ជាតិ
ក្លឹបអ្នកកាសែត៖ ការផ្សាយវីដេអូហិង្សាឃោរឃៅ ប៉ះពាល់ដល់សង្គម និងវិជ្ជាជីវៈសារព័ត៌មាន 21, Apr 2024 , 12:00 pm
× ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (អ.ក.ក) បានសង្កេតឃើញថា មួយរយៈនេះ ការផ្សព្វផ្សាយរូបភាព និងវីដេអូឃោរឃៅលើបណ្ដាញសង្គម មានច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
ក្នុងសេចក្ដីអំពាវនាវរបស់ក្លឹបអ្នកកាសែតកម្ពុជា បានលើកយកការផ្សព្វផ្សាយលើបណ្ដាញសង្គម ករណីវីដេអូឃោរឃៅលើស្រ្តីមួយរូប នៅក្នុងបុរីមួយ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ.ក.ក ចាត់ទុកការផ្សាយបែបនេះ ប្រាស់ចាកយ៉ាងធ្ងន់ធ្ងរពីវិជ្ជាជីវៈសារព័ត៌មាន។
អ.ក.ក អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មាន ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងផ្សព្វផ្សាយ និងបង្ហោះរូបភាព និងវីដេអូ ហិង្សា ឃោរឃៅលើបណ្ដាញសង្គម។ អ្នកសារព័ត៌មាន ត្រូវរួមគ្នាលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ដែលជារនាំងការពារដ៏រឹងមាំសម្រាប់អ្នកសារព័ត៌មាន។
អ.ក.ក សង្ឃឹមថា អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មានទាំងអស់ ទទួលខុសត្រូវខ្ពស់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម ដើម្បីរក្សាតម្លៃ និងសេចក្ដីថ្លៃថ្នូរប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com