កីឡាអន្តរជាតិ
អន្តរជាតិ
U23 Asian Cup ៖ ឥណ្ឌូណេស៊ីខ្វះមួយជំហានដើម្បីទៅកាន់អូឡាំពិកប៉ារីស ក្រោយទម្លាក់កូរ៉េខាងត្បូង
26, Apr 2024 , 11:49 am        
រូបភាព
ប្រជាជនឥណ្ឌូណេស៊ីកំពុងអបអរសាទរជ័យជម្នះរបស់ក្រុមអាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ដែលបានទម្លាក់ក្រុមខ្លាំង អាយុក្រោម ២៣ឆ្នាំ កូរ៉េខាងត្បូង ដោយលទ្ធផលស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ១១-១០​ ក្រោយលទ្ធផលស្មើ ២-២ រយៈពេល ១២០នាទី នៃការប្រកួត AFC U23 Asian Cup វគ្គ ៨ក្រុមចុងក្រោយក្នុងទីក្រុងដូហា ប្រទេសកាតា។


ជ័យជម្នះដ៏រីករាយ បានរិញច្រានប្រទេសឥណ្ឌូណេស៊ីខិតកាន់តែជិតដោយខ្វះតែមួយជំហានទៀតប៉ុណ្ណោះ សម្រាប់ទទួលបានសំបុត្រទៅកាន់ការប្រកួតពានព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ ក្រុមដែលមានចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ នៃការប្រកួត នឹងត្រូវជាប់ទៅកាន់ការប្រកួតអូឡាំពិកទីក្រុងប៉ារីស ខណៈក្រុមលេខ៤ នឹងត្រូវបន្តប្រកួតវគ្គ Playoff អន្តរទ្វីបរវាងតំបន់អាស៊ី និងអាហ្រ្វិក ទល់ក្រុមហ្គីណេ ក្នុងខែឧសភា។
 
កីឡាករ Rafael Struick ខ្សែបម្រើដែលនៅក្លិបប្រទេសហូឡង់ ADO Den Haag បានស៊ុតបាល់បញ្ចូលទី ២គ្រាប់សម្រាប់ឥណ្ឌូណេស៊ី។ ប៉ុន្តែកំហុសកីឡាករ Trisnanda Komang Teguh ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង ពីការស៊ុតបាល់ពីសំណាក់កីឡាករ Jeong Sang-bin ជាគ្រាប់បាល់ស្មើ ១-១ ចុងបញ្ចប់វគ្គទីមួយ។
 
កូរ៉េខាងត្បូងព្យាយាមរកគ្រាប់តាមស្មើការប្រកួតជារឿយៗ ដោយក្នុងវគ្គទីពីរ ក្រុមដែលត្រូវបានគេចាប់អារម្មណ៍ថានឹងឈ្នះពាន U23 Asian Cup មួយនេះមានប៉ះទង្គិចធ្វើឱ្យមានកីឡាករត្រឹម ១០នាក់ប៉ុណ្ណោះ ប៉ុន្តែសំណាងល្អទទួលបានឱកាសស៊ុតជាកីឡាករ Jeong Sang-bin ដដែលរកបានគ្រាប់ទី២ ដល់ក្រុម។ 
  


ឥណ្ឌូណេស៊ីឈ្នះការប្រកួតនៅពេលកីឡាករ Pratama Arhan ស៊ុតបាល់គ្រាប់ជ័យជម្នះចុងក្រោយទី ១១ ខណៈកីឡាករកូរ៉េខាងត្បូង Lee Kang-hee ស៊ុតត្រូវអ្នកចាំទីជួយសង្គ្រោះបាន។ កូរ៉េខាងត្បូងចាញ់ ធ្វើឱ្យពួកគេធ្លាក់ចេញដោយគ្មានកៅអីអូឡាំពិកលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨០។
 
រឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Shin Tae-yong ដែលដឹកនាំឥណ្ឌូណេស៊ីយកឈ្នះការប្រកួត បានទម្លាក់ក្រុមក្នុងប្រទេសកំណើតរបស់លោកពីវគ្គជម្រុះ។ លោក Tae-Yong កំពុងតែផ្ទុះការល្បីឈ្មោះជាខ្លាំងលើបណ្តាញសង្គម X ប្រទេសកូរ៉េខាងត្បូង។
 
ឥណ្ឌូណេស៊ី លើវិញ្ញាសាបាល់ទាត់ នេះជាលើកទីពីរសម្រាប់ពួកគេក្នុងការស្វែងរកឱកាសដើម្បីអាចឈានជើងទៅកាន់អូឡាំពិកជាថ្មី និងលើកដំបូងក្នុងរយៈពេល ៦៨ឆ្នាំ ចាប់តាំងពីការប្រកួតអូឡាំពិកទីក្រុងម៊ែលបន។
 
ដោយឡែកការប្រកួតមួយគូផ្សេងទៀត ជប៉ុន បានបំបាក់ម្ចាស់ផ្ទះកាតាក្នុងម៉ោងបន្ថែម ១៥នាទី ២ដង លទ្ធផល ៤-២ ដើម្បីបញ្ចប់ក្តីសង្ឃឹមម្ចាស់ផ្ទះ។ ក្រុមការពារជើងឯក អារ៉ាប៊ីសាអូឌីត និងត្រូវជួបទល់ក្រុមអ៊ូសបេគីស្ថាន ខណៈអ៊ីរ៉ាក់ ជួប វៀតណាម វគ្គ ៨ក្រុមចុងក្រោយ៕

Tag:
 ឥណ្ឌូណេស៊ី
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com