ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ឧបត្ថម្ភប្រាក់ចំនួន ៣០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា
26, Apr 2024 , 3:59 pm        
រូបភាព
ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាព ក្នុងការចូលរួមឧបត្ថម្ភប្រាក់ចំនួន ៣០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ព្រមទាំងបានជូនកញ្ចប់ថវិកាមួយចំនួនផ្សេងទៀតដោយផ្ទាល់ដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដែលការឧបត្ថម្ភនេះ ធ្វើឡើងនៅថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារមានកេរ្តិ៍ឈ្មោះល្បីមួយនៅក្នុងខេត្តសៀមរាប​ ផ្តល់សេវាថែទាំឯកទេសដល់កុមារ ដែលមានស្ថានភាពជំងឺរ៉ាំរ៉ៃ កម្រ និងមានសភាពស្រួចស្រាល់ធ្ងន់ធ្ងរ នៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះការចូលរួមប្រាក់ឧបត្ថម្ភរបស់ធនាគារ ហត្ថា នេះនឹងជួយគាំទ្រដល់បេសកកម្ម របស់មន្ទីរពេទ្យក្នុងការធ្វើឱ្យប្រសើរឡើង នូវការថែទាំសុខភាពសម្រាប់កុមារកម្ពុជាគ្រប់រូប។
 
ធនាគារ​ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍ និងស្ថាប័នទាំងឡាយណា ដែលជួយដល់សង្គមប្រកបដោយចីរភាព។ ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នេះគឺបង្ហាញយ៉ាងច្បាស់ ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយវាស្របទៅតាមគុណតម្លៃស្នូល និងសសរស្តម្ភមួយ នៃកិច្ចការងារសង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឱ្យកាន់ល្អតែប្រសើរ។
 


ឆ្លៀតក្នុងឱកាសនោះ លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារ ហត្ថា បានថ្លែងអំណរគុណ និងអបអរសាទរ ដល់ការរួមចំណែកចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តម របស់មន្ទីរពេទ្យកុមារអង្គរ។ 
 
លោក Wee Mun Seng បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានកិត្តិយស លើកិច្ចសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការចូលរួមបំពេញបេសកកម្មផ្តល់សេវាថែទាំសុខភាព ដ៏មានសារៈសំខាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់លើកម្លាំងរួបរួម ក្នុងការផ្តល់ផលជាវិជ្ជមានទៅឱ្យសង្គមទាំងមូល។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយគាំទ្រដល់សុខុមាលភាពសហគមន៍ ដែលយើងកំពុងផ្តល់សេវាកម្មជូន។”
  


នាយកមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា មានប្រសាសន៍ថា៖ “ខ្ញុំបាទផ្ទាល់ តំណាងឱ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យកុមារអង្គរ ពិតជាមានមោទនភាពបំផុត ដែលបានទទួលការឧបត្ថម្ភគាំទ្រពីធនាគារ ហត្ថា ក្នុងការជួយលើកស្ទួយដល់វិស័យសុខាភិបាល ដើម្បីឱ្យសុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំ នៃប្រទេសកម្ពុជាយើង។” 
 
ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជា ដែលកំពុងត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
  


អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ​ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕
 











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com