កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe បង្កើតប្រវត្តិសាស្រ្តថ្មីនៅ PSG ខណៈក្រុមត្រៀមលើកពាន Ligue 1
25, Apr 2024 , 3:49 pm        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់ ២គ្រាប់ បង្កើតប្រវត្តិសាស្ត្របន្ថែមទៀតជាមួយនឹងក្លិប Paris Saint Germain ក្នុងជ័យជម្នះ ៤-១ លើក្រុម Lorient ស្របពេលក្រុមកាន់តែខិតជិតក្នុងការគ្រងជើងឯកលីគកំពូលបារាំង Ligue 1 លើកទី១២។


ក្រុមដឹកនាំដោយលោក Luis Enrique នឹងឈ្នះពានរង្វាន់ Ligue 1 តែម្តងប្រសិនបើពួកគេបន្តឈ្នះ Le Havre ក្នុងទឹកដី សម្រាប់ជំនួបនៅថ្ងៃទី២៧ ខែមេសា បន្ទាប់ពីក្រុមប្រជែង AS Monaco ប្រកួតចាញ់ក្រុម Lille។ 
 
២គ្រាប់បញ្ចូលទីពីសំណាក់ Mbappe បានធ្វើឱ្យគេពេលនេះរកបាន ២៥៥គ្រាប់រាល់ការប្រកួតទាំងអស់ ដោយបំបែកកំណត់ត្រារបស់លោក Roger Courtois ដែលជាកីឡាករស៊ុតបានគ្រាប់បាល់ច្រើនជាងគេប្រចាំលីគបារាំង ជាមួយក្លិបតែមួយប៉ុណ្ណោះ ក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំង។ លោក Courtois កីឡាករស្វ៊ីស ស៊ុតបាន ២៥៣គ្រាប់ សម្រាប់ក្រុម Sochaux។ នេះបើតាមកំណត់ត្រារបស់សហព័ន្ធបាល់ទាត់បារាំង។
 
ការប្រកួតជាមួយគ្នានោះ Ousmane Dembele ក៏ស៊ុត ២គ្រាប់ដូចគ្នាសម្រាប់ PSG នឹងបានជួយក្រុមរកបានបន្ថែម ៣ពិន្ទុ សរុបពិន្ទុបច្ចុប្បន្នមាន ៦៩ពិន្ទុ ខណៈសល់ការប្រកួត ៤ក្នុងដៃប៉ុណ្ណោះ​ ដាច់ពីក្រុមលេខ ២ Monaco ដល់ទៅ ១១ពិន្ទុ។
 
រដូវកាល ២០២៣-២៤ ទៀតសោត Mbappe ក៏សម្លឹងមើលការជួយក្រុម Paris Saint Germain ប្រជែងពានរង្វាន់ UEFA Champions League ដូចគ្នា បន្ទាប់ពីក្រុមបានឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវតទល់ក្រុម Borussia Dortmund៕

Tag:
 Kylian Mbappe
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com