អន្តរជាតិ
ករណីស្លាប់ពាក់ព័ន្ធកម្តៅនៅថៃកើនដល់ ៣០នាក់ ត្រឹមរយៈពេល ៤ខែ
26, Apr 2024 , 10:59 am        
រូបភាព
អ្នកដំណើរបាំងឆត្រនៅទីក្រុងបាងកក ដើម្បីការពារខ្លួនពីកម្តៅ។ រូបភាព AFP
អ្នកដំណើរបាំងឆត្រនៅទីក្រុងបាងកក ដើម្បីការពារខ្លួនពីកម្តៅ។ រូបភាព AFP
អាជ្ញាធរថៃ នៅថ្ងៃទី២៥ ខែមេសា បានព្រមានប្រជាជនឱ្យមានការប្រុងប្រយ័ត្ន និងថែទាំសុខភាព ក្នុងអំឡុងពេលរលកកម្តៅមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ អ្នកស្លាប់ពាក់ព័ន្ធនឹងកម្តៅកើនឡើងដល់ ៣០នាក់ ត្រឹមរយៈពេល ៤ខែ។


មួយរយៈចុងក្រោយ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានរងរលកកម្តៅ ដោយសីតុណ្ហភាពនៅប្រទេសខ្លះបានហក់ឡើងខ្ពស់ខ្លាំង។ ហ្វីលីពីនមានដល់ ៤៥អង្សា ដែលបង្ខំឱ្យសាលារៀនជាច្រើននៅទូទាំងប្រទេសត្រូវបិទ។ ចំណែកនៅក្រុងបាងកក ប្រទេសថៃ សីតុណ្ហភាពមានប្រមាណ៤០,១ អង្សាសេ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមេសា។ 
 
ពាក់ព័ន្ធនឹងអាកាសធាតុដ៏ក្តៅនេះ ក្រសួងសុខាភិបាលថៃ បានបញ្ចេញទិន្នន័យអ្នកស្លាប់មានរហូតដល់ ៣០នាក់ ដោយសារកម្តៅឡើងនៅក្នុងខ្លួនខ្លាំង ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា។ ចំនួននេះគឺខ្ពស់ ខណៈពេញមួយឆ្នាំ២០២៣ ថៃមានអ្នកស្លាប់ពាក់ព័ន្ធនឹងកម្តៅចំនួន ៣៧នាក់។ 
 
«មន្រ្តី បានអំពាវនាវឱ្យប្រជាជនចាស់ៗ និងអ្នកមានជំងឺ រួមទាំងប្រជាជនលើសទម្ងន់ឱ្យស្នាក់នៅក្នុងផ្ទះ និងបរិភោគទឹកឱ្យបានទៀងទាត់»។ ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីលោក Direk Khampaen អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបែបនេះ នៅថ្ងៃទី២៥ ខែមេសា។ 
 
នៅតំបន់ភាគខាងជើងថៃ ក្នុងថ្ងៃទី២២ ខែមេសា សីតុណ្ហភាពមានរហូតដល់ ៤៤,២អង្សា ប៉ុន្តែចំនួននេះ គឺទាបជាងឆ្នាំមុនបន្តិចប៉ុណ្ណោះ ដែលមានចំនួន ៤៤,៦អង្សា៕ 

Tag:
 ថៃ
  កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com