អន្តរជាតិ
ប្រមុខការទូតចិនប្តេជ្ញាជាមួយអាស៊ានធានាសន្តិភាពលើសមុទ្រចិនខាងត្បូង
19, Apr 2024 , 11:39 am        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) ជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រីRetno Marsudi នៅថ្ងៃទី១៨ ខែមេសា។ រូបភាព AFP
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) ជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រីRetno Marsudi នៅថ្ងៃទី១៨ ខែមេសា។ រូបភាព AFP
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី១៨ ខែមេសា បានប្តេជ្ញាបន្តធ្វើការជាមួយបណ្តាប្រទេសអាស៊ាន និងគោរពសេចក្តីប្រកាសពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដើម្បីធានាសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅដែនសមុទ្រមួយនេះ។ ការប្រកាសរបស់លោកវ៉ាង ធ្វើឡើងស្របពេលក្រុងប៉េកាំង និងក្រុងម៉ានីល កំពុងតែមានភាពតានតឹងខ្លាំង នៅក្នុងសមុទ្រចិនខាងត្បូង។


ជាបញ្ហាដ៏ចាស់ ហើយថែមទាំងស្មុគស្មាញ សមុទ្រចិនខាងត្បូង បានកើនកម្តៅជាថ្មីរវាងក្រុងប៉េកាំង និងម៉ានីល ពាក់ព័ន្ធនឹងនាវាចាស់មួយគ្រឿងរបស់ហ្វីលីពីន នៅក្នុងដែនសមុទ្រមួយនេះ។ នាវាចិន បានបាញ់ទឹកដាក់ទូកហ្វីលីពីន ដើម្បីរារាំងបេសកកម្មដឹកជញ្ជូនស្បៀងអាហារទៅនាវាចាស់នៅតំបន់ Second Thomas Shoal។
 
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីក្នុងថ្ងៃទី១៨ ខែមេសា លោកវ៉ាង យី នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសរបស់បក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានប្តេជ្ញាជាថ្មី ធ្វើការជាមួយអាស៊ាន ដើម្បីថែរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះជាច្រើនទសវត្សរ៍មកហើយ។
 
«ចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីក្នុងសមុទ្រចិនខាងត្បូង និងពន្លឿនការចរចាក្រមប្រតិបត្តិ ដើម្បីធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាសមុទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការ»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីលោកវ៉ាងបែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។
 
លោកវ៉ាង បានបន្តថា ក្រុងប៉េកាំងមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រុងហ្សាការតា ក្នុងការលើកតម្កើងការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-ចិន, ថែរក្សាសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង, ពង្រឹងអភិបាលកិច្ចថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងគាំទ្រសណ្តាប់ធ្នាប់ពិភពលោកបែបពហុភាគី និងភាពយុត្តិធម៌អន្តរជាតិ។ 
 
ជាការឆ្លើយតប លោកស្រីMarsudi បានប្តេជ្ញាគោរពគោលការណ៍ចិនតែមួយ និងមានចំណងទំនាក់ទំនងក្នុងការអភិវឌ្ឍដ៏សំខាន់ជាមួយចិន។ បើតាមប្រមុខការទូតឥណ្ឌូណេស៊ី ចិនជាដៃគូពាណិជ្ជកម្មដ៏ធំ និងជាប្រភពវិនិយោគដ៏សំខាន់លំដាប់ទីពីរ រួមទាំងជាដៃគូដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាព។ 
 
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោកវ៉ាង បានជួបជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោកប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោកវ៉ាង ត្រូវទៅប៉ាពូអាស៊ីនូវែលហ្គីណេ និងកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងចូលរួមកិច្ចប្រជុំផ្សេងៗ៕

Tag:
 ចិន
  អាស៊ាន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com