កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន អំពាវនាវអ្នករៀបចំសង្ក្រាន្ដ ទាក់ទងសហព័ន្ធល្បុក្កតោ ដើម្បីមានឯកភាពសម្តែងក្បាច់គុនខ្មែរ
23, Apr 2024 , 9:59 am        
រូបភាព
ការប្រកួតគុនល្បក្កតោ ក្នុងសង្ក្រាន្ដឆ្នាំខ្មែរ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
ការប្រកួតគុនល្បក្កតោ ក្នុងសង្ក្រាន្ដឆ្នាំខ្មែរ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអំពាវនាវឲ្យទីតាំង ដែលរៀបចំសង្ក្រាន្ដចូលឆ្នាំខ្មែរទូទាំងប្រទេស ទាក់ទងសហព័ន្ធដោយផ្ទាល់ ដើម្បីឲ្យការរៀបចំសម្ដែងក្បាច់គុនបុរាណខ្មែរនេះ បានល្អ មានឯកភាព និងមានភាពទាក់ទាញ។ នេះ បើយោងតាមវីដេអូផ្សាយលើហ្វេសប៊ុកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។


ក្នុងសង្ក្រាន្ដឆ្នាំខ្មែរ២០២៤ នៅតាមសាលារៀន និងខេត្តមួយចំនួន អ្នករៀបចំកម្មវិធី បានដាក់បញ្ចូលកីឡា និងល្បែងកម្សាន្ដមួយចំនួន ដើម្បីញ៉ាំងបរិយាកាស ឲ្យកាន់តែសប្បាយរីករាយ។ កីឡា និងល្បែងកម្សាន្ដទាំងនោះ មានដូចជា ទាញព្រ័ត្រ អុកចត្រង្គ ដណ្ដើមស្លឹកឈើ បោះអង្គុញ លាក់កន្សែង និងចោលឈូង ជាដើម។
 
កីឡាគុនល្បុក្កតោ ក៏ត្រូវបានអ្នករៀបចំកម្មវិធី យកមកសម្ដែងដល់ប្រជាជនក្នុងសហគម ផងដែរ។ លោក វ៉ាត់ ចំរើន​ បាននិយាយថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ កីឡាករ-កីឡាការិនីគុនល្បុក្កតោ ប្រមាណជាង១០០០នាក់ទូទាំងប្រទេស មមាញឹក ក្នុងការសម្ដែងលើវេទិការសង្ក្រាន្ដ នៅតាមសាលា និងតាមខេត្តនានា។ អគ្គលេខាធិការរូបនេះ ចាត់ទុកថានេះ គឺជាការរៀបចំណែកដ៏ធំ ដែលតាមតំបន់នីមួយ បានចូលរួមផ្សព្វផ្សាយនៅក្បាច់គុនរបស់ខ្មែរ ដែលជាបេតិកភណ្ឌអរូបី ក្នុងអង្គការយូណេស្កូ។
 
«យើង បានចូលរួមចំណែកយ៉ាងសកម្ម។ យើងបានធ្វើឲ្យចលនានៃការផ្សព្វផ្សាយ រក្សានៅបេតិកភណ្ឌអរូបីរបស់យើង ក្នុងអង្គការយូណេស្កូ ឲ្យកាន់តែមានគុណតម្លៃល្អ។ នៅក្នុងសាលារៀនមួយៗ ក៏មានការដាក់នៅកម្មវិធីសិក្សាអប់រំកាយ និងកីឡា ខាងផ្នែកល្បុក្កតោ ផងដែរ។ អ៊ីចឹងគុនល្បុក្កតោរបស់យើង បានដាក់ក្នុងសាលាខ្លះ យើងឃើញហើយមានសកម្មភាពហ្វឹកហាត់​​គុនល្បុក្កតោនេះ ជាក្បាច់គុនព្រលឹងជាតិរបស់យើង ជាអត្ដសញ្ញាណជាតិរបស់យើង ជាវប្បធម៌របស់យើង ដែលយើងបានបញ្ជ្រៀតទៅសិស្សានុសិស្ស​ នៅតាមសាលា។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
ដើម្បីឲ្យមានឯកភាពក្នុងការសម្ដែង និងឲ្យមានភាពទាក់ទាញខ្លាំងជាងនេះ លោក វ៉ាត់ ចំរើន អំពាវនាវឲ្យកន្លែង ដែលរៀបចំសង្ក្រាន្ដទាំងអស់ ទាក់ទងមកសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ «យើង សូមអំពាវនាវឲ្យកន្លែង ដែលរៀបចំសង្ក្រាន្ដទាំងអស់ ទាក់ទង់មកសហព័ន្ធដោយផ្ទាល់ ដើម្បីឲ្យសហព័ន្ធជួយ ជាជំនួយក្នុងការដាក់ឲ្យមានការទទួលខុសត្រូវ ការឯកភាពគ្នា ក្នុងការសម្ដែង និងឲ្យការសម្ដែងកាន់តែទាក់ទាញ និងកាន់តែល្អប្រសើរ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៕

Tag:
 វ៉ាត់ ចំរើន
  ល្បុក្កតោ
  សង្ក្រាន្ដ
© រក្សាសិទ្ធិដោយ thmeythmey.com