ជាតិ
អ្នកនាំពាក្យ៖ ពលករខ្មែរ៧៨នាក់ ដែលចាញ់បោកគេនៅអារ៉ាប់ប៊ីសាអីឌីត មានសុវត្ថិភាពហើយ
19, Apr 2024 , 9:28 am        
រូបភាព
ពលករខ្មែរចាញ់បោកគេនៅអារ៉ាប់ប៊ីសាអូឌីត។ រូបពី គណនីហ្វេសប៊ុក លោក កត្តា អ៊ន
ពលករខ្មែរចាញ់បោកគេនៅអារ៉ាប់ប៊ីសាអូឌីត។ រូបពី គណនីហ្វេសប៊ុក លោក កត្តា អ៊ន
ភ្នំពេញ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា មន្ត្រីទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត បានចុះទៅជួយពលរដ្ឋខ្មែរចំនួន៧៨នាក់ហើយ ក្រោយពួកគេបានស្នើសុំអន្តរាគមន៍ តាមបណ្ដាញសង្គម។
 
តាមព័ត៌មានបឋមពីក្រសួងការងារ មានប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយស្នើសុំឱ្យមានការអន្តរាគមន៍ តាមបណ្ដាញសង្គម។ ក្រោយទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានអន្តរាគមន៍ និងរកឃើញទីតាំងរបស់ពួកគេទាំងអស់ហើយ។
 
ករណីនេះ លោក កត្តា អ៊ន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមទាំងយប់ថ្ងៃទី១៨ មេសា ថា៖ «ពលករទាំង៧៨នាក់ កំពុងមានសុវត្ថិភាព ហើយយើងនឹងចាប់ផ្ដើមបញ្ជូនពួកគាត់មកកម្ពុជាវិញ នៅថ្ងៃទី១៩ ២០ និង២១ មេសាខាងមុខនេះ»។ 
 
ប្រជាពលរដ្ឋទាំង៧៨នាក់នេះ មានចំនួន៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah, ចំនួន១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះបើតាមក្រសួងការងារ។ 
 
បើតាមក្រសួងការងារ ពេលនេះពលករទាំងនោះ កំពុងស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះរបស់មន្ត្រីទូតកម្ពុជា។ 
 
ជុំវិញការស្នើសុំអន្តរាគមន៍តាមបណ្ដាញសង្គមនេះ លោក កត្តា អ៊ន អះអាងថា មន្ត្រីជំនាញបានទទួលការស្នើសុំពីប្រភពផ្សេងៗទៀត ដោយសារពលករធ្វើការនៅអារ៉ាប៊ីសាអូឌីតចាញ់បោកគេទីតាំងផ្សេងគ្នា។ សូមជម្រាបថា គណនីហ្វេសប៊ុកឈ្មោះ Ry Single បានចេញផ្សាយវីដេអូស្នើសុំអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ដោយសារមានការឃុំឃាំងពួកគេ៕

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com