កីឡាជាតិ
ជាតិ
យុវតី លឹម ជិនយាន ថាខ្លួនមានសំណាងណាស់ បានក្លាយជាអ្នកស្ម័គ្រចិត្តនៅអូឡាំពិក ប៉ារីស
17, Apr 2024 , 2:39 pm        
រូបភាព
កញ្ញា លឹម ជិនយាន អំឡុងពេលជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គមេ រូបពី លឹម ជិនយាន
កញ្ញា លឹម ជិនយាន អំឡុងពេលជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គមេ រូបពី លឹម ជិនយាន
យុវតី លឹម ជិនយាន និស្សិតវិទ្យាស្ថានអគ្គិសនីអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ត្រូវបាន អង្គការ  France Volontaires Cambodge ជ្រើសរើសជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ និស្សិតអង្គការ PSE រូបនេះ នឹងប្រើបទពិសោធន៍ស្ម័គ្រចិត្តក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បំពេញតួនាទីនេះ ជាមួយនិងស្នាមញញឹម ដែលបង្ហាញពីភាពរស់រាយ ក្នុងនាមជាអ្នកតំណាងយុវជនពីកម្ពុជា នៅព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនេះ។


យុវជន និងយុវនារី៨នាក់ ស្ម័គ្រចិត្តកម្ពុជា នឹងទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកហ្គេម លើកទី៣៣ នៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើម ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ កញ្ញា លឹម ជិនយាន ម្នាក់ក្នុងចំណោមនោះ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា រូបកញ្ញាពិតជាមានសំណាង ដោយត្រូវបានជ្រើសជាតំណាងយុវជន ទៅព្រឹត្តិការណ៍អន្ដរជាតិនេះ។  

France Volontaires Cambodge ជ្រើសរើស ជិនយាន គឺដោយសារយុវតីនេះ មានបទពិសោធន៍ស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។ ហើយបន្ថែមជាងនេះទៀត យុវតីមកពីខេត្តបាត់ដំបងនេះ ក៏ជាអ្នកស្រឡាញ់វិស័យកីឡា ផងដែរ។

«ខ្ញុំ គិតថាមូលហេតុ ដែល France Volontaires Cambodge រើសយកខ្ញុំ ជាមួយអ្នកស្ម័គ្រចិត្ត ចំណោម៨នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ដោយសារខ្ញុំជាអ្នកចូលចិត្ត និងស្រឡាញ់វិស័យកីឡា។ បន្ថែមជាងនេះទៀត ខ្ញុំ មានបទពិសោធន៍ខ្លះ ពីការចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា កាលពីឆ្នាំ២០២៣។ ការតាំងចិត្តរបស់ខ្ញុំ គឺជាចំណុចមួយ ដែលធ្វើឲ្យគេជ្រើសរើសខ្ញុំ។»។  កញ្ញា ជិនយាន បាននិយាយដូច្នេះ។

យុវតីរូបនេះ និយាយថាការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើឲ្យខ្លួន មានបទពិសោធន៍ច្រើនជាពិសេសការបង្កើតមិត្តភាពជាមួយយុវជនដទៃទៀត និងការសាមគ្គីគ្នា ក្នុងការធ្វើកិច្ចការរៀបចំ។ តាមរយៈបទពិសោធន៍នេះ ជិនយាន នឹងយកទៅអនុវត្តក្នុងការធ្វើជាអ្នកស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីស ផងដែរ។ ជិនយាន បន្ថែមទៀតថា នឹងបំពេញតួនាទីជាមួយស្នាមញញឹម ព្រោះនិសិ្សតរូបនេះ យល់ថាស្នាមញញឹម គឺជាការបង្ហាញពីអត្ដចរិករួសរាយរបស់កម្ពុជា ទៅកាន់ពិភពលោក។«ខ្ញុំ មិនភ្លេចនូវស្នាមញញឹមទៅកាន់មនុស្សគ្រប់គ្នា។ ស្នាមញញឹមនេះ គឺបង្ហាញថាកម្ពុជាយើង មានភាពរួសរាយរាក់ទាក់។»។ កញ្ញា លឹម ជិនយាន បាននិយាយដូច្នេះ៕



Tag:
 Paris 2024
  លឹម ជិនយាន
© រក្សាសិទ្ធិដោយ thmeythmey.com