កីឡាអន្តរជាតិ
អន្តរជាតិ
Bellingham សម្លឹងការឈ្នះពាន ៣ ក្នុងរដូវកាលនេះជាមួយអង់គ្លេស និង Real Madrid
25, Apr 2024 , 9:47 am        
រូបភាព
កីឡាករ Jude Bellingham ដាក់គោលដៅជួយ Real Madrid ក្នុងការប្រជែងពានរង្វាន់ La Liga, Champions League និងពានរង្វាន់ UEFA Euro 2024 ជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ២០២៤។ កីឡាករវ័យ ២០ឆ្នាំ ប្តេជ្ញាចិត្តបែបនេះ ក្រោយខ្លួនបានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់កម្មវិធី Laureus Award។


ចាប់តាំងពីចូលរួមជាមួយ Real Madrid ក្រោយពីផ្លាស់ពីក្រុម Borussia Dortmund ដើមរដូវកាលដល់ពេលនេះ Bellingham  រកបាន២១គ្រាប់ហើយពីគ្រប់ការប្រកួត។ កាលពីពេលថ្មីនេះ គេក៏ជាកីឡាករដែលស៊ុតគ្រាប់ជ័យជម្នះលទ្ធផល ៣-២ ទល់នឹងក្រុម Barcelona ក្នុងជំនួប El Clasico ដ៏ចម្រូងចម្រាស់ផងដែរ។
 
ខ្សែបម្រើវ័យក្មេងសញ្ជាតិអង់គ្លេស ដែលមានតម្លៃខ្លួន ១១០លានដុល្លាររូបនេះ បានដាក់គោលដៅធំក្នុងការជួយក្រុមឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ និងប្រចាំអឺរ៉ុប ខណៈគេក៏សម្លឹងជួយក្រុមជម្រើសជាតិអង់គ្លេសថែមទៀតក្នុងពាន Euro 2024 ដែលធ្វើនៅប្រទេសអាល្លឺម៉ង់។
 
«វាពិតជាអ្វីដែលខ្ញុំចង់ធ្វើ យើងកំពុងមានការប្រកួតមួយចំនួនទៀតត្រូវប្រជែងក្នុងការចាប់យកពាន La Liga បន្ទាប់មកយើងមានការប្រកួតដ៏លំបាកទល់នឹងក្រុម Bayern Munich ក្នុងវគ្គពាក់កណ្តាកផ្តាច់ព្រ័ត្រ Champions League។ សម្រាប់ Euro វិញ សង្ឃឹមថាយើងនឹងអាចនាំយកទម្រង់លេងពីការប្រកួតមុនៗ ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែល្អជាងនេះសម្រាប់ក្រុមអង់គ្លេស។»។ Bellingham បាននិយាយបែបនេះ។
 
ចាប់តាំងពីចូលរួមជាមួយ Real មក កីឡាករអន្តរជាតិអង់គ្លេសមានឥទ្ធិពលយ៉ាងខ្លាំងពីសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ ទោះជាមានវ័យក្មេងប៉ុន្តែគេមានភាពជាអ្នកដឹកនាំក្នុងខ្លួនដើម្បីជំរុញទឹកចិត្តដល់មិត្តរួមក្រុមឱ្យបន្តការប្រកួតប្រជែង។ មិនតែប៉ុណ្ណោះ Bellingham គេក៏ជាកីឡាករដែលមានគ្រាប់បាល់ស៊ុតច្រើនជាងគេលំដាប់ទី២ ចំនួន ១៧គ្រាប់ ប្រចាំ La Liga។
 
សម្រាប់អង់គ្លេសដោយចូលលេងដំបូងក្នុងឆ្នាំ ២០២០ Bellingham ធ្លាប់បានបង្ហាញខ្លួន ២៩លើក និងស៊ុតបាល់ចូល ៣គ្រាប់។ សម្រាប់ព្រឹត្តិការណ៍ Euro 2024 ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា តោកំណាចអង់គ្លេសស្ថិតក្នុងពូលជាមួយនឹងក្រុមស្លូវ៉ានី, ដាណឺម៉ាក និងស៊ែប៊ី៕
 

Tag:
 Jude Bellingham
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com