ថៃរំពឹងនាំចេញទុរេនចំនួន ១លានតោន គិតជាតម្លៃជាង ៣,៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ ។ បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មលោក Thammanat Prompao ភាគច្រើនទុរេនថៃត្រូវបាននាំចេញទៅចិន។
ថៃជាប្រទេសនាំចេញទុរេនដ៏ធំមួយទៅបរទេស ជាពិសេសទីផ្សារចិន។ ក្នុងថ្ងៃទី២០ ខែមេសា រដ្ឋមន្រ្តីកសិកម្មថៃលោក Thammanat Prompao បានណែនាំក្រុមប្រឹក្សាផ្លែឈើឱ្យជួបជាមួយកសិករទុរេន ឈ្មួយកណ្តាល និងអ្នកកាត់ផ្លែធុរេន អាជីវករ និងប្រតិបត្តិកររោងចក្រវេចខ្ចប់ អ្នកនាំចេញ ដើម្បីនាំចេញទុរេនបំពេញតាមស្តង់ដារគុណភាព និងតម្រូវការ GAP របស់ចិន។
លោក Thammanat បានបញ្ជាក់ថា លោកបានណែនាំឲ្យក្រសួងកសិកម្មពង្រឹងការគ្រប់គ្រងគុណភាព និងចេញវិញ្ញាបនបត្រដាច់ដោយឡែកដល់អ្នកពាក់ព័ន្ធក្នុងការនាំចេញទុរេនទៅកាន់ចិន រួមទាំងកសិករ រោងចក្រវេចខ្ចប់ និងអ្នកនាំចេញតាមតម្រូវការ។
លើសពីនេះ រដ្ឋមន្រ្តីកសិកម្មរូបនេះស្នើឱ្យរកវិធីកាត់បន្ថយថ្លៃជី និងថ្នាំសម្លាប់សត្វល្អិតដល់កសិករទុរេនដែរ។ នេះបើតាមសារព័ត៌មានថៃ Thai PBS World ។
នាយកដ្ឋានធារាសាស្ត្រត្រូវដឹកនាំគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដោយធានាឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ដីចម្ការធុរេនក្នុងខេត្ត ច័ន្ទបុរី , រយ៉ង និងខេត្តត្រាត ដែលជាតំបន់ផលិតទុរេនដ៏សំខាន់នៅភាគខាងកើតថៃ។
ទាក់ទិននឹងការរត់ពន្ធទុរេនថោកពីប្រទេសជិតខាង ដើម្បីនាំចេញដោយក្លែងបន្លំជាទុរេនថៃនោះ លោក Thammanat បានបញ្ជាឱ្យក្រុមការងារដោះស្រាយបញ្ហាដោយផ្ទាល់ ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ទុរេនថៃ។
មហិច្ឆតាថៃក្នុងការនាំចេញទុនរេនឲ្យបាន ១លានតោននេះ គឺស្របតាមការសេចក្តីណែនាំរបស់នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន ដែលប្រាប់ទៅក្រសួងកសិកម្ម និងសហករណ៍រៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ទុរេនដែលអន់ និងមិនទាន់ទុំ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងរារាំងការប្រមូលផល និងលក់ផ្លែធុរេនមិនគ្រប់ខែ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពផ្លែឈើ និងការប្រកួតប្រជែងនាំចេញ។ នេះបើតាមសារព័ត៌មាន The Nation ស្រង់សម្តីលោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ។
តាមប្រធាននាយកដ្ឋានកសិកម្ម លោក Rapeephat Chantarasriwong បានឱ្យដឹងថា ដំណាំទុរេនជាង ៦៤ពាន់ហិកតានៅខេត្តភាគខាងកើតថៃត្រូវបានចុះបញ្ជីជាមួយអាជ្ញាធរគយចិន និងទទួលបានវិញ្ញាបនបត្រ GAP ដែលនឹងជួយសម្រួលដល់ការនាំចេញទុរេនទៅកាន់ចិន។
គួរបញ្ជាក់ថា ការនាំចញទុរេនរបស់ថៃបានបង្កើតប្រាក់ចំណូល ៣,២៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ ថៃផលិតទុរេនបានប្រមាណ ៩០ម៉ឺនតោនជារៀងរាល់ឆ្នាំ ដែលភាគច្រើននាំចេញទៅចិន៕