ជាតិ
តុលាការ សម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិលោក ជា សារ៉ន
25, Apr 2024 , 2:42 pm        
រូបភាព
តុលាការខេត្តកំពត សម្រេចបង្កកទ្រព្យរបស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលរួមមាន គណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៩៥គណនី និង​អចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ មេសា ដែលបានឱ្យទៀតថា សាលាដំបូងខេត្តកំពត ក៏បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់ និងបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ផងដែរ។ ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនបានជនត្រូវចោទទាំង៩នាក់នោះនៅឡើយ។

បន្ថែមពីនេះ តុលាការកំពត បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ទៀត និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួន លើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ តុលាការ ក៏បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
 
«សាលាដំបូងខេត្តកំពត កំពុងចាត់ការហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន»។ នេះជាការអះអាងរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត។
 
មុនឈានដល់ការសម្រេចបែបនេះ ចៅក្រមស៊ើបសួរ និងក្រឡាបញ្ជី បានទៅស្តាប់ចម្លើយ និងធ្វើកំណត់ហេតុស្ដីពីការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី លើជនរងគ្រោះដល់មូលដ្ឋាន ទាំង ៩ក្រុង-ស្រុកនៃខេត្តកំពត និងការស្តាប់ចម្លើយរបស់ជនរងគ្រោះ ដែលនៅក្រៅខេត្តកំពត សរុប ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ 
 
«ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះច្រើននាក់ ហេតុនេះតុលាការត្រូវធ្វើការស៊ើបសួរទៅលើបុគ្គល ដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់»។ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បន្ថែម។
 
លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុន ជា សារ៉ន គ្រុប និងបក្ខពួក ត្រូវបានតុលាការឃុំជាបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស កាលពីខែមេសា ឆ្នាំ២០២៣៕
 

Tag:
 ជា សារ៉ន
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com