អន្តរជាតិ
បញ្ហាចាស់ៗ នៅតែជាប្រធានបទក្នុងទស្សនកិច្ចលោកប្លីងខិននៅចិន
26, Apr 2024 , 9:29 pm        
រូបភាព
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ចាប់ដៃជាមួយសមភាគីចិន លោក វ៉ាង យី នៅក្រុងប៉េកាំង ក្នុងថ្ងៃទី២៦ ខេមេសា។ រូបភាព CGTN
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ចាប់ដៃជាមួយសមភាគីចិន លោក វ៉ាង យី នៅក្រុងប៉េកាំង ក្នុងថ្ងៃទី២៦ ខេមេសា។ រូបភាព CGTN
បញ្ហាកោះតៃវ៉ាន់ ក្តីបារម្ភការផ្តល់អាវុធឱ្យរុស្ស៊ី ការអភិវឌ្ឍចិន និងការកែលម្អទំនាក់ទំនងជាដើម ដែលសុទ្ធតែជាបញ្ហាចាស់ នៅតែប្រធានបទដ៏សំខាន់ ក្នុងពេលដំណើរទស្សនកិច្ចរបស់លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅចិន។ ក្នុងដំណើរទស្សនកិច្ចនៅចិនរយៈពេល ៣ថ្ងៃនេះ លោកប្លីងខិន បានជួបជាមួយសមភាគីចិន លោកវ៉ាង យី និងលោកប្រធានាធិបតីស៊ី ជិនភីង ថែមទៀត។
 
បន្ទាប់ពីកិច្ចសន្ទនាតាមប្រព័ន្ធទូរសព្ទរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ​និងសមភាគីលោកស៊ី ជិនភីង នៅពេលកន្លងមក លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានជួបជាមួយសមភាគីចិន លោក វ៉ាង យី នៅក្រុងប៉េកាំង ក្នុងថ្ងៃទី២៦ ខែមេសា។ 
 
បញ្ហាចាស់ៗ ដូចជាកោះតៃវ៉ាន់ ការកៀបសង្កត់ការអភិវឌ្ឍចិន ក្តីបារម្ភពីការផ្តល់អាវុធចិនឱ្យរុស្ស៊ី និងការកែលម្អទំនាក់ទំនងទ្វេភាគី នៅតែសំខាន់ ក្នុងជំនួបជាមួយប្រមុខការទូតប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ 
 
«ចិនគោរពគោលការណ៍ឱ្យតម្លៃគ្នាទៅវិញទៅមក, ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។ ទូរទស្សន៍ចិន CGTN បានស្រង់សម្តីលោកវ៉ាងបែបនេះ នៅក្នុងជំនួបជាមួយលោកប្លីងខិន។ បើតាមលោកវ៉ាង ដែលជាសមាជិការិយាល័យនយោបាយផងនោះ រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តឱ្យតម្លៃលើទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព, ស្ថានភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
 
ពីក្រុងប៉េកាំង ប្រមុខការទូតចិន ក៏បានទទូចជាថ្មីឱ្យអាម៉េរិកកៀបសង្កត់មកលើខ្លួនដោយគ្មានហេតុផល ហើយទំនាក់ទំនងរវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោន នឹងមិនទទួលបានលទ្ធផលមិនល្អឡើយ។ ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសចិន បានបង្ហាញក្តីសង្ឃឹមថា ចិន និងអាម៉េរិក នឹងអាចដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសកល និងទទួលបានលទ្ធផលឈ្នះ-ឈ្នះ ជាជាងប្រឈមមុខដាក់គ្នា​ ដែលធ្វើឱ្យខាតបង់ប្រយោជន៍ទាំងសងខាង។ 
 
ក្នុងជំនួបប្រមាណ៤ម៉ោងកន្លះនេះ លោកប្លីងខិន បានបង្ហាញពីក្តីបារម្ភពាក់ព័ន្ធនឹងការគាំទ្ររបស់ចិនលើឧស្សហកម្មវិស័យការពាររុស្ស៊ី។ បញ្ហាសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ ក៏ត្រូវបានលើកទៅជជែកផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller។ 
 
តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាម៉េរិក លោកប្លីងខិនបានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរ អាចដោះស្រាយការខ្វែងគំនិតគ្នាមួយចំនួនបានខ្លះ និងមានកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ 
 
ក្នុងថ្ងៃដដែល លោកវ៉ាង ក៏បានជួបជាមួយលោកស៊ី ជិនភីង ប្រធានាធិបតីចិន នៅទីក្រុងប៉េកាំងផងដែរ។ បើតាមលោកស៊ី រដ្ឋាភិបាលក្រុងប៉េកាំង រីករាយពេលឃើញអាម៉េរិកមានការអភិវឌ្ឍ វិបុលភាព និងការបើកចំហរ ហើយចង់ឃើញអាម៉េរិកមើលលើការអភិវឌ្ឍចិនប្រកបដោយភាពវិជ្ជមានដែរ។ 
 
ទន្ទឹមនេះ លោកស៊ី បានជំរុញឱ្យភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗផងដែរ ដើម្បីអាចឈានដល់ការកែលម្អទំនាក់ទំនងទ្វេភាគី៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com