ជាតិ
ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដំណាក់កាលទី២
25, Apr 2024 , 8:19 pm        
រូបភាព
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ រូបពី ក្រសួងយុត្តិធម៌
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ រូបពី ក្រសួងយុត្តិធម៌
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សដល់សាធារណជន លើការស្នើសុំព្រឹត្តិបត្រថ្កោលទោស។


យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ មេសា សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នឹងត្រូវដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី២ ឧសភា ឆ្នាំ២០២៤នេះតទៅ។ ការដាក់ដំណើរការនូវប្រព័ន្ធឌីជីថលនេះ នឹងជួយសម្រួលឱ្យអ្នកស្នើសុំបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។
 
សម្រាប់អ្នកនៅក្នុងប្រទេស នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស ត្រូវមកទទួលដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា។ ចំណែក អ្នកនៅក្រៅប្រទេសវិញ ត្រូវមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ស្ថានកុងស៊ុលកម្ពុជា និងនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា។
 
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជន ទាញយកកម្មវិធីដែលមានឈ្មោះថា «CR-MOJ» ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ ប្រព័ន្ធ Android និងអនុវត្តតាមការណែនាំនៅក្នុងកម្មវិធីនេះ។
 
កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឱ្យដំណើរការសាកល្បងលើការផ្តល់ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ៕ 

Tag:
 សេវាព្រឹត្តិបត្រថ្កោលទោស
  ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com