ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ទាវ វណ្ណុល ស្នើឱ្យតុលាការទម្លាក់បទចោទ ហើយចុះពិនិត្យទីតាំងកាមេរ៉ា
25, Apr 2024 , 4:59 pm        
រូបភាព
លោក ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀន ចេញពីបំភ្លឺនៅក្នុងតុលាការនាថ្ងៃទី២៥មេសា ឆ្នាំ២០២៤។ រូបពី តេឡេក្រាមបក្សភ្លើងទៀន
លោក ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀន ចេញពីបំភ្លឺនៅក្នុងតុលាការនាថ្ងៃទី២៥មេសា ឆ្នាំ២០២៤។ រូបពី តេឡេក្រាមបក្សភ្លើងទៀន
ភ្នំពេញ៖ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានស្នើឱ្យតុលាការទម្លាក់បទចោទ ដែលរដ្ឋាភិបាលកម្ពុជាបានប្ដឹងលោកពីបទ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និង វិទ្យុបារាំង RFI។
 
ប្រធានបក្សភ្លើងទៀន បានចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥នេះ ពាក់ព័ន្ធបណ្ដឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយចេញពីតុលាការ លោកប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការសួរនាំពីបទសម្ភាសន៍របស់លោក នៅក្នុងការសែត Nikkei Asia។ 
 
លោក ទាវ វណ្ណុល អះអាងប្រាប់តុលាថា កាសែតដែលបានស្រង់សម្ដីលោកទៅ គឺមានតែ៨០ភាគរយប៉ុណ្ណោះ ដែលជាពាក្យពិត។ ហើយអ្វី ដែលមេធាវីតំណាងរាជរដ្ឋាភិបាល បានចោទប្រកាន់លោក វណ្ណុល នោះ គឺលោកបាននិយាយថា រដ្ឋាភិបាលដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពថ្នាក់ដឹកនាំបក្សភ្លើងទៀន។ 
 
ប៉ុន្តែប្រធានបក្សរូបនេះ បានបដិសេធ ហើយបញ្ជាក់ពាក្យដែលលោកបាននិយាយ ប្រាប់កាសែតនោះ គឺអាជ្ញាធរមានសមត្ថកិច្ច បានដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពថ្នាក់ដឹកនាំបក្សភ្លើងទៀន មានដូចជា លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក សេង ម៉ារ៉ាឌី និងលោក រ៉ុង ឈុន ជាដើម។ 
 
«ខ្ញុំបានស្នើសុំឱ្យ អយ្យការលោកទម្លាក់បទចោទ ហើយសុំឱ្យលោកអយ្យការទៅពិនិត្យដល់ទីកន្លែងផ្ទាល់ ដែលគេបានដាក់កាមេរ៉ានៅមុខផ្ទះ ថ្នាក់ដឹកនាំរបស់បក្សភ្លើងទៀន»។ លោក វណ្ណុល ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ ហើយលោកបន្ថែមថា លទ្ធិប្រជាធិបតេយ្យកាន់តែរួមតូចជាងមុន ក្នុងការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើធៀបនឹងការដឹកនាំរបស់សម្ដេច ហ៊ុន សែន ដែលជាអតីតនាយករដ្ឋ។
 
មេធាវី ជួង ជូងី ដែលជាអ្នកការពារក្ដី ឱ្យលោក វណ្ណុល បានបកស្រាយប្រាប់អ្នកសារព័ត៌មានដែរថា រឿងរ៉ាវទាំងឡាយណា ដែលបុគ្គលម្នាក់បានយកទៅថ្លែងជាសាធារណ ឬផ្ដល់បទសម្ភាសន៍នោះ វាជារឿងពិត គឺមិនមានកំហុសឡើយ ទោះបីជាប៉ះពាល់ដល់កិត្តិយសដល់បុគ្គលដទៃក៏ដោយ។ ប៉ុន្តែ លោកសង្កត់ធ្ងន់ថា បើរឿងរ៉ាវនោះ មិនពិត ហើយបង្កឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ទើបមានកំហុស។ 
 
បើតាមមេធាវី ជួង ជូងី កាលពីថ្ងៃទី២មេសា លោក វណ្ណុល បានផ្ដល់កិច្ចសម្ភាសន៍ឱ្យកាសែតជប៉ុន ហើយ RFI ក៏បានយកទៅផ្សាយបន្ត។ នៅក្នុងខ្លឹមសារនៃពាក្យបណ្ដឹងនោះ បានប្ដឹងលោក វណ្ណុល ថា លោក ធ្វើឱ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល តាមរយៈបទសម្ភាសន៍ជាមួយកាសែតជប៉ុន។ 
 
សូមជម្រាបថា កាលពីថ្ងៃទី១០មេសា តុលាការបានកោះហៅលោក វណ្ណុល ប៉ុន្តែមេធាវីការពារក្ដី បានស្នើសុំពន្យារពេល ចូលបំភ្លឺនៅថ្ងៃទី២៥មេសានេះវិញ ដោយសារលោក វណ្ណុល ទៅពិនិត្យសុខភាពនៅអាមេរិក៕ 

Tag:
 បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com