អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​បាន​ចាប់ខ្លួន​អនុរដ្ឋមន្ត្រី​ការពារជាតិ​ពីបទសង្ស័យ​ទទួល​សំណូក
24, Apr 2024 , 11:29 am        
រូបភាព
មន្ត្រីរុស្ស៊ីបានប្រកាសពីការចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ពីបទសង្ស័យទទួលសំណូក ដែលជាឧក្រិដ្ឋកម្មអាចអនុវត្តទោសជាប់គុក ១៥ឆ្នាំ។
 
គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (SKR) បានប្រកាសនៅថ្ងៃទី២៣ ខែមេសា ថា អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទស៊ីសំណូកតាមជំពូក៦ នៃមាត្រា ២៩០នៃក្រមព្រហ្មទណ្ឌរុស្ស៊ី។ សកម្មភាពស៊ើបអង្កេតចាំបាច់កំពុងបន្ត។
 
យ៉ាងណាមិញ SKR មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ប្រាក់​ដែល​លោក Ivanov ទទួល​បាន​ឡើយ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Tass បានរាយការណ៍ថាលោក Ivanov ត្រូវបានសង្ស័យថាបានទទួលសំណូកយ៉ាងហោចណាស់១លានរូប្លិ៍ (ជាង ១ម៉ឺនដុល្លារ) ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោស។
 
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិឧត្តមសេនីយ៍ Sergey Shoigu ត្រូវបានជូនដំណឹងអំពីការចាប់ខ្លួនលោក Ivanov រួចហើយ។
 
លោក Ivanov អាយុ ៤៨ឆ្នាំ ដែលជាមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទទទួលសំណូកចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែនបានផ្ទុះឡើងនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ។
 
មុនពេលចូលបម្រើការងារនៅក្រសួងការពារជាតិរុស្ស៊ី ក្នុងឆ្នាំ២០១០ លោក Ivanov បានធ្វើការនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មប្រេងឥន្ធនៈ និងថាមពល និងរដ្ឋាភិបាលទីក្រុងមូស្គូ។ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងឆ្នាំ ២០១៦។
 
លោក Ivanov ជា​ទីប្រឹក្សា​រដ្ឋ​មានឋានន្តរស័ក្តិ​កម្រិត​មួយ ​ដែល​មាន​ឋានៈ​ស្មើ​នឹង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ។ ទស្សនាវដ្ដី Forbes បាននិយាយថា លោក Ivanov ដែលជាអ្នកជំនាញបច្ចេកវិទ្យា និងឧស្សាហកម្មនុយក្លេអ៊ែរ គឺជាអ្នកមានបំផុតម្នាក់នៅរុស្ស៊ី៕ 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com