កីឡាជាតិ
ជាតិ
១៣ប្រភេទកីឡា នឹងដាក់ឱ្យប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យ លើកទី៣
20, Apr 2024 , 9:00 am        
រូបភាព
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រូបពីអគ្គនាយកដ្ឋានកីឡា
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រូបពីអគ្គនាយកដ្ឋានកីឡា
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៤ ដោយដាក់ កីឡា១៣ប្រភេទ ដូចជា បាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, ហែលទឹក​, តេក្វាន់ដូ ITF, តេក្វាន់ដូ WT, ប៉េតង់, ការ៉ាតេ, សីដក់ និងគុនដាវ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ ប្រាប់ពីមូលហេតុ ដែលមិនទាន់មានកីឡាអត្ដសញ្ញាណជាតិក្នុងការប្រកួតនេះ ព្រោះក្រសួង ត្រូវរៀបចំកីឡាណា ដែលមាននៅក្នុងព្រឹត្តិការណ៍ Asean University Games។
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស (University Games) ឆ្នាំ២០២៤ លើកទី៣ ឆ្នាំ២០២៤ ដែលធ្វើរៀងរាល់ ២ឆ្នាំម្ដង នឹងត្រូវប្រព្រឹត្តចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រំពឹងថាព្រឹត្តិការណ៍នេះ អាចមានអ្នកចូលរួម ឈានទៅដល់ជាង ២ពាន់នាក់ ដែលជាចំនួនច្រើនជាងឆ្នាំ២០២២ មាន១៩០០នាក់។ ប្រធាននាយកដ្ឋានរូបនេះ មើលឃើញបណ្ដាសាលា និងគ្រឹះស្ថានអប់រំទាំងនោះ បានបណ្ដុះសកម្មភាពកីឡាយ៉ាងសកម្ម ទៅដល់សិស្សានុសិស្ស។
 
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់១៣ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ លើកទី៣នេះ។ កីឡាទាំងនោះមាន៖ បាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, ហែលទឹក, តេក្វាន់ដូ ITF, តេក្វាន់ដូ WT, ប៉េតង់, ការ៉ាតេ, សីដក់ និងគុនដាវ។ 
 
ដោយឡែក កីឡាអត្ដសញ្ញាណជាតិ ដូចជាល្បុក្កតោ និងអុកចត្រង្គ មិនត្រូវបានដាក់ឲ្យចូលរួមប្រកួតទេ ប៉ុន្ដែតាមការបញ្ជាក់របស់លោក ហួត សេងទ្រី ក្រសួងអប់រំ យុវជន និងកីឡា កំពុងព្យាយាមដាក់បញ្ចូល។ ប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់បន្ថែមថា ក្រសួង បានដាក់វិញ្ញាសាកីឡា ដែលមានក្នុងការប្រកួត Asean University Games ព្រោះជាការត្រៀមលក្ខណៈ។
 
«ពាក់ព័ន្ធជាមួយនិងការប្រកួតកីឡាសកលវិទ្យាល័យនេះ គឺយើងចង់សម្ដៅប្រភេទកីឡាដែលលេងនៅក្នុង World University Games ឬ Asean University Games។ អ៊ីចឹង World University Games ឬ Asean University Games មិនទាន់មានកីឡាអត្ដសញ្ញាណរបស់យើងទេ។ កីឡាអត្ដញ្ញាណ យើងដាក់ក្នុងកីឡាជាតិរបស់យើង។ យើង នឹងព្យាយាមបញ្ចូលកីឡាអត្ដសញ្ញាណតាមលទ្ធភាព និងថវិការរបស់យើង។ យើង នឹងព្យាយាមបញ្ចូលម្ដង១ៗ។ យើង សង្ឃឹមថាការប្រកួតលើកក្រោយ នឹងមានល្បុក្កតោ។»។ លោក ហួត សេងទ្រី បាននិយាយដូច្នេះ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើចំនួន ២លើករួចមកហើយ គឺលើកទី១ ឆ្នាំ២០១៨ និងលើកទី២ ឆ្នាំ២០២២ មានអ្នកចូលរួមរហូតដល់ ១៩០០នាក់៕

Tag:
 (ហួត សេងទ្រី
  កីឡាសកលវិទ្យាល័យ)
© រក្សាសិទ្ធិដោយ thmeythmey.com