ជាតិ
កម្ពុជា កំពុងពន្លឿនផែនការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំក្រោយ
24, Apr 2024 , 11:59 am        
រូបភាព
មន្រ្តីសុខាភិបាល បាញ់ថ្នាក់សម្លាប់មូសតាមមូលដ្ឋាន។ រូបភាព៖ ក្រសួងសុខាភិបាល
មន្រ្តីសុខាភិបាល បាញ់ថ្នាក់សម្លាប់មូសតាមមូលដ្ឋាន។ រូបភាព៖ ក្រសួងសុខាភិបាល
ភ្នំពេញ៖ កម្ពុជា កំពុងពន្លឿនផែនការសកម្មភាព ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ តាមផែនការយុទ្ធសាស្ត្រជាតិ​ឆ្នាំ២០២៥។ ការងារនេះ ផ្តោតសំខាន់លើការផ្តល់សេវា រោគវិនិច្ឆ័យ និងការព្យាបាល ករណីគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាល ។


សម្រាប់ ទិវាគ្រាន់ចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» ដែលត្រូវប្រារព្ធនៅថ្ងៃទី២៥ មេសា នេះ សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍនានា រួមគ្នាពន្លឿនការអនុវត្តសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការយុទ្ធសាស្ត្រជាតិឱ្យសម្រេចនៅឆ្នាំ២០២៥។
 
បើតាមប្រមុខរដ្ឋាភិបាល បច្ចុប្បន្ន ជំងឺគ្រុនចាញ់នៅតែបន្តយាយីដល់អាយុជីវិត និងធ្វើឱ្យខាតបង់ផលិតភាពមនុស្សធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច-សង្គម កម្ពុជា និងពិភពលោក។ យ៉ាងណាក៏ដោយ សម្ដេច មើលឃើញថា កម្ពុជាកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ក្នុងការគាំទ្រ និងដាក់ចេញផែនការសម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់។ 
 
ជាក់ស្ដែង នៅកម្ពុជា ជំងឺគ្រុនចាញ់បានថយចុះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៦មក។ ដោយឡែក នៅឆ្នាំ២០២៣ ជំងឺបង្កពីមូសនេះ មានត្រឹមតែ១៣៨៤ករណីប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ ចាប់តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន។
 
សម្ដេច ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាបានធ្វើដំណើរកាន់តែខិតជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់។ ទន្ទឹមនេះ សម្ដេច បានក្រើន​រំ​ឮ​ក​ដល់អ្នកពាក់ព័ន្ធទាំងអស់ ពន្លឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលផ្ដោតសំខាន់លើការផ្តល់សេវា រោគវិនិច្ឆ័យ និងការព្យាបាលករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាល ប្រជាពលរដ្ឋចល័ត ជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារ ព្រមទាំងជនជាតិដើមភាគតិច ដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយគ្មានការរើសអើង។
 
បន្ថែមពីលើនេះ ត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងដល់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ។ សកម្មភាពនេះ សម្ដេច ចាត់ទុកថា វាគឺជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាព ប៉ុន្តែក៏ជា សិទ្ធិរបស់ប្រពលរដ្ឋគ្រប់រូប ដែលត្រូវទទួលបានផងដែរ៕ 

Tag:
 ជំងឺគ្រុនចាញ់
  ក្រសួងសុខាភិបាល
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com