ជាតិ
ម៉ាស៊ីន​ថតរូប​ អាយុ១០០ឆ្នាំមួយគ្រឿង ត្រូវបានដាក់តាំងនៅ​មណ្ឌល​បុប្ផាណា
21, Apr 2024 , 9:40 am        
រូបភាព
ភ្នំពេញ៖ មនុស្សម្នាកាន់តែច្រើន បានចាប់អារម្មណ៍វត្ថុប្រើប្រាស់ចាស់ៗ ហើយបានយកវត្ថុបុរាណទាំងនោះតាំងលម្អគេហដ្ឋាន ទីតាំងអាជីវកម្ម ឬបម្រើសកម្មភាពសង្គមរបស់ខ្លួន។មជ្ឈមណ្ឌល​ធនធានសោតទស្ស​បុប្ផាណា ដែល​មាន​សកម្មភាពក្នុងវិស័យ​ភាពយន្ដ ក៏មានដាក់តាំងវត្ថុបុរាណ​ទាក់ទងនឹងការថតរូប និងថតភាពយន្តដែរ។ នៅទីនេះ មាន​ម៉ាស៊ីនថតរូបដ៏​ធំ ១គ្រឿង ផលិត​កាល​ពី​១០០ឆ្នាំ​មុន។ មិន​អាច​កាន់វា​ថត​បាន​ទេ គឺ​ត្រូវ​ដាក់​វា​លើ​ជើងឈើ​​។ មិន​អាច​ប្រើ​វា​បានទេ ពីព្រោះ​សម័យ​បច្ចុប្បន្ន ​គ្មាន​ហ្វីល​ស្តង់ដារ​បុរាណ​នោះ ដែល​ថ្មី​ទៀត​ទេ។ ខាង​ក្នុង ​ច្បាស់​ហើយវា​មាន​ដែក​ និង​កែវ ក៏​ប៉ុន្តែ​ទ្រង់​ទ្រាយ​របស់​វា ​ធ្វើ​អំពី​ឈើ​តែ​ម្ដង​។​​
​សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ ដូចតទៅ៖

 
ពលរដ្ឋ​សញ្ជាតិ​បារាំង​លោក NIÈPCE Nicéphore បាន​បង្កើត​ការ​ថត​រូប​នា​ឆ្នាំ​១៨២៦។ ឆ្នាំ​១៨៦១ គេ​បង្កើត​ការ​ថត​រូបដែលមាន​ពណ៌។ ហើយ​ឆ្នាំ​១៩៦៩​ គេ​បង្កើត​ការថត​រូប​តាម​បច្ចេកទេស​ឌីជីថល ដែល​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។
 
មជ្ឈមណ្ឌលធុនធានសោតទស្ស​បុប្ផាណា មាន​តួនាទី​ប្រមូល​បន្សំ​ទុកធនធាន​សោតទស្ស ពី​សម័យ​មុន និងសម័យបច្ចុប្បន្ន ដែលទាក់ទង​នឹង​ប្រទេស​កម្ពុជា បណ្ដុះបណ្ដាលវិជ្ជាជីវៈ​អំពី​ភាពយន្ដ ផលិត​រឿងកុន​ ហើយ​រៀបចំ​ព្រឹត្តិការណ៍​នានា ដូចជា​តាំងពិព័រណ៍ និង​ផ្សាយ​ខ្សែ​ភាព​យន្ដ។ មណ្ឌល​បុប្ផាណា នៅ​ក្នុង​អគារ​មួយ ស្ថាបនា​ពី៧០ឆ្នាំ​មុន។ វា​ស្ថិត​នៅលេខ៦៤ វិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ ទីតាំងនេះ បើក​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃសុក្រ ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​​១២​ថ្ងៃ​ត្រង់ និង​ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ ថ្ងៃ​សៅរ៍ ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ សាធារណជន អាចចូលទស្សាន​ដោយ​ឥត​គិត​ថ្លៃ៕





Tag:
 ម៉ាស៊ីន​ថតរូប
  វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com