​ទាន​ឡើយ។ បច្ចុប្បន្នខេត្ត​កំពត បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ផ្ដល់ភាពងាយស្រួល ជាពិសេសទីតាំង​កម្សាន្ត​ថ្មីៗ ដូចជា​ការ​សាងសង់​រូបសំណាក​ «សេះសមុទ្ទ»ជាដើម។
 
ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ភ្ញៀវទេសចរ​បាន​ស្នាក់​នៅ​ក្នុង​ខេត្ត​កំពត រដ្ឋបាលខេត្ត​កំពត និង​មន្ទីរទេសចរណ៍ តែង​តែ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ បឹងកាឡូ និង​ផ្ទះសំណាក់ មិនឱ្យ​មាន​ការ​ដំឡើងថ្លៃផងដែរ។ លោក សយ ស៊ីណុល បន្តថា៖«ជា​ទម្លាប់ នៅ​មុន​មាន​ព្រឹត្តិការណ៍នានា យើង​តែង​ណែនាំឱ្យ​មាន​ការ​រក្សា​តម្លៃ​ កុំ​ឡើងថ្លៃ ឬ​បញ្ចុះតម្លៃ ដើម្បី​ប្រកួត​ប្រជែង​គ្នាផងដែរ»៕
 









 

Tag:
 កំពត
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com