ជាតិ
កម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ នៅខែឧសភា
24, Apr 2024 , 7:59 am        
រូបភាព
រូបពីក្រសួងធនធានទឹក និងឧតុនិយម
រូបពីក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី១ ឧសភា ដល់៣០ មិថុនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មេសា។


បើតាមការព្យាកររបស់ក្រសួងធនធានទឹក ការវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីញ៉ូ(El Niño) នឹងស្ថិតនៅ១០ភាគរយ។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣ភាគរយនៅក្នុងខែឧសភា។ 
 
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ររបស់កម្ពុជា មានពពកពីតិចទៅមធ្យម ហើយនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្រប់ដណ្ដប់លើផ្ទៃដី៤០ភាគរយ និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ ។ ជាមួយគ្នានេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតមានច្រើន។
 
ការចូលមកដល់នៃរដូវវស្សានេះ ក្រសួងធនធានទឹក បានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិ មានជាអាទិ៍ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។ 
 
សូមជម្រាបថា ពេញមួយឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់ពលរដ្ឋកម្ពុជា ប្រមាណ១០៣នាក់ និងបង្ករបួសស្នាម២៤៣នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃទី៣ ខែមករា ២០២៤។
 

Tag:
 រដូវវស្សា
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com