ជាតិ
សង្គមជាតិ
សង្គមស៊ីវិល ថា ការបំពានសេរីភាពមូលដ្ឋានកម្ពុជា ក្នុងឆ្នាំ២០២៣ កើនឡើង១១ភាគរយ
26, Apr 2024 , 9:59 pm        
រូបភាព
ពលរដ្ឋជួបជុំក្នុងវេទិកាសាធារណៈនាពេលកន្លងមក។ រូបពី អាដហុក
ពលរដ្ឋជួបជុំក្នុងវេទិកាសាធារណៈនាពេលកន្លងមក។ រូបពី អាដហុក
ភ្នំពេញ៖ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) និងមជ្ឈមណ្ឌលសាមគ្គីភាព រកឃើញថា ការបំពានសេរីភាពមូលដ្ឋាន កើនឡើង១១ភាគរយ នៅឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍រួមរបស់សង្គមស៊ីវិល ស្ដីពី ការឃ្លាំងមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ក្នុងឆ្នាំ២០២៣។
 
របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋាន គឺផ្ដោតលើសេរីភាពខាងសមាគម សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពខាងជួបជុំ។ របាយការណ៍ ដែលបានចេញកាលពីថ្ងៃទី២៤មេសា ដោយក្រុមសង្គមស៊ីវិល បានសង្កត់ធ្ងន់ថា៖ «ការអនុវត្តសរីភាពមូលដ្ឋានដោយសន្តិវិធី បានជួបប្រទះការរឹតត្បិតកាន់តែខ្លាំងឡើងៗ ដូចការប្រែប្រួលផ្នែកច្បាប់នៅឆ្នាំ២០២៣»។  
 
របាយការណ៍ដដែល បង្ហាញថា អនុក្រឹត្យចំនួនបី និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មិនអនុលោមតាមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន។ អនុក្រឹត្យទាំងនេះ រួមមាន អនុក្រឹត្យស្ដីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម អាចប្រើជាឧបករណ៍ដើម្បីឃ្លាំមើល និងរឹតត្បិតសិទ្ធពលរដ្ឋ។
 
អនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មានគោលបំណងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានារបស់អ្នកប្រើប្រាស់។ តែយ៉ាងណាក៏ដោយ ត្រូវតែធានាថាថ្នាល និងការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (blockchain) នឹងមិនបង្កឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត ចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេស។ អនុក្រឹត្យមួយទៀត ស្ដីពីការរៀបចំ ការគ្រប់គ្រង និងបែងចែកវិសាលគមន៍ហ្វ្រេកង់វិទ្យុ អាចជាឧបករណ៍មួយសម្រាប់ស្ដាប់ការសន្ទនាផ្ទាល់ខ្លួន។ 
 
ក្នុងឆ្នាំ២០២៣ ក្រុមសង្គមស៊ីវិល រកឃើញថា ហេតុការណ៍ចំនួន៦៣៣ ដែលពាក់ព័ន្ធនឹងសរីភាពមូលដ្ឋាន ត្រូវបានកត់ត្រា។ ចំនួននេះ មានការកើនឡើង១១ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នៅក្នុងចំណោម ចំនួន៦៣៣ហេតុកាណ៍នេះ មាន២៥៥ករណី ជួបការរឹតត្បិត និង៣៧៧ទៀត បានជួបការរំលោភបំពាន។ 
 
ក្រៅពីនេះ ពួកគេក៏បានលើកឡើងពីការបង្ក្រាបលើអ្នកនយោបាយនៅបក្សប្រឆាំង និងការបិទប្រព័ន្ធផ្សព្វផ្សាយផងដែរ។ 
 
ជុំវិញរបាយការណ៍នេះ លោក​ ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពិនិត្យមើលរបាយការណ៍ និងចាត់ទុកថា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតឡើយ។ លោកអះអាងថា អាជ្ញាធរបានបង្កើតបរិយាកាសអំណោយផល ដល់មហាជនជាច្រើន ក្នុងការជួបជុំ ការបង្កើតសមាគមន៍ និងធ្វើសកម្មភាពនយោបាយ។ 
 
ប៉ុន្តែ មានករណីមួយចំនួនតូចប៉ុណ្ណោះ ដែលមានការរឹតត្បិត ដោយសារតាមអំណាចតុលាការ។  លោក បានបញ្ជាក់ថា កន្លងមក មានបុគ្គលមួយចំនួន ត្រូវបានតុលាការ ហាមឃាត់សកម្មភាព និងសិទ្ធិធ្វើនយោបាយ។
 
«អាជ្ញាធរមានការប្រុងប្រយ័ត្នណាស់ មិនធ្វើអ្វីឱ្យបះពាល់ដល់សិទ្ធិសេរីភាពពលរដ្ឋឡើយ ព្រោះសម័យនេះ មិនអាចលាក់បាំងបាននោះទេ ពិសេសតាមប្រព័ន្ធផ្សព្វផ្សាយ។ អាជ្ញាធរមានតែខិតខំកែទម្រង់ និងគោរពសិទ្ធិពលរដ្ឋ»។ លោក ទូច សុឃៈ ប្រាប់សារព័ត៌មានថ្មីៗបែបនេះ ហើយក៏អំពាវនាវឱ្យ សាធារណជន ពិសេស ក្រុមសង្គមស៊ីវិល អ្នកនយោបាយ រួមទាំងសកម្មជនមួយចំនួន ពិនិត្យមើលទិដ្ឋភាពច្បាប់ជាក់ស្ដែង មុននឹងវាយតម្លៃ និងធ្វើសកម្មភាពអ្វីមួយ៕ 
 

Tag:
 សេរីភាពមូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com