កីឡាអន្តរជាតិ
អន្តរជាតិ
​​Man City បន្ដដាក់សម្ភាធ​ Arsenal! លោក ​Pep ថាសល់ ៥ប្រកួត ក្រុមត្រូវឈ្នះ រហូត
26, Apr 2024 , 5:39 pm        
រូបភាព
Manchester City បំបាក់ក្រុម Brighton & Hove Albion ដោយលទ្ធផល ៤-០ នៅក្នុងជំនួបក្របខណ្ឌ Premier League ដើម្បីបន្តដាក់សម្ពាធលើក្រុម Arsenal ដែលកំពុងឈរកំពូលតារាង។ ជ័យជម្នះជាមួយ ៤គ្រាប់ អរគុណដល់កីឡាករ Kevin De Bruyne កីឡាករ Phil Foden ២គ្រាប់ និង Julain Alvarez ខណៈលោក Pep Guardiola និយាយទាំងរីករាយថានៅសល់ ៥ប្រកួតចុងក្រោយ ក្រុមត្រូវតែបន្តដណ្តើម៣ពិន្ទុទាំងអស់។


Man City បន្តដេញតាមដាក់សម្ពាធលើក្រុមរហស្សនាមកាំភ្លើងធំ ដោយមានគម្លាតពិន្ទុត្រឹមតែ ១ពិន្ទុ ស្ថិតនៅលេខ ២។ លោក Pep Guardiola ថ្លែងក្រោយចប់ការប្រកួត ជាមួយភាពរីករាយនឹងជ័យជម្នះប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports ដូច្នេះថា៖«៣ពិន្ទុនេះហើយគឺជាសេចក្តីថ្លែងការណ៍ពេលនេះ។ វានៅសល់ការប្រកួត ៥លើកចុងក្រោយ យើងដឹងថាវាពិតជាខិតកាន់ជិត និងតានតឹង ដូច្នេះយើងត្រូវឈ្នះលើគ្រប់គ្នា។ គ្រប់ការប្រកួតយើងជិតទៅដល់ហើយ។»។ 
 
Arsenal ឈរកំពូលតារាងជាមួយ ៧៧ពិន្ទុ ខណៈនៅសល់ត្រឹមតែ ៤ប្រកួតក្នុងដៃប៉ុណ្ណោះ ចំណែក Man City លេខ​ ២ មាន ៧៦ពិន្ទុ ចំណេញមួយប្រកួតក្នុងដៃ។ រីឯ Liverpool កាលពីពេលថ្មីៗនេះ អ្នកចាត់ការក្រុមលោក Jurgen Klopp ធ្លាប់បាននិយាយថា ការប្រជែងពាននឹងអាចកើតឡើងពេលដែល Arsenal និង Man City ភ្លាត់ស្នៀតចាញ់ការប្រកួតណាមួយ។
 
«អ្វីកើតឡើងលើ Liverpool ចាញ់ ២ប្រកួតជាប់គ្នា វានឹងអាចកើតឡើងសម្រាប់ Arsenal វាក៏អាចកើតឡើងសម្រាប់យើង។ រឿងដែលសំខាន់នោះគឺយើងបន្តស្ថិតនៅទីនោះ ហើយយើងមានការប្រកួតច្រើនត្រូវលេងបន្តទៀត។»។ នេះបើតាមការអះអាងរបស់លោក Klopp។
 
សម្រាប់ការប្រកួតរបស់ Man City Arsenal និង Liverpool ដែលនៅសល់ទាំងប៉ុន្មាននេះ នឹងត្រូវឆ្លងកាត់ជំនួបដ៏តានតឹងមួយ គឺការប៉ះលើក្រុម Tottenham Hotspur ដូចៗគ្នា។
 
Arsenal នឹងជួប Spurs នៅសប្តាហ៍ក្រោយដែលនឹងក្លាយជាជំនួបដ៏តានតឹងមួយ សម្រាប់ពួកគេក្នុងការដណ្តើមយកពិន្ទុ ដ្បិត Spurs ក៏ប្រជែងពិន្ទុក្នុងការស្វែងកៅអីពានរង្វាន់អឺរ៉ុបរដូវកាលក្រោយដូចគ្នា ។ បន្ទាប់ពីផុតពីការប៉ះ Spurs រួច Arsenal ត្រូវបន្តជួបក្រុមប្រជែងដ៏ខ្លាំងមួយទៀតនោះគឺ Man United នៅក្នុងការប្រកួតទី៣៧ របស់ពួគគេ ដែលរឿងនេះហើយ នឹងអាចបង្កបញ្ហាដល់ក្រុមដឹកនាំដោយលោក Arteta អាចនឹងរបូតពានចេញដៃថែមទៀត ក្នុងរដូវកាលនេះ៕

Tag:
 Manchester City
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com