ជាតិ
វីដេអូ
វិទ្យុកាស៊ែតចាស់ៗជិត១០គ្រឿង ក្លាយជាវត្ថុលម្អហាងកាហ្វេ 20, Apr 2024 , 7:00 pm
រូបភាពវត្ថុបុរាណសប្ដាហ៍ទី15
× វិទ្យុចាស់ៗជិត១០គ្រឿង ត្រូវបានគេដាក់តាំងលម្អ នៅជាន់លើនៃសាខាហាងកាហ្វេ TEMPLE នៃវិថីឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ វិទ្យុទាំងអស់នោះ ត្រូវបានផលិតក្នុងទសវត្សរ៍១៩៨០ និងទសវត្សរ៍១៩៩០។ ស្ទើរតែទាំងអស់មានពណ៌ខ្មៅ និងពណ៌ប្រផេះ និងពណ៌ក្រហម មានតែ១គ្រឿងប៉ុណ្ណោះ។ មានម៉ាកផ្សេងៗ ជាពិសេសម៉ាកជប៉ុន ឧទាហរណ៍ដូច SHARP។ ភាគច្រើនគឺជាវិទ្យុឌុបកាស៊ែត។ មានន័យថា ជាប្រដាប់ស្ដាប់វិទ្យុផង និងម៉ាញ៉េដាក់កាស៊ែត២ផង។ វិទ្យុកាស៊ែតធម្មតាក៏មាន វិទ្យុសុទ្ធក៏មាន វិទ្យុស៊ីឌីក៏មានដែរ។ ប៉ុន្តែគ្មានម៉ាញ៉េសុទ្ធទេ។ ដោយសារមានប្រភេទផ្សេងៗដូចនេះ វាមានរាងតូចធំ វែងខ្លីតាមប្រភេទហ្នឹងហើយ។ ទាំងអស់នៅក្នុងសភាពចាស់។ ខ្លះមិនត្រូវបានសំអាត ដែលធ្វើឱ្យនៅតែមានធូលីដីក្នុងជ្រុង ដើម្បីបង្ហាញអំពីអាយុកាលរបស់វា។ ប្រហែលជាក្បាលកាស៊ែត និងក្បាលស៊ីឌីលែងដើរហើយ។ ក៏ប៉ុន្តែប្រហែលជានៅតែអាចស្ដាប់វិទ្យុបាន មិនថារលកធាតុអាកាស FM ឬ AM ពីព្រោះវាមិនងាយខូចទេ។
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
កាលពីបុរាណកាល មនុស្សប្រើសំឡេងខ្លួនឯង ឬគោះវត្ថុ បង្កើតជាភ្លេង ដោយការទាក់ដៃ គោះថ្ម ឬឈើ។ ឆ្នាំ១៨៥៧ នៅប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បានបង្កើតម៉ាស៊ីនថតសំឡេងមុនគេបង្អស់។ ឆ្នាំ១៨៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់សំឡេងមុនគេទាំងអស់។ ឆ្នាំ១៨៩៦ នៅប្រទេសអ៊ីតាលី លោក MARCONI Guglielmo បង្កើតប្រដាប់មួយសម្រាប់ទទួលសំឡេង នៃវិទ្យុគមនាគមន៍។ ដើម្បីផ្ទុកសំឡេង រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធថាស៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍១៩៨០។
ឆ្នាំ១៩៦៣ ក្រុមហ៊ុនអឺរ៉ុប PHILIPS បង្កើតកាស៊ែត។ កាលពីដំបូង មិនទាន់មានម៉ាញ៉េ ដើម្បីថតសំឡេងក្នុងកាស៊ែតទេ មានតែដើម្បីស្ដាប់ប៉ុណ្ណោះ។ បង្កើតម៉ាញ៉េហើយ គេផ្គុំម៉ាញ៉េ និងវិទ្យុជាមួយគ្នា ធ្វើជាវត្ថុតែមួយ។ នៅប្រទេសខ្មែរ នៅតែមានលោកអាចារ្យវ័យចំណាស់មួយចំនួន ដែលបន្តប្រើកាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន PHILIPS រួមជាមួយក្រុមហ៊ុនជប៉ុន SONY ដែលជាអ្នកបង្កើតត្រឹមឆ្នាំ១៩៧៩។ វាពេញនិយម នាទសវត្សរ៍១៩៩០ និង២០០០។ នាពេលបច្ចុប្បន្ន គេបែរទៅលែងប្រើវត្ថុផ្ទុកសំឡេងតែម្ដង វាក្លាយទៅជាទិន្នន័យសុទ្ធ។
ពាក្យ កាស៊ែត ជាពាក្យកម្ចីពីភាសាបារាំង cassette ។ ពាក្យ ស៊ីឌី ជាពាក្យកម្ចីពីភាសាអង់គ្លេស និងបារាំង Compact Disc (Compact Disque) ដែលមានន័យថា ថាសណែន ព្រោះជាឌីស ដែលផ្ទុកទិន្នន័យច្រើន (៦៥០ Mo)។
ហាង TEMPLE ជាអាហារដ្ឋាន ហាងកាហ្វេ និងឌីស្កូទែក ដែលតុបតែងជាមួយវត្ថុបុរាណ។ Temple គឺជាពាក្យបារាំង ដែលបកប្រែជាភាសាខ្មែរថា ប្រាសាទ។ ពីដំបូងត្រូវបានបង្កើតយីហោនេះ នៅក្រុងសៀមរាប ពីព្រោះវត្ថុបុរាណសមនឹងប្រាសាទបុរាណ ដែលមានចំនួន២០០ នៅឯអង្គរ។ ហើយតាំងពីជំងឺកូវីដបានផ្ទុះឡើង ក៏មានហាង TEMPLE នៅរាជធានីភ្នំពេញដែរ៕
Tag:
វិទ្យុ
ម៉ាញ៉េ
កាសែត
ស៊ីឌី
សម្ភារចាស់ៗ
ឧបករណ៍អេឡិចត្រូនិកចាស់ៗ
© រក្សាសិទ្ធិដោយ thmeythmey.com