ជាតិ
ជីវប្រវត្តិលោក សំបូរ មាណ្ណារ៉ា !
24, Apr 2024 , 4:23 pm        
រូបភាព
លោក​ សំបូរ មាណ្ណារ៉ា ជាសាស្រ្តាចារ្យជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ បានទទួលមរណភាព នៅថ្ងៃទី ២០ ខែមេសា ក្នុងវ័យ ៦៧ឆ្នាំ ដោយរោគាពាធ។ សពរបស់លោក ត្រូវបូជានៅវត្តទួលទំពូង នៅថ្ងៃទី២៤ មេសានេះ។ សារព័ត៌មានថ្មីៗ សូមលើកយកប្រវត្តិរបស់សាស្រ្តាចារ្យជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែររូបនេះ មកបង្ហាញជូនលោកអ្នកនាង។


ជាកូនទី១ ក្នុងចំណោមបងប្អូន៦នាក់ក្នុងគ្រួសារ លោក សំបូរ មាណ្ណារ៉ា មានឪពុកនាម ចាប សំបូរ ជាគ្រូបង្រៀនសម័យសង្គមរាស្ត្រនិយម និងម្ដាយនាម សួន ឡាង ជាកសិករ។ កើតនៅថ្ងៃទី២៤ កញ្ញា ១៩៥៧ លោក សំបូរ មាណ្ណារ៉ា បានបញ្ចប់ការសិក្សានៅថ្នាក់បាក់អង នាអំឡុងទសវត្ស ១៩៧០។
 
លោក សំបូរ មាណ្ណារ៉ា ជាមនុស្សឧស្សាហព្យាយាមតាំងពីកុមារភាព។ ក្រោយទំនេរពីការសិក្សា កុមារា សំបូរ មាណ្ណារ៉ា ចេះរកប្រាក់ដើម្បីដោះស្រាយជីវភាពគ្រួសារ និងការសិក្សា តាមរយៈការឆ្លៀតលក់គុយទាវនៅពេលរាត្រី ចាក់មេក្រូតាមរោងបុណ្យ និងតទឹកដាក់ពាង (ម្ដុំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី) នារាជធានីភ្នំពេញ។
 
កំពុងតែពេញចិត្ត និងស្រឡាញ់ការសិក្សាមិនបានយូរប៉ុន្មានផង របបអាវខ្មៅក៏ចូលមកដល់ យុវជន សំបូរ មាណ្ណារ៉ា និងក្រុមគ្រួសារទាំងអស់ ត្រូវបានពួកខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ ទៅស្រុកកោះធំ ខេត្តកណ្តាល នៅឆ្នាំ១៩៧៥។ គ្រួសារលោក ត្រូវបានជម្លៀសពីកន្លែងមួយ ទៅកន្លែងមួយ រហូតទៅកាន់ភូមិភាគពាយ័ព្យ នៅកោះតៃវ៉ាន់ (គឺភ្នំកូនដំរី) ស្រុកព្រះនេតព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ) ។ ទីនោះហើយ ជាកន្លែងដែលលោកសាស្ត្រាចារ្យ បានបាត់បង់ឪពុកនិងបងប្អូនចំនួនពីរនាក់ និងនៅសល់ប្អូនស្រីពៅពិការម្នាក់រហូតដល់សព្វថ្ងៃ ដោយសារតែការបង្ខំឱ្យរែកដីរហូតដល់បាក់ឆ្អឹងជំនី។ 
 
ក្រោយបែករបបខ្មែរក្រហម ប៉ុល ពត នៅឆ្នាំ១៩៧៩ គ្រួសារលោក មាណ្ណារ៉ា នៅរស់រានមានជីវិតតែប្រាំនាក់តែប៉ុណ្ណោះ គឺម្តាយលោក និងបងប្អូនបួននាក់ទៀត។ ដ្បិតឃ្លាតឆ្ងាយពីការសិក្សា អស់៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះក្តី ក៏មិនបានបញ្ឈប់អារម្មណ៍ និងដំណើរការអប់រំរបស់លោក មាណ្ណារ៉ា ដែរ។ យុវជនដែលស្រលាញ់ការអប់រំរូបនេះ បានបន្តការសិក្សាខ្លួន រហូតក្លាយជាសាស្រ្តាចារ្យប្រវត្តិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាឆ្នាំ១៩៨៣។ 
 
តាមរយៈជំនាញប្រវត្តិសាស្រ្តនេះហើយ បានជួយឱ្យលោក សំបូរ មាណ្ណារ៉ា បានបន្តការសិក្សានៅបណ្តាប្រទេសមួយចំនួន សរុប១៦ប្រទេសរួមមាន៖ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង បារាំង និងប្រទេសខ្លះទៀត នៅតំបន់អាស៊ាន។ លោកសាស្ត្រាចារ្យ បានបញ្ចប់ការសិក្សាក្នុងស្រុក និងទទួលបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក នៅអំឡុងទស្សវត្សរ៍ ១៩៩០។
 
ក្រោយបញ្ចប់ការសិក្សា លោកក៏បានត្រឡប់ចូលមកកាន់មាតុភូមិវិញ និងបានក្លាយជាសាស្ត្រចារ្យប្រវត្តិសាស្ត្រ និងជាអនុប្រធានដេប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ១៩៩១។ ដោយសារទេពកោសល្យ និងឧត្តមគតិក្នុងវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ លោកក៏បានក្លាយជាសាស្ត្រាចារ្យថ្នាក់ខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០២-រហូតដល់ជីវិតចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរ ជាស្ថាបនិកក្លិបយុវជនបេសកកម្មសុច្ឆន្ទៈខ្មែរ ដែលបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៩ ហើយបានក្លាយជាព្រឹទ្ធសាកលវិទ្យាធិការងទទួលបន្ទុកទំនាក់ទំនងវប្បធម៌ និងសង្គម នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផងដែរ។ 
 
សាបព្រោះការអប់រំ និងបណ្ដុះផ្នត់គំនិតយុវជនឱ្យចេះស្រឡាញ់ជាតិមាតុភូមិ!

ពេញមួយជីវិតរបស់លោក សំបូរ មាណ្ណារ៉ា តែងតែផ្តោតសំខាន់លើការអប់រំ បណ្តុះផ្នត់គំនិតយុវជនឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ចេះថែរក្សាការពារ សម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ។ សាស្ត្រាចារ្យរូបនេះ តែងតែងចូលរួមជាវាគ្មិនកិត្តិយស ចែករំលែកចំណេះដឹងផ្សេងៗ​ ដល់សាធារណជនទូទៅ នៅតាមអង្គសិក្ខាសាលា វគ្គបណ្តុះបណ្តាល ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។ ជាពិសេសផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានជាច្រើន អំពីប្រវត្តិសាស្រ្ត នៃពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗទៀត។ រាល់ទស្សនទានរបស់លោក មាណ្ណារ៉ា តែងតែបង្កប់ផ្នត់គំនិតឱ្យយុវជន ចេះស្រលាញ់ និងថែរក្សាការពារវប្បធម៌ជាតិ។ តាមរយៈទស្សនទានរបស់លោកទាំងនោះ បានធ្វើឱ្យសាធារណជន ដែលធ្លាប់បានស្ដាប់ដំបូន្មាន និងឱវាត យល់ពីសម្មានចិត្តលោកភ្លាមថា លោកពិតជាបារម្ភចំពោះខ្លាចបាត់បង់វប្បធម៌ និងប្រពៃណីជាតិ ។
 
ជាងនេះទៅទៀត លោកបានដឹកនាំនិស្សិតឱ្យប្រារព្ធកម្មវិធីផ្សេងៗ ក្នុងគោលបំណងលើកតម្កើងគុណតម្លៃខ្មែរ រួមមាន ទិវាខ្មែរ ,ទិវាសិទ្ធិនារីអន្តរជាតិ ,ពិធីបុណ្យកតញ្ញូ ,ទិវាឯករាជ្យជាតិ ,កម្មវិធីសម្លម៉ែ ,បន្លែស្រុក ,កម្មវិធី get to know each other និងពិធីបុណ្យសាសនាផ្សេងៗដូចជា បុណ្យមាឃបូជា វិសាខបូជា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ពិធីបុណ្យកឋិន ជាដើម។
 
ក្រៅបណ្ដុះផ្នត់គំនិតស្រលាញ់ជាតិ សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ ក៏បានបំពេញបេសកកម្មការងារសហគមន៍ តាមបណ្តាខេត្តក្រុងនានា ទូទាំងប្រទេសកម្ពុជា ចំនួន៨៨២លើក ក្នុងឆាកជីវិតរបស់លោក គិតមកដល់ឆ្នាំ២០២៤ ។ បេសកកម្មការងាររបស់លោក បានដឹកនាំនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងនិស្សិតដទៃទៀត ចូលរួមបំពេញការងារសហគមន៍ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាផង និងដើម្បីអប់រំផ្នត់គំនិតយុវជនឱ្យចេះស្រឡាញ់កិច្ចការងារសហគមន៍ ចេះជួយគ្នាទៅវិញទៅមក និងជួយដល់សិស្សានុសិស្សនៅតាមទីជនបទដាច់ស្រយាលផង។ 
 
ដោយសារឆន្ទៈ មនសិការ​នេះ លោកសាស្ត្រាចារ្យ ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគោរម្យងារជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
លោក ក៏ត្រូវបានព្រះមហាក្សត្រប្រោសប្រទានតួនាទីជាទីប្រឹក្សាផ្ទាល់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ ។ លោកសាស្ត្រាចារ្យ ក៏បានទទួលនូវលិខិតសរសើរ គ្រឿងឥស្សរិយស និងមេដាយយ៉ាងច្រើនពីស្ថាប័នជាតិ និងអន្តរជាតិ ចំពោះការលះបង់ដើម្បីឧត្តមប្រយោជន៍ក្នុងសង្គមជាតិ និងការអភិវឌ្ឍបញ្ញវន្ត ក្នុងសង្គមជាតិខ្មែរ។
 
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ុំ ផារ៉ាន់ នៅក្នុងឆ្នាំ១៩៧៩ ដោយបានទទួលនូវចំណងដៃអាពាហ៍ពិពាហ៍កូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់។ រួមមានលោក រ៉ា ឆៃរ៉ាន់, លោក រ៉ា សុជាតិ និងលោកស្រី រ៉ា ច័ន្ទសុខានី៕
 
ដកស្រង់ខ្លឹមសារចេញពីជីវប្រវត្តិសង្ខេប និងវិយោគកថា របស់លោកសំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ។

Tag:
 សំបូរ មាណ្ណារ៉ា
  ប្រវត្តិសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com