សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋធានីឥណ្ឌាគ្របដណ្ដប់ដោយផ្សែងបង្កដោយភ្លើងឆេះសំរាម
24, Apr 2024 , 5:09 pm        
រូបភាព
ផ្សែងភ្នក់ភ្លើងនៅតំបន់ Ghazipur ទីក្រុងញូវដែលី។ រូបភាព ៖ AFP
ផ្សែងភ្នក់ភ្លើងនៅតំបន់ Ghazipur ទីក្រុងញូវដែលី។ រូបភាព ៖ AFP
ផ្សែង​ហុយ​ខ្លាំង និង​​ភ្លើងឆេះពី​កន្លែង​ចាក់​សំរាម Ghazipur បាន​នាំ​មក​ជាមួយ​នូវ​កំដៅ និង​ការ​បញ្ចេញ​ជាតិពុលនៅពាសពេញ​រដ្ឋធានី ញូវដែលី។ នេះបើតាមសារព័ត៌មាន CNN។
 
ភ្លើងឆេះនៅតំបន់ Ghazipur ដែលជាកន្លែងចាក់សំរាមដ៏ធំបំផុតក្នុងរដ្ឋធានី ញូវដែលី បានផ្ទុះឡើងកាលពីថ្ងៃទី២១ ខែមេសា ដោយមិនទាន់ដឹងពីមូលហេតុ។ គិតត្រឹមថ្ងៃទី២៣ ខែមេសា ភ្លើងភាគច្រើនត្រូវបានពន្លត់ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានត្អូញត្អែរថា ឈឺភ្នែក និងឈឺបំពង់ក ដោយសារប៉ះជាមួយខ្យល់ពុល។
 
ភ្លើងឆេះកន្លែងចាក់សំរាមជារឿយៗកើតឡើងដោយសារតែឧស្ម័នមេតានដែលបញ្ចេញកំឡុងពេលរលួយនៃសំរាម។ ការណ៍នេះ បានបង្កើតឲ្យមាន​ការ​ឆេះ​កន្លែង​ចាក់​សំរាម​ជា​បន្តបន្ទាប់​ដែល​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង ​ញូវដែលី​ ​ឈឺក្បាល​ក្នុង​ការ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។
 
ជារៀងរាល់ឆ្នាំ នៅពេលសីតុណ្ហភាពកើនឡើងក្នុងរដូវក្តៅ កន្លែងចាក់សំរាមក្នុងទីក្រុងបានផ្ទុះឡើងជាអណ្តាតភ្លើង ជាមួយនឹងកាកសំណល់រលួយ ដែលបន្ថែមបរិមាណឧស្ម័នមេតាននៅឥណ្ឌា។ មេតានជាឧស្ម័នផ្ទះកញ្ចក់ដែលមានច្រើនបំផុតទី២ បន្ទាប់ពីឧស្ម័នកាបូនិច ដែលជះឥទ្ធិពលដល់វិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរតាមរយៈការផ្ទុកកំដៅរយៈពេលយូរ។
 
យោងតាម GHGSat ដែលជាទីភ្នាក់ងារត្រួតពិនិត្យការបំភាយឧស្ម័នពីផ្កាយរណប ឥណ្ឌាជាប្រទេសដែលបញ្ចេញឧស្ម័នមេតានច្រើនជាងគេបំផុតរបស់ពិភពលោកពីកាកសំណល់ដែលគេចាក់ចោល។
 
តាមរបាយការណ៍ឆ្នាំ២០២៣ ដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបរិស្ថាន, អង្គការស្រាវជ្រាវមិនរកប្រាក់ចំណេញក្នុងទីក្រុង ញូវដែលី ភ្នំសំរាម Ghazipur គ្រាន់តែជាកន្លែងមួយចាក់សំរាមក្នុងចំណោម ៣០០០កន្លែងនៅឥណ្ឌាដែលផ្ទុកដោយកាកសំណល់រលួយ និងការបំភាយឧស្ម័នពុល។ ទីលានចាក់សំរាមមានកម្ពស់ ៦៥ម៉ែត្រ ដែលស្ទើរតែខ្ពស់ដូចប្រាសាទ Taj Mahal បានគ្របដណ្តប់ជុំវិញផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នករស់នៅតំបន់នោះ។
 
ការស្រូបឧស្ម័នមេតានក្នុងរយៈពេលយូរធ្វើឱ្យមានជំងឺសួតកាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យកើតជំងឺហឺត និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ នេះបើយោង Global Clean Air Initiative។ ឧស្ម័នមេតានមិនមែនជាប្រភពតែមួយគត់នៃការបំភាយជាតិពុលចេញពីភ្នំសំរាមនោះទេ។ ជាច្រើនទសវត្សរ៍ក្រោយមក ជាតិពុលពីសំរាមបានជ្រាបចូលទៅក្នុងដី ដែលបំពុលប្រភពទឹកសម្រាប់អ្នករស់នៅជុំវិញរាប់ម៉ឺននាក់។
 
នៅតំបន់ Bhalswa ដែលជាកន្លែងចាក់សំរាមដ៏សំខាន់មួយទៀតក្នុងទីក្រុង ញូវដែលី ប្រជាជនកាលពីឆ្នាំ ២០២២ បានត្អូញត្អែរពីជំងឺស្បែក និងផ្លូវដង្ហើម ដោយសារការរស់នៅក្បែរកន្លែងចាក់សំរាមជាច្រើនឆ្នាំ។
 
តាមរបាយការណ៍ខែកក្កដា ឆ្នាំ២០២២ ដោយទីភ្នាក់ងារទទួលខុសត្រូវក្នុងការកាត់បន្ថយភ្លើងឆេះកន្លែងចាក់សំរាមឥណ្ឌា កាកសំណល់រឹងជាង២៣០០តោន ត្រូវបាននាំយកទៅចាក់នៅ Ghazipur ជារៀងរាល់ថ្ងៃ។ អាជ្ញាធរបានដាក់ពង្រាយដ្រូនរៀងរាល់បីខែម្តង ដើម្បីតាមដានទំហំនៃភ្នំសំរាម និងស្វែងរកមធ្យោបាយដើម្បីទាញយកឧស្ម័នមេតានឡើងវិញ។
 
ទោះជាយ៉ាងណាក៏ដោយ កន្លែងចាក់សំរាមបានកើនលើសពីសមត្ថភាពផ្ទុកចាប់តាំងពីឆ្នាំ ២០២២ ហើយការទប់ស្កាត់ឧស្ម័នមេតានមានភាពយឺតយ៉ាវ ដែលធ្វើឲ្យមន្ត្រីក្រុងញូវដែលីពិបាកសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការធ្វើឱ្យភ្នំសំរាមរាបស្មើនៅឆ្នាំនេះ។
 
រដ្ឋាភិបាលឥណ្ឌាក្នុងឆ្នាំ ២០១៩ បានស្នើដំណោះស្រាយការកែច្នៃកាកសំណល់មួយចំនួន ដែលលើកទឹកចិត្តដល់ការសាងសង់រោងចក្រកែច្នៃកាកសំណល់។ យ៉ាងណាមិញ ស្របពេលសកម្មភាពចោលសំរាមមានភាពប្រសើរមួយចំនួនដូចជា ការប្រមូលសំរាមតាមផ្ទះ និងការចោលកាកសំណល់មានមានភាពប្រសើរនោះ ចំនួនកន្លែងចាក់សំរាមនៅឥណ្ឌានៅតែបន្តកើនឡើង។
 
នាយករដ្ឋមន្ត្រីឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមចាត់វិធានការដើម្បីលុបភ្នំសំរាម និងប្រែក្លាយតំបន់ទាំងនោះទៅជាតំបន់បៃតងនៅក្នុងគំនិតផ្តួចផ្តើម«ឥណ្ឌាស្អាត»។ ប្រសិនបើគោលដៅនេះត្រូវបានសម្រេច នោះជីវិតរបស់មនុស្សនៅជុំវិញកន្លែងចាក់សំរាមនឹងមានភាពប្រសើរឡើង ដែលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ពិភពលោក។
 
ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌាមិនទាន់បានចូលរួមជាមួយប្រទេសចំនួន១៥៥ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេតានសកល ដែលជាកតិកាសញ្ញាដើម្បីកាត់បន្ថយការបំភាយឧស្ម័នសរុបទូទាំងពិភពលោកយ៉ាងហោចណាស់ ៣០ភាគរយនៅឆ្នាំ ២០៣០  បើធៀបឆ្នាំ២០២០។ អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានការប្តេជ្ញាចិត្តនេះនឹងកាត់បន្ថយការកើនឡើងសីតុណ្ហភាពពិភពលោបាន ០,២ភាគរយ និងជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅរក្សាការឡើងកំដៅផែនដីក្រោម ១,៥អង្សាសេ។
 
ឥណ្ឌាបានពន្យល់ពីហេតុផលរបស់ខ្លួនសម្រាប់ការមិនចូលរួមសន្ធិសញ្ញានេះ ដោយសារការបំភាយឧស្ម័នមេតានភាគច្រើនបានមកពីវិស័យកសិកម្ម ក្នុងនោះ ៧៤ភាគរយបានមកពីការចិញ្ចឹមសត្វ និងបសុបក្សី ការដាំដុះដំណាំ និងតិចជាង ១៥ភាគរយបានមកពីកន្លែងចាក់សំរាម៕ 
 

Tag:
 ឥណ្ឌា
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com