កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ រាត្រីខកចិត្តរបស់ក្លិបខ្លាំងពីអេស្ប៉ាញ ដោយ PSG និង Dortmund ឡើងទៅជួបគ្នានៅវគ្គ១/២
17, Apr 2024 , 9:08 am        
រូបភាព
កីឡាកររបស់ PSG និង Dortmund អបអរជ័យជម្នះ​រៀងៗខ្លួន។ រូបពីបណ្តាញសង្គម​ក្លិបទាំងពីរ
កីឡាកររបស់ PSG និង Dortmund អបអរជ័យជម្នះ​រៀងៗខ្លួន។ រូបពីបណ្តាញសង្គម​ក្លិបទាំងពីរ
ដោយ: រួបរួម
ជាជំនួបជើងទីពីរដ៏ខកចិត្តសម្រាប់ Barcelona និង Atletico Madrid ដោយក្រុមអេស្ប៉ាញទាំងពីរនេះ បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ដូចគ្នា ក្រោយចាញ់ Paris Saint-Germain និង Borussia Dortmund។
 
 
មានប្រៀបជាមួយនឹងលទ្ធផល ៣-២ នៅជើងទីមួយក្នុងទឹកដី Parc des Princes ប៉ុន្តែ Barcelona មានអនុស្សាវរីយ៍ជូរចត់នៅទឹកដី Estadio Olimpico Lluis Companys របស់ខ្លួនវិញ ដោយត្រូវបាន Paris Saint-Germain លត់ ៤-១។
 
 
Barcelona បង្កើនគ្រាប់បាល់មួយទៀតនៅត្រឹម១២នាទីដំបូង ប៉ុន្តែអ្វីៗបានប្រែប្រួល ក្រោយ Ronald Araujo ទទួលបានកាតក្រហមនៅនាទី២៩។ Ousmane Dembele នាំ PSG តាមស្មើម្ចាស់ផ្ទះ ដែលមានគ្នា១០នាក់ក្នុងលទ្ធផល ១-១ នៅនាទី៤០ ហើយក្រុមកំពូលតារាងពីបារាំង បន្ថែម៣គ្រាប់ទៀតនៅតង់ទីពីរ។ 
 
Vitinha សម្រេចបាននៅនាទី៥៤ បន្ទាប់មកលោក Xavi គ្រូបង្វឹក Barcelona ទទួលកាតក្រហម។
២គ្រាប់ចុងក្រោយរបស់ PSG រកបានដោយ Kylian Mbappe ទាំង២ ដោយប៉េណាល់ទីនៅនាទី៦១ និង១គ្រាប់ទៀតនៅនាទី៨៩។
 
លទ្ធផលសរុបទាំងពីរជើង PSG ក្រោមការដឹកនាំរបស់លោក Luis Enrique ឈ្នះ ៦-៤ ហើយត្រូវឡើងបន្តទៅវគ្គ៤ក្រុមចុងក្រោយលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០២១ មក ខណៈ ម្ចាស់ជើងឯក៥ជំនាន់ Barcelona ត្រូវហាលអាវ។
 
សម្រាប់ការប្រកួតមួយទៀត Atletico Madrid មានប្រៀប ២-១ កាលពីជើងទីមួយនៅទឹកដី Civitas Metropolitano របស់ខ្លួន ប៉ុន្តែនៅទឹកដី Signal Iduna Park វិញ ម្ចាស់ផ្ទះ Borussia Dortmund បានយកឈ្នះ ៤-២។   
 
Julian Brandt និង Ian Maatsen រកបាន២គ្រាប់ដំបូងសម្រាប់ Dortmund នៅតង់ទីមួយ។ ឈានដល់តង់ទីពីរ លទ្ធផលស្មើ ២-២ បានកើតឡើងនៅត្រឹមនាទី៦៤ ដែលក្នុងនោះមានគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Mats Hummels និងការស៊ុតបញ្ចូលទីរបស់ Angel Correa។
 
នៅនាទី៧១ Dortmund បានបង្កើនការនាំមុខ ដែលសម្រេចបានដោយ Niclas Fullkrug ហើយ Marcel Sabitzer បន្ថែមគ្រាប់បាល់ជ័យជម្នះ នៅ២នាទីបន្ទាប់ ដែលធ្វើឲ្យក្រុមពីអាល្លឺម៉ង់ មានប្រៀប ៥-៤ ក្នុងលទ្ធផលសរុបទាំងពីរជើង។
 
ខណៈ Atletico Madrid ដែលធ្លាប់រងជើងឯក៣លើក បាត់បង់កៅអីទៅវគ្គបន្ត Dortmund ដែលជាម្ចាស់ជើងឯកឆ្នាំ១៩៩៧ វិលចូលវគ្គ៤ក្រុមសារជាថ្មី ក្រោយខកខាន១១ឆ្នាំ។
 
Dortmund និង PSG ត្រៀមជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅដើមខែឧសភា។ រីឯបេក្ខភាពពីរទៀត គឺត្រូវរង់ចាំជំនួបកាត់ក្តីនៅជើងទីពីរនាវេលាម៉ោង២យប់នេះ ដោយ Bayern Munich ត្រៀមស្វាគមន៍ Arsenal ជាមួយនឹងលទ្ធផលស្មើ ២-២ នៅជើងទីមួយ រីឯ Real Madrid  ទៅកាន់ទឹកដី Manchester City ជាមួយនឹងលទ្ធផលស្មើ ៣-៣ កន្លងមក៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com