ជាតិ
រដ្ឋ បន្ថែមថវិកា១៧០លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក
20, Apr 2024 , 7:40 pm        
រូបភាព
សៀមរាប៖ រដ្ឋាភិបាលសម្រេចបន្ថែមថវិកាប្រមាណ១៧០លានដុល្លារ ដើម្បីពង្រឹងគុណភាពព្យាបាលជំងឺនៅតាមមណ្ឌលសុខភាពទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤តទៅ។ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាល នឹងផ្តោតលើការលើកកម្ពស់គុណភាព សេវាសុខាភិបាល និង ការពង្រឹង សមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយបង្កើនសមត្ថភាពមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក។
« ការពង្រឹងគុណភាពនៅមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក ជាចំណុចសំខាន់ ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។ គ្មានពលរដ្ឋណាម្នាក់ ត្រូវបានទុកចោល ដោយមិនទទួលបានការព្យាបាលនោះឡើយ»។ សម្ដេច ហ៊ុន ម៉ាណែត  បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកសៀមរាប ដែលជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា។ 
 
ការពង្រឹងគុណភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ស្ថិតក្នុងអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានដឹងគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយផ្ដល់ប្រាក់កម្ចី ដើម្បីពង្រឹងគុណភាពសុខាភិបាលថ្នាក់ក្រោមជាតិ នៅកម្ពុជា។ 
 
«ផែនការទី១ គឺពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ឆ្នាំ២០២៤ ដល់២០២៧ ដែលមានថវិកាជាង ១៧០លានដុល្លារ។ ខ្ញុំ បានអនុម័តរួចទៅហើយ។» នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែត។ 
 
លើសពីនះ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខេត្តសៀមរាប និងកំពង់ចាម នឹងមានពេទ្យតំបន់ធំៗ ដែលមានគ្រូពេទ្យជំនាញ សម្ភារៈវេជ្ជសាស្រ្តទំនើប និងការព្យាបាលជំងឺធ្ងន់ៗ។ ពេទ្យតំបន់ក្នុងខេត្តទាំងពីរនេះ នឹងត្រូវចំណាយថវិកាប្រមាណ ១៤១លានដុល្លារ ជាប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន។ 
 
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា​ បន្តរៀបរាប់ថា ៖ «ពេទ្យតំបន់ អាចព្យាបាលអ្នកជំងឺមកពីខេត្តជិតៗគ្នា ដោយមិនចាំបាច់នាំអ្នកជំងឺទៅភ្នំពេញ។ ពេទ្យតំបន់​ នឹងអាចវះកាត់ជំងឺធំៗ និងកាត់បន្ថយអ្នកស្លាប់។» 
 
សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាលត្រូវបង្កើនការបណ្ដុះបណ្ដាលគ្រូពេទ្យ ដើម្បីបំពេញបន្ថែមតម្រូវការគ្រូពេទ្យ ក្រោយពេលសាងសង់មន្ទីរពេទ្យទំនើបនៅតាមខេត្តសៀមរាប និងកំពង់ចាម។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថាការធ្វើបែបនេះ ដើម្បីជៀសវាងសាងសង់មន្ទីរពេទ្យរួចរាល់ បែរជាជួបបញ្ហាកង្វះក្រុមគ្រូពេទ្យ។  
 
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ពេទ្យតំបន់ អាចវះកាត់ជំងឺបេះដូង ជំងឺមហារីក។ ព្យាបាលវះកាត់ និងប្រើប្រាស់ថ្នាំគីមី នឹងអាចព្យាបាលនៅត្រឹមពេទ្យតំបន់។ ពេទ្យតំបន់ នឹងទំនើបដូចពេទ្យធំៗនៅរាជធានីភ្នំពេញ។» 
 
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាពេទ្យតំបន់មួយ ដែលជួយផ្ដល់សេវាព្យាបាលកម្រិតខ្ពស់ ដូចមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងជួយព្យាបាលជំងឺធ្ងន់ៗ ការវះកាត់សំខាន់ៗ ដល់ពលរដ្ឋ ដែលនៅខេត្តសៀមរាប និងនៅខេត្តជុំវិញ៕ 

Tag:
 (ហ៊ុន ម៉ាណែត
  មណ្ឌលសុខភាព)​
© រក្សាសិទ្ធិដោយ thmeythmey.com