ជាតិ
ពុលនំបញ្ចុកនៅក្រចេះ បណ្ដាលឱ្យមនុស្ស១៦នាក់ ធ្លាក់ខ្លួនឈឺបញ្ជូនទៅមន្ទីរពេទ្យ 20, Apr 2024 , 2:00 pm
រូបភាពោ អ្នករងគ្រោះដោយសារពុលនំបញ្ចុក សម្រាកនៅមន្ទីរពេទ្យ។ រូបភាពពីរដ្ឋបាលខេត្តក្រចេះ
× មនុស្ស១៦នាក់ បានធ្លាក់ខ្លួនឈឺ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរ ខេត្តក្រចេះ ក្រោយបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ។ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ករណីនេះ មិនបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតទេ។
កាលពីថ្ងៃទី១៨ មេសា មានករណីពុលនំបញ្ចុក នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានមនុស្ស១៦នាក់បានពុល ក្នុងនោះ មានស្រី១០ នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ករណីពុលនំបញ្ចុក បានធ្វើឱ្យពលរដ្ឋខ្លះឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ ហើយក៏អ្នករងគ្រោះខ្លះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកសំបូរ ផងដែរ។
ក្រោយមានករណីពុលនំបញ្ចុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអាជ្ញាធរមូលដ្ឋាន បានចុះអង្កេតស្រាវជ្រាវ និងអន្តរាគមន៍។ តាមការសន្និដ្ឋានបឋមរបស់ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ករណីនេះ គឺបណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ។
ទន្ទឹមនឹងនេះ លោកមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានអំពាវនាវដល់ពលរដ្ឋរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com