កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup ប្តូររូមមន្តប្រកួតថ្មីចាប់ពីរដូវកាលក្រោយ ធ្វើឱ្យអ្នកគាំទ្រ និងក្លិបមិនពេញចិត្ត
19, Apr 2024 , 4:29 pm        
រូបភាព
មិនមានការប្រកួតឡើងវិញឡើយ ក្នុងពានរង្វាន់ FA Cup ចាប់ពីរដូវកាល ២០២៤-២៥ តទៅ ដោយក្រុមទាំងអស់ត្រូវប្រកួតគ្នារកឈ្នះចាញ់តែមួយជើងប៉ុណ្ណោះ ចាប់ពីជុំទី១។ ការផ្លាស់ប្តូរទម្រង់ថ្មីនេះ ធ្វើឡើងក្រោយមានការព្រមព្រៀងគ្នារវាង សហព័ន្ធបាល់ទាត់អង់គ្លេស (FA) និង Premier League ក្នុងគោលបំណងពង្រឹងសមត្ថភាពការប្រកួតប្រជែងក្នុងស្រុក។ នេះបើតាមការប្រកាសរបស់ FA។


ខុសប្លែកពីការប្រកួតមុនៗ ដែលធ្វើនៅតាមចន្លោះនៃសប្តាហ៍នីមួយៗ FA Cup នឹងត្រូវប្តូរទៅប្រកួតរៀងរាល់ថ្ងៃចុងសប្តាហ៍វិញចាប់ពីរដូវកាលក្រោយ ចាប់ពីជុំទី១ ដល់ទី៥ និងវគ្គ ៨ក្រុមចុងក្រោយ។ កន្លងមក ការប្រកួតដែលបញ្ចប់លទ្ធផលស្មើ នឹងត្រូវមានការប្រកួតលើកទី២ ដើម្បីកាត់ក្តីឈ្នះ​ចាញ់ ប៉ុន្តែចាប់ពីរដូវកាលក្រោយក្រោយបញ្ចប់លទ្ធផលស្មើនៅម៉ោង៩០នាទី ត្រូវបន្តទៅកាត់ក្តីប៉េណាល់ទីតែម្តង។
 
«រូបមន្តការប្រកួតបច្ចុប្បន្ន ដែលគ្មានការប្រកួតឡើងវិញចាប់ពីជុំទី៥ កំពុងតែបន្តពង្រីកការប្រកួតប្រជែងដ៏ត្រឹមត្រូវមួយ។ នៅពេលដែល FA Cup មានការប្រកួតនោះនឹងគ្មានការប្រកួតរបស់ ​Premier League ធ្វើចំថ្ងៃជាមួយគ្នាឡើយ។»។ នេះបើតាមសេចក្តីប្រកាសរបស់ FA។
 
ការសម្រាកពាក់កណ្តាលរដូវកាលក៏ត្រូវបានដកចេញពីប្រតិទិនផងដែរ ដើម្បីអនុញ្ញាតឱ្យ Premier League ចាប់ផ្តើមការប្រកួតឡើងវិញនៅពាក់កណ្តាលខែសីហា និងផ្តល់ការសម្រាកបិទរដូវកាលបានយូរជាងសព្វដង។
 
ការផ្លាស់ប្តូររូបមន្តប្រកួតថ្មីទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងជាពិសេសក្លិបមួយចំនួនដែលស្ថិតនៅលីគលំដាប់ទាប។ អ្នកអត្ថាធិប្បាយមួយចំនួនក៏បានលើកឡើងថា ការផ្លាស់ប្តូរធ្វើឱ្យការប្រកួតពានរង្វាន់មានវ័យចំណាស់របស់អង់គ្លេសមួយអស់តម្លៃ។
 
កាលពីមុន FA Cup បានក្លាយជាឃ្លាំងហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់ក្លិបតូចៗ ក្នុងការស្វែងរកប្រាក់ចំណូលពីការប្រកួត ជាពិសេសនៅពេលដែលពួកគេបានប្រកួតស្មើ ហើយ ទទួលបានការប្រកួតឡើងវិញ ដែលជាផលចំណេញពីសិទ្ធិនៃការផ្សាយ ក៏ដូចជាការលក់សំបុត្រនានា។ ការលុបចោលការប្រកួតឡើងវិញតាំងពីជុំទី១ នឹងធ្វើឱ្យក្លិបតូចៗបាត់បង់ប្រភពចំណូលមួយផ្នែកសម្រាប់ការអភិវឌ្ឍក្លិបពួកគេ។
 
បើតាមសម្តីរបស់លោក Mark Bullingham នាយកប្រតិបត្តិ FA កិច្ចព្រមព្រៀងរវាង FA និង Premier League នឹងជួយធ្វើពានរង្វាន់ FA Cup ក្លាយជាពានរង្វាន់ដ៏ពិសេសមួយដែលមានការប្រកួតស្ថិតក្នុងថ្ងៃចុងសប្តាហ៍ដើម្បីជួយបន្ថែមប្រតិទិនការប្រកួតឱ្យកាន់តែទាក់ទាញ និងប្រកួតមមាញឹកជាងមុន។
 
យ៉ាងណាក៏ដោយ ស្ថាប័ន EFL ដែលមានលោក Trevor Birch ជាប្រធាន បាននិយាយថាការផ្លាស់ប្តូររូបមន្តរបស់ ​FA Cup ធ្វើឱ្យមានការខកចិត្ត និងអាម៉ាស់បំផុត។ ក្លិបមកពីលីគ League 2 របស់អង់គ្លេស Tranmere Rovers ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថ្កោលទោសចំពោះការផ្លាស់ប្តូរមួយនេះ ចំណែកក្លិប Grimsby Town បានលើកឡើងថា នេះជាការធ្វើឱ្យបាត់បង់ភាពអស្ចារ្យនៃពានរង្វាន់ FA Cup៕

Tag:
 FA Cup
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com