RFI
អន្តរជាតិ
លោកស៊ី ជីនពីងសម្ពោធបង្កើតអង្គភាពទ័ពបច្ចេកវិទ្យា ដើម្បីយកឈ្នះក្នុងសង្រ្គាមសម័យទំនើប 21, Apr 2024 , 10:20 am
លោកស៊ី ជីនពីងសម្ពោធបង្កើតអង្គភាពទ័ពបច្ចេកវិទ្យា ដើម្បីយកឈ្នះក្នុងសង្រ្គាមសម័យទំនើប AP - Li Gang
×
ដោយ៖ ឈាង បុប្ផា/RFI ខេមរភាសា
ចិនបង្កើតកម្លាំងទ័ពបច្ចេកវិទ្យា មិនឲ្យចាញ់ប្រទេសលោកខាងលិច។ កាលពីថ្ងៃសុក្រទី ១៩មេសា លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងនាមជាប្រធានគណៈកម្មការកងទ័ពមជ្ឈិមបក្ស ដែលជាតំណែងដឹកនាំកំពូលនៅ ប្រទេសចិន បានប្រកាសបង្កើតអង្គភាពទ័ពបច្ចេកវិទ្យា នៅក្នុងជួរកងទ័ពចិន។ ស្អាតស្អំ គួរឲ្យទុកចិត្ត និងស្មោះស័គ្រចំពោះបក្សកុម្មុយនិស្តចិន អង្គភាពទ័ពបច្ចេកវិទ្យា ត្រូវចិនបង្កើតឡើងដើម្បីជួយឲ្យចិនយកឈ្នះនៅក្នុងសង្រ្គាមសម័យទំនើប។
នៅក្នុងពិធីសម្ពោធកាលពីថ្ងៃសុក្រ ទី១៩មេសា លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឯកសណ្ឋានបដិវត្តចិនពណ៌កាគី បានប្រកាសបង្កើតអង្គភាពទ័ពបច្ចេកវិទ្យាថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការកសាងកងទ័ពដ៏ខ្លាំងរឹងមាំមួយ។
តាមប្រសាសន៍របស់លោកស៊ី ជីនពីង អង្គភាពទ័ពបច្ចេកវិទ្យា ដែលចិនដាក់ឈ្មោះថា កងកម្លាំងផ្តល់ព័ត៌មាន គឺជាមែកធាងយុទ្ធសាស្រ្តមួយរបស់កងទ័ពចិន ដែលដើរតួសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍគុណភាព និងសមត្ថភាពរបស់កងទ័ពចិន នៅក្នុងសម័យសង្រ្គាមទំនើប។ មាននាទីជាប្រធានគណៈកម្មការកងទ័ពមជ្ឈិមបក្សដែលជាតំណែងដឹកនាំកងទ័ពកំពូលនៅប្រទេសចិន លោកស៊ី ជីនពីងបានបញ្ជាឲ្យអង្គភាពទ័ពបច្ចេកវិទ្យាត្រូវតែគោរព ធ្វើតាមការបញ្ជារបស់បក្ស ស្មោះស្ម័គ្រដាច់ខាត ស្អាតស្អំ និងគួរឲ្យជឿទុកចិត្ត ពឹងអាស្រ័យ។
នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីងតាំងពីឆ្នាំ ២០១៣ ចិនបានធ្វើទំនើបកម្មកងទ័ព ផលិតគ្រឿងសព្វាវុធដ៏ទំនើបអស្ចារ្យ ប្រកបដោយសមត្ថភាពប្រយុទ្ធយ៉ាងខ្លាំងក្លា រហូតធ្វើឲ្យចិនក្លាយជាប្រទេសមហាអំណាចយោធាឈានមុខគេនៅអាស៊ី។ ដោយបង្កើនថវិកាកងទ័ពមិនឈប់ឈរ ប្រមាណ ២៣១ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ពោលគឺកើនឡើង ជាង ៧%បើប្រៀបធៀបនឹងឆ្នាំមុន មហាអំណាចចិនរត់តាមទាន់ និងវ៉ាដាច់គេឯង ឡើងដល់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីអាមេរិកដែលនាំមុខគេក្នុងលោក ក្នុងនាមជាប្រទេសដែលចំណាយច្រើនបំផុតសម្រាប់កងទ័ព ប្រមាណ ៨២៥ពាន់លានដុល្លារ (បីដងនៃថវិកាកងទ័ពចិន)។
ស្ថិតនៅចំណាត់ថ្នាក់លេខពីរ បន្ទាប់ពីអាមេរិក ក្នុងនាមជាប្រទេសដែលមានថវិកាយោធាច្រើនសំបើមមែន ប៉ុន្តែ ចិននៅយឺតយ៉ាវខ្លាំងក្នុងផ្នែកយុទ្ធសាស្រ្តកងទ័ពបច្ចេកវិទ្យា។ នៅក្នុងពិភពលោកមួយដែលសំបូរការវាយប្រហារតាមអ៊ីនធ័រនែត និងដើម្បីត្រៀមទប់ទល់សង្រ្គាមព័ត៌មានវិទ្យា ប្រទេសកាន់តែច្រើនចាប់ផ្តើមសម្រួចសម្រាំង បង្កើតអង្គភាពទ័ពអ៊ីនធ័រនែត។
នៅមុនចិន បារាំងកាលពីឆ្នាំ ២០១៩ ប្រកាសគម្រោងវិនិយោគ ជាង ១៦០០លានអឺរ៉ូសម្រាប់ជំរុញវិស័យការពារព័ត៌មានវិទ្យា យ៉ាងយូរនៅឆ្នាំ ២០២៥។ បារាំងបានដើរតាមក្រោយអង់គ្លេស និងអាមេរិក ដែលបានបំពាក់យុទ្ធសាស្រ្តវាយប្រហារតាមអ៊ីនធ័រនែតឲ្យកងទ័ពរបស់ខ្លួន តាំងពី១៥ឆ្នាំមុន។ ជាក់ស្តែង អង់គ្លេសមានកងទ័ពអ៊ីនធ័រនែត ប្រមាណ ២ពាន់នាក់ ប៉ុន្តែ នៅតិចណាស់បើធៀបនឹងឆ្មាំអ៊ីនធ័រនែតអាមេរិក ដែលមានចំនួន ៧ពាន់នាក់។ ចំនួននេះ នឹងកើនឡើង៣ដង នៅចុងឆ្នាំ ២០២៨។
នៅភាគីចិន គេមិនបានបង្ហាញពីចំនួនកងទ័ពអ៊ីនធ័រនែតចិននិងតួនាទីច្បាស់លាស់របស់អង្គភាពទ័ពបច្ចេកវិទ្យា ដែលលោកប្រធានាធិបតីស៊ី ជីនពីងសម្ពោធបង្កើតកាលពីថ្ងៃសុក្រ។ ប៉ុន្តែ ចង់ ឬមិនចង់ ការបង្កើតកម្លាំងការពារបច្ចេកវិទ្យារបស់ចិនដើម្បីយកឈ្នះនៅក្នុងសង្រ្គាម រឹតតែបង្កើនក្តីបារម្ភរបស់អាមេរិក និងប្រទេសជិតខាងរបស់ចិន ដែលកំពុងមានជម្លោះដើមទឹកដី ដែនសមុទ្រជាមួយចិន ដូចជាជប៉ុន ហ្វីលីពីន វៀតណាម និងចុងក្រោយគឺតៃវ៉ាន់ ដែលចិនធ្លាប់គំរាមយកមកគ្រប់គ្រង ទោះត្រូវប្រើកម្លាំងយោធា៕
© រក្សាសិទ្ធិដោយ thmeythmey.com