ជាតិ
សម្ដេច ហ៊ុន ម៉ាណែត យកខេត្តសៀមរាប និងកំពង់ចាម ធ្វើ«មន្ទីរពេទ្យតំបន់»ទំនើប 20, Apr 2024 , 5:20 pm
× សៀមរាប៖ ខេត្តសៀមរាប និងកំពង់ចាម នឹងមានមន្ទីរពេទ្យតំបន់ធំៗ ដែលមានគ្រូពេទ្យជំនាញ សម្ភារៈវេជ្ជសាស្រ្តទំនើប និងការព្យាបាលជំងឺធ្ងន់ៗ។ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ដោយមានបញ្ជាក់ថា មន្ទីរពេទ្យតំបន់ក្នុងខេត្តទាំងពីរនេះ នឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១៤១លានដុល្លារ ក្រោមកម្ចីពីរដ្ឋាភិបាលប្រទេសជប៉ុន។
« ពេទ្យតំបន់ អាចព្យាបាលអ្នកជំងឺមកពីខេត្តជិតៗគ្នា ដោយមិនចាំបាច់នាំអ្នកជំងឺទៅភ្នំពេញ។ ពេទ្យតំបន់ នឹងអាចវះកាត់ជំងឺធំៗ និងកាត់បន្ថយអ្នកស្លាប់»។ សម្ដេច ហ៊ុន ម៉ាណែត បាននិយាយដូច្នេះ ក្នុងពិធីសម្ពោធមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកសៀមរាប ដែលជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាលត្រូវបង្កើនការបណ្ដុះបណ្ដាលគ្រូពេទ្យ ដើម្បីបំពេញបន្ថែមតម្រូវការគ្រូពេទ្យ ក្រោយពេលសាងសង់មន្ទីរពេទ្យទំនើបនៅតាមខេត្តសៀមរាប និងកំពង់ចាម រួចរាល់។ បើតាម សម្ដេច ហ៊ុន ម៉ាណែត ការធ្វើបែបនេះ គឺដើម្បីចៀសវាងសាងសង់មន្ទីរពេទ្យរួចរាល់ហើយ តែបែរជាជួបបញ្ហាកង្វះក្រុមគ្រូពេទ្យទៅវិញ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ពេទ្យតំបន់ អាចវះកាត់ជំងឺបេះដូង ជំងឺមហារីក។ ព្យាបាលវះកាត់ និងប្រើប្រាស់ថ្នាំគីមី នឹងអាចព្យាបាលនៅត្រឹមពេទ្យតំបន់។ ពេទ្យតំបន់ នឹងទំនើបដូចពេទ្យធំៗនៅរាជធានីភ្នំពេញ។»
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាពេទ្យតំបន់មួយ ដែលជួយផ្ដល់សេវាព្យាបាលកម្រិតខ្ពស់ ដូចមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងជួយព្យាបាលជំងឺធ្ងន់ៗ ការវះកាត់សំខាន់ៗ ដល់ពលរដ្ឋ ដែលនៅខេត្តសៀមរាប និងនៅខេត្តជុំវិញ៕
Tag:
(សម្ដេច ហ៊ុន ម៉ាណែត
ពេទ្យតំបន់)
© រក្សាសិទ្ធិដោយ thmeythmey.com