ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹង​ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (UMS) ដើម្បីបង្កើនគុណភាពអប់រំ
27, Apr 2024 , 9:59 am        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
 
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System/UMS) ដែលមានមុខងារដល់ជិត២០០ ដើម្បីបង្កើនគុណភាពអប់រំនៅកម្ពុជា​។ បើតាមរដ្ឋមន្ត្រីប្រៃសណីយ៍  លោក ជា វ៉ាន់ដេត បច្ចុប្បន្នក្រសួងកំពុងបណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ UMS នេះ​ នៅសាកលវិទ្យាល័យចំនួន៤​ មុននឹងពង្រីកដល់សាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស។​
 
សាកលវិទ្យាល័យ៤ដែលក្រសួងប្រៃសណីយ៍កំពុងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ​UMS នោះមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យ ប៊ែលធី និងសាកលវិទ្យាល័យអាម៉េកាំងភ្នំពេញ។ « ដាក់ឱ្យជោគជ័យសិន! ប្រហែលជា៦ខែជោគជ័យអស់ហើយ បានយើងរៀនសូត្រពីជោគជ័យនេះ ដើម្បីពង្រាយប្រព័ន្ធនេះទៅតាមសាកលវិទ្យាល័យទាំងរដ្ឋ ទាំងឯកជន»។ នេះជាការលើកឡើងរបស់ លោក ជា វ៉ាន់ដេត។
 
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន១៨​ នាថ្ងៃទី២៥មេសា លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា ប្រព័ន្ធ UMS នេះ​ គឺមានមុខងារធំៗចំនួន៣ ក្នុងនោះ​ មានមុខងារ ការរៀនសូត្រ និងសង្គតិភាព (Learning and Consistency) សម្រាប់គ្រូ និងសិស្សចូលរៀនក្នុងសាលា, ​ មុខងារសម្រាប់សាលាគ្រប់គ្រង និងមុខងារសម្រាប់សិស្ស-និស្សិតស្រាវជ្រាវឯកសារ គឺជាបណ្ណាល័យអេឡិចត្រូនិក (E-Library)​។ 
 


« មុខងារធំទាំង៣នៃប្រព័ន្ធ UMS នេះ គឺមានមុខងារតូចៗទាំងអស់ចំនួន១៩០មុខងារ សម្រាប់ដាក់ប្រើប្រាស់​នៅតាមសាកលវិទ្យាល័យនីមួយៗ»។ នេះជាការរៀបរាប់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដែលចង់ឃើញសាកលវិទ្យាល័យទាំងអស់នៅកម្ពុជាមាន E-Library រួមមួយ ដើម្បីឱ្យសិស្ស-និស្សិតអាចចូលស្រាវជ្រាវរកឯកសារនានា សម្រាប់ការសិក្សាកាន់តែសម្បូរបែបហើយមានភាពងាយស្រួល។​
 
លោកបន្តនិយាយដូច្នេះ៖ « នេះជាអ្វីដែលយើងនឹងធ្វើ ហើយការប្រើប្រាស់​នូវ E-Library គឺអត់អស់លុយទេ ដែលក្រសួងប្រៃសណីយ៍ជាអ្នករាប់រងទាំងអស់។ យើងអភិវឌ្ឍន៍ប្រព័ន្ធនេះ រួមគ្នាជាមួយដៃគូរបស់យើងហើយយើងគ្រប់គ្រង១០០ភាគរយ ព្រោះយើងមានក្រុមការងារជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធនេះឡើង»។ 
 
លោក ជា វ៉ាន់ដេត រំពឹងប្រព័ន្ធ UMSនេះ នឹងត្រូវបានដាក់ពង្រាយឱ្យប្រើប្រាស់នៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជនបានទាំងអស់នៅក្នុងឆ្នាំ២០២៥។ លោកជឿជាក់ថា គុណភាពអប់រំនៅកម្ពុជា​​នឹងកាន់តែល្អប្រសើរ ក្រោយប្រព័ន្ធនេះដំណើការបានពេញលេញ៕ 
 
 
 
 
 

Tag:
 ឌីជីថល
  UMS
© រក្សាសិទ្ធិដោយ thmeythmey.com