ជាតិ
សេដ្ឋកិច្ច
សូមប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះគម្រោងអភិវឌ្ឍដីឡូត៍គ្មានអាជ្ញាបណ្ណ៧កន្លែង 24, Apr 2024 , 6:59 pm
លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)។
× និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានបង្ហាញឈ្មោះ ក្រុមហ៊ុន/គម្រោង ចំនួន៧ ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ បើយោងតាមសេចក្តី ជូនដំណឹងរបស់ ន.អ.ប ចុះថ្ងៃទី២៣ ខែមេសា ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍទាំងនោះ ទាំង មាន៤គម្រោងស្ថិតនៅខេត្តកំពត, ១គម្រោងនៅខេត្តកំពង់ឆ្នាំង, ១គម្រោងនៅខេត្តកំពង់ស្ពឺ និង១គម្រោងទៀតនៅខេត្តមណ្ឌលគិរី។
បើតាម ន.អ.ប គម្រោងអភិវឌ្ឍខុសច្បាប់នៅខេត្តកំពតមាន គម្រោង«ដែនដីអាណាចក្រអង្គរ» របស់ក្រុម ហ៊ុន ដែនដី អង្គរ អិមផាយអី, គម្រោង«ដីឡូត៍ ម៉ន ដានី» របស់ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត, គម្រោង«កំពតរីវើផាក» របស់ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន និងគម្រោង«ចំការលំហែកាយ» របស់ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រតីធី។
នៅខេត្តកំពង់ឆ្នាំង មានគម្រោង«ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង» របស់ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ដែលអភិវឌ្ឍន៍ដោយគ្មានអាជ្ញាបណ្ណ ខណៈខេត្តកំពង់ស្ពឺ មានគម្រោង«មរតកទំព័រមាស» របស់ក្រុមហ៊ុន ដាប់បិល ណាញ។ ចំណែកនៅខេត្តមណ្ឌលគិរី គឺគម្រោង«បុរី រីសិត មណ្ឌលគិរី» របស់ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឱ្យដឹងដូច្នេះ។
ទន្ទឹមនឹងបង្ហាញឈ្មោះក្រុមហ៊ុន និងគម្រោងដីឡូតិ៍ខុសច្បាប់ និយ័តករអាជីវកម្មអចលន វត្ថុ និងបញ្ចាំ បានក្រើនរំឭកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអភិវឌ្ឍខាងលើ ដែលអាចធ្វើឱ្យខាតបង់ ប្រយោជន៍ ដូចជាពុំអាចផ្ទេរកម្មសិទ្ធិបានជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com