កីឡាអន្តរជាតិ
អន្តរជាតិ
Klopp សុំទោសអ្នកគាំទ្រ Liverpool បន្ទាប់ Everton បង្អាក់ក្តីសង្ឃឹមលើកពាន EPL
25, Apr 2024 , 11:42 am        
រូបភាព
លោក Juergen Klopp សុំទោសអ្នកគាំទ្រ Liverpool បន្ទាប់ពីចាញ់ក្រុម Everton ក្នុងលទ្ធផល ២-០ ក្នុងជំនួប Merseyside Derby។ បរាជ័យនេះ ធ្វើឱ្យហង្សក្រហមខើចឱកាស ក្នុងការប្រជែងជើងឯក Premier League រដូវកាល ២០២៣-២៤។


Jarrad Branthwaite និង Dominic Calvert-Lewin រកបាន១គ្រាប់ម្នាក់ជួយ Everton ឈ្នះ Liverpool ២-០ ក្នុងជំនួបលីគសប្តាហ៍៣៤ នៅរាត្រីថ្ងៃទី២៤ ខែមេសា។ ជ័យជម្នះនេះ បានជួយ Everton មានលំនឹងក្នុងតំបន់សុវត្ថិភាពពីការកាត់ចោលទៅលីគទី២រដូវកាលក្រោយ ប៉ុន្តែ បានបង្អាក់ Liverpool ដែលត្រូវការពិន្ទុដូចគ្នា ដើម្បីប្រជែងជើងឯក នឹង Arsenal និង Manchester City។
  


ឆ្លើយនឹងសំណួរអ្នកការសែតក្រោយចប់ការប្រកួតអំពីឱកាសប្រជែងពាន លោក Klopp ដែលមើលទៅហាក់ដូចបង្ហាញក្តីអស់សង្ឃឹម រៀបរាប់ថា៖«ខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែចង់សុំទោសអ្នកគាំទ្រ សម្រាប់បរាជ័យនេះ។ សមាជិកក្រុម ពិតជាដឹងថាវាលំបាកប៉ុណ្ណា និងខកចិត្តប៉ុណ្ណា។ យើងចង់បានលទ្ធផលប្រសើរជាងនេះ ប៉ុន្តែយើងធ្វើមិនបាន»។  
 
ហង្សក្រហមនៅតែរក្សាចំណាត់ថ្នាក់លេខ២ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេស មាន៧៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ៣ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣៤លើកដូចគ្នា។ ម្ចាស់ការពារតំណែងជើងឯក Man City ដែលនៅលេខ៣ មាន៧៣ពិន្ទុ តែសល់ការប្រកួត២ក្នុងដៃ ដែលជាក្រុមមានប្រៀបជាងគេសម្រាប់តំណែងជើងឯករដូវកាលនេះ។
 
ក្រុមមេឃខៀវ នឹងត្រូវជួប Brighton នៅជំនួបលីគទី៣៣របស់ពួកគេ នៅរាត្រីថ្ងៃទី២៥ ខែមេសានេះ វេលាម៉ោង ២ រំលងអាធ្រាត្រ។ ក្រុមលោក Pep Guardiola ដែលរបូតពាន UEFA Champions League ទៅហើយ ទំនងជាមិនបន្ធូដៃក្នុងការប្រជែងការពារជើងឯក Premier League នោះឡើយ៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com