ជាតិ
លោក គិន ភា៖ កិច្ចសហការកម្ពុជា-ចិន ប្រឆាំងសកម្មភាពខុសច្បាប់ជារឿងល្អ ដើម្បីទាញភ្ញៀវទេសចរ
23, Apr 2024 , 2:59 pm        
រូបភាព
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (ខាងឆ្វេង) និងលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែមេសា។ រូបភាព STPM និងFacebook_លោកគិន ភា
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (ខាងឆ្វេង) និងលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែមេសា។ រូបភាព STPM និងFacebook_លោកគិន ភា
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការដោះស្រាយសកម្មភាពខុសច្បាប់ដូចជាល្បែងតាមអនឡាញ, ការឆបោកតាមប្រព័ន្ធទំនាក់ទំនង, ការជួញដូរមនុស្ស និងលុបបំបាត់ក្រុមបងធំជាដើម គឺជារឿងល្អ ព្រោះកម្ពុជាត្រូវការសន្តិភាព និងស្ថិរភាព រួមទាំងទាក់ទាញភ្ញៀវទេសចរ។ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ឃើញបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ តាមប្រព័ន្ធទូរសព្ទនៅថ្ងៃទី២៣ ខែមេសា។
 
ក្នុងជំនួបជាមួយសមភាគីកម្ពុជាលោក សុខ ចិន្តាសោភា លោកវ៉ាង យី ប្រមុខការទូតចិន បានជំរុញឱ្យភាគីទាំងពីរ រួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ដូចជា ល្បែងតាមអនឡាញ, ការឆបោកតាមប្រព័ន្ធទំនាក់ទំនង, ការជួញដូរមនុស្ស និងលុបបំបាត់ក្រុមបងធំ។ ពាក់ព័ន្ធនឹងការរួមគ្នាដោះស្រាយសកម្មភាពខុសច្បាប់ទាំងនេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ជំរុញឱ្យដោះស្រាយរឿងអវិជ្ជមានខាងលើ ដើម្បីសន្តិភាព ស្ថិរភាព និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។ 
 
«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ជារឿងមួយល្អ ដោយសារយើងត្រូវការសុខសន្តិភាព និងស្ថិរភាព»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងបែបនេះនៅថ្ងៃទី២៣ ខែមេសា ដោយបន្តថា បទល្មើសផ្សេងៗ ចាំបាច់ត្រូវលុបបំបាត់ ដើម្បីទាក់ទាញការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបរទេស។ 
 
ការពិភាក្សារវាងប្រមុខការទូតចិន និងកម្ពុជា ធ្វើឡើងស្របពេលប៉ូលិសចិន បានបញ្ចប់ការនាំជនសង្ស័យចំនួន ៦៨០នាក់ ពាក់ព័ន្ធការបោកបញ្ឆោត និងល្បែងតាមអនឡាញទៅចិនវិញ។ ភាពជោគជ័យនេះ ធ្វើឡើងក្រោយប្រតិបត្តិការរួមគ្នារវាងប៉ូលិសចិន និងកម្ពុជា ក្នុងការបង្រ្កាបបទល្មើសព្រហ្នទណ្ឌ ពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឆបោក។ 
 
បើតាមលោក គិន ភា កិច្ចសហប្រតិបត្តិការមួយចំនួន ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ពោលគឺប្រសិនបើគ្មានភាគីប្រទេសផ្សេងចូលរួមជាមួយកម្ពុជាទេ កិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសរបស់កម្ពុជាទាំងនោះ មិនអាចសម្រេចទៅរួចទេ។ ដោយចាត់ទុកជាបញ្ហាក្តៅ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ថា កិច្ចសហប្រតិបត្តិការពីអាជ្ញាធរចិន ពិតជាបានចូលរួមដ៏សំខាន់ ក្នុងការកាត់បន្ថយសកម្មភាពខុសច្បាប់ទាំងនោះនៅកម្ពុជា។
 
ស្របពេលកម្ពុជា និងចិនបារព្ធឆ្នាំនៃផ្លាស់ប្តូរប្រជាជន និងប្រជាជន លោក គិន ភា បានរំពឹងថា ភ្ញៀវទេសចរចិនមកកម្ពុជា នឹងមានចំនួនច្រើនជាងមុន តាមរយៈការជំរុញជើងហោះហើរទៅវិញទៅមករវាងក្រុងផ្សេងៗរបស់ចិន មកកាន់កម្ពុជា។
 
សូមបញ្ជាក់ថា លោកវ៉ាង យី បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ដោយផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា។ ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោកវ៉ាង បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ការទប់ស្កាត់បទឧក្រិដ្ឋរួមគ្នា ទេសចរណ៍ ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាដើម៕ 

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com