កីឡាអន្តរជាតិ
អន្តរជាតិ
Alonso បំបែកកំណត់ត្រាលោក Conte ដែលគ្មាននរណាគិតថានឹងមានអ្នកធ្វើបាន
19, Apr 2024 , 5:39 pm        
រូបភាព
លោក Xabi Alonso អ្នកាត់ការក្រុម Bayer Leverkusen បំបែកកំណត់ត្រាដែលកាន់កាប់ ១២ឆ្នាំរបស់លោក Antonio Conte ដែលធ្លាប់ដឹកនាំ Juventus មិនចាញ់សោះចំនួន៤៣ប្រកួត រដូវកាល ២០១១-១២។ កំណត់ត្រាថ្មី កើតឡើងបន្ទាប់ពី Leverkusen ទម្លាក់​ West Ham United ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League។


Leverkusen ស្មើ West Ham លទ្ធផល ១-១ នៅជំនួនជើងទី២ វគ្គ៨ក្រុមចុងក្រោយ ក្នុងកីឡដ្ឋាន London ដើម្បីឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយលទ្ធផលសរុបទាំង ២ជើង ៣-១។ 
 
បន្ទាប់ពីឆ្លងផុតវគ្គ ៨ក្រុមរួចមក ក្រុមម្ចាស់ពានក្របខណ្ឌ Bundesliga ដែលដឹកនាំដោយលោក Alonso នឹងត្រូវបន្តដំណើរទៅប៉ះក្រុម AS Roma នៅវគ្គ ១/២ ផ្តាច់ព្រ័ត្របន្តទៀត។
Leverkusen បានបញ្ចប់ដំណើរឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ ១១រដូវកាលជាប់គ្នារបស់ក្រុម Bayern Munich ក្រោយសប្តាហ៍មុនពួកគេបានបំបាក់ក្រុម Werder Bremen លទ្ធផល ៥-០។
 
ឈ្នះ Bundesliga លើកដំបូងLeverkusen ប្រើពេល ១២០ឆ្នាំ ដើម្បីសម្រេចក្តីស្រម៉ៃជាប្រវត្តិសាស្ត្របស់ខ្លួន។ បន្ទាប់ពីពានលីគកំពូលអាល្លឺម៉ង់ ក្រុមស្ថិតក្រោមការដឹកនាំរបស់ Alonso កំពុងសម្លឹងការប្រជែងពាន ៣ ក្នុងរដូវកាល ក្នុងមាន Europa League និង German Cup។
 
ត្រឡប់មកការប្រកួត Europa League ក្រោយបំបាក់ក្រុម West Ham រួចមក Leverkusen ក៏បានបំបែកកំណត់ត្រាដ៏ពិសេសមួយ ព្រមទាំងបន្តកំណត់ត្រារបស់ខ្លួននៅក្នុងបាល់ទាត់តំបន់អឺរ៉ុបថែមទៀត។ ក្រុមរបស់លោក Xabi Alonso ឆ្លងកាត់ការប្រកួតចំនួន ៤៤លើកមិនដែលចាញ់ ដោយក្លាយជាក្រុមដំបូងគេបង្អស់ដែលមានកំណត់ត្រាមួយនេះប្រចាំលីគកំពូលអឺរ៉ុបទាំង ៥។
 
Leverkusen បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយក្រុម Juventus ដែលប្រកួតចំនួន ៤៣លើកមិនដែលចាញ់ កាលនោះស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte ចន្លោះពីខែឧសភា ឆ្នាំ ២០១១ ដល់ខែឧសភា ឆ្នាំ ២០១២។ ការចាញ់លើកចុងក្រោយរបស់ Leverkusen មកដល់ពេលនេះមានរយៈពេល ៣២៨ថ្ងៃ ដោយនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ពេលដែលពួកគេចាញ់ក្រុម VfL Bochum លទ្ធផល ៣-០ ថ្ងៃប្រកួតចុងក្រោយរបស់ Bundesliga៕

Tag:
 Xabi Alonso
© រក្សាសិទ្ធិដោយ thmeythmey.com