ជាតិ
វត្តមានហ្វូងដំរីព្រៃ នៅតាមតំបន់ការពារធម្មជាតិកើនឡើង
24, Apr 2024 , 9:29 pm        
រូបភាព
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ ​ហ្វូងដំរីព្រៃ ឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី បានបង្ហាញខ្លួនញឹកញាប់ ជាងបណ្តាឆ្នាំកន្លងទៅ ខណៈចំនួនរបស់វាក៏កើនឡើងដែរ។ នេះបើតាមការអង្កេតរបស់មន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលបានឱ្យដឹងទៀតថា ដំរីទាំងនោះបានធ្វើដំណើរក្នុងព្រៃ និងចូលតាមសហគមន៍តំបន់ការពារធម្មជាតិជាហ្វូងៗ ចន្លោះពី២០ទៅ៣០ក្បាល ។ ចំនួននេះកើនឡើងពី៣ទៅ៥ក្បាល ធៀបនឹងឆ្នាំមុនៗ។ 
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ មេសា បានលើកឡើងថា ចំនួនដំរីព្រៃក្នុងដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី បានកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង នាពេលថ្មីៗនេះ មន្រ្តីជំនាញបានរកឃើញដំរីដើរជាហ្វូងចាប់ពី១០ រហូតដល់ជាង២០ក្បាល ហើយក្នុងហ្វូងនីមួយៗក៏ឃើញមានកូនដំរី ដែលទើបនឹងកើត និងវ័យជំទង់ច្រើនផងដែរ។
 
ការកើនប្រភេទដំរីកម្រនេះ គឺជាសញ្ញាបញ្ជាក់ថា​ ពួកវារស់នៅបានសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់។ នេះជាការអះអាងរបស់ លោក អាទិត្យា ដោយបន្ថែមថា វត្តមានដំរីព្រៃនេះ នឹងជួយធានាបានគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ រក្សាបានប្រព័ន្ធអេកូឡូស៊ីបរិស្ថាននៅតាមប្រព័ន្ធការពារធម្មជាតិ ជាពិសេស ខេត្តមណ្ឌលគីរី ដែលមានតំបន់ការពារធម្មជាតិច្រើនដូចជា ដែនជម្រកសត្វព្រៃស្រែពក, ដែនជម្រកសត្វព្រៃលំផាត់, ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវស៊ីមា ជាដើម។ 
 
លោក ប្រាប់ដូច្នេះថា៖«នេះជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ដែលបានធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ»។
 
ដើម្បីធានាថា ដំរីអាស៊ីទទួលបានការការពារហ្មត់ចត់ ក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងការកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ។ ជាងនេះទៀត ត្រូវបង្កើនការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដូចជា ការដាំឈើឱ្យបានច្រើននៅតាមមូលដ្ឋាន, ដាំស្តារព្រៃរិចរឹល និងបង្កើនភាពបៃតង ដើម្បីឈានទៅសម្រេចបានគម្របព្រៃ៦០ភាគរយ នៅទូទាំងប្រទេសត្រឹមឆ្នាំ២០៥០។ 
 
យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងដៃគូសហការ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល កំពុងរស់នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតខេត្តមណ្ឌលគីរី។ ចំណែក ទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតខេត្តមណ្ឌលគីរី។
 
សូមបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី កំពុងរងការគំរាមកំហែងលើដែនជម្រកធ្ងន់ធ្ងរ នៅទូទាំងសកលលោក។ ដំរីព្រៃត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)៕ 
 

Tag:
 ដំរីព្រៃ
  ក្រសួងបរិស្ថាន
  ខ្វៃ អាទិត្យា
© រក្សាសិទ្ធិដោយ thmeythmey.com