ជាតិ
សេដ្ឋកិច្ច
ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម កើនឡើង១៣ភាគរយ នៅត្រីមាសទី១
19, Apr 2024 , 8:19 pm        
រូបភាព
ការប្រមូលផលគ្រាប់ស្វាយចន្ទី របស់កសិករខ្មែរ។ រូបភាព៖ ក្រសួងកសិកម្ម
ការប្រមូលផលគ្រាប់ស្វាយចន្ទី របស់កសិករខ្មែរ។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ នៅត្រីមាសទី១ឆ្នាំ២០២៤នេះ វៀតណាម បានបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ចំនួន៤២,៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់ ប្រមាណ៥៤៣លានដុល្លារ។ ​បរិមាណនៃការនាំចេញនេះ កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។


ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) លោក អួន ស៊ីឡុត បានបញ្ជាក់ថា ចា​ប់ពីខែមករា ដល់មីនា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន៤៧,៤ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាម ក្នុងទំហំ៤២,៤ម៉ឺនតោន ឬស្មើទឹកប្រាក់៥៤៣លានដុល្លារ កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
 
ការកើនឡើងនេះ កើតចេញពីសមាជិកសមាគម នាំគ្នាហាលគ្រាប់ស្វាយចន្ទីទុកតាមការអំពាវនាវរបស់ ស.ស.ក ក្នុងគ្រាដែលតម្លៃស្វាយចន្ទីធ្លាក់ចុះខ្លាំង នៅចន្លោះពីខែកុម្ភៈ និងដើមខែមីនា។ ហេតុនេះ បានធ្វើឱ្យលំហូរគ្រាប់ឆៅនៅលើទីផ្សារវៀតណាមធ្លាក់ចុះរហូត៣២ភាគរយ។ លុះមកដល់ពាក់កណ្តាលខែមីនា ទើបតម្លៃគ្រាប់ឆៅងើបឡើងវិញ។
 
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«ការឡើងនេះ ដោយសារសមាជិកសមាគម បាននាំគ្នាហាលទុកតាមការអំពាវនាវរបស់ ស.ស.ក ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ និងដើមខែមីនា ធ្វើឲ្យលំហូរគ្រាប់ឆៅស្រស់ថយចុះយ៉ាងខ្លាំងលើទីផ្សារ។ ការនាំចេញទៅវៀតណាម នាខែកុម្ភៈធ្លាក់ចុះរហូត៣២ភាគរយ និងបន្តធ្លាក់ចុះនៅខែមីនាទៀត ធ្វើឲ្យតម្លៃគ្រាប់ឆៅហើបឡើងវិញនៅពាក់កណ្តាលខែមីនា»។
 
បើតាមប្រធានសមាគមស្វាយចន្ទីរូបនេះ បច្ចុប្បន្ន បណ្តាប្រទេសផលិតគ្រាប់ចន្ទីធំៗនៅតំបន់អាហ្វ្រិក ពិសេសកូតឌីវ័រ និងហ្គាណា កំពុងរងការខូចខាតខ្លាំងដោយសារវិបត្តិអាកាសធាតុ ហើយប្រទេសខ្លះ បានដាំដុះតាមយថាផល ខណៈតម្លៃលក់ចេញក៏បានថោក។ ក្នុងបរិបទដែលស្វាយចន្ទីនៅអាហ្រិ្វកធ្លាក់ចុះនេះ លោក អួន ស៊ីឡុត រំពឹងថា តម្លៃនៅកម្ពុជា អាច​នឹងមានភាពប្រសើរឡើងវិញ ហើយកសិករដែលហាលគ្រាប់ទុកកាលពីដើមឆ្នាំ ទំនងអាចលក់បានតម្លៃល្អ។ 
 
នៅក្នុងខែមេសានេះ គ្រាប់ស្វាយចន្ទីសើមមានតម្លៃ៥០០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ។ ចំណែក គ្រាប់ឆៅវិញ មានតម្លៃមធ្យមគ្រាប់១២០០ដុល្លារ ក្នុងមួយតោន៕ 

Tag:
 ស្វាយចន្ទី
  សមាគមស្វាយចន្ទីកម្ពុជា
  អួន ស៊ីឡុត
© រក្សាសិទ្ធិដោយ thmeythmey.com