អន្តរជាតិ
បក្សកុម្មុយនីស្តវៀតណាមកំពុងរញ្ជួយដោយការប្រជែងអំណាច?
27, Apr 2024 , 2:59 pm        
រូបភាព
ពីឆ្វេងទៅស្ដាំ៖ នាយករដ្ឋមន្រ្តី ផាម មិញឈិញ
ពីឆ្វេងទៅស្ដាំ៖ នាយករដ្ឋមន្រ្តី ផាម មិញឈិញ
បក្សកុម្មុយនីស្តវៀតណាម ទំនងមិនដែលជួបបញ្ហារង្គោះរង្គើដូចបច្ចុប្បន្នឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីបាត់បង់មេដឹកនាំធំៗបន្តបន្ទាប់គ្នា។ នៅខែមីនា ប្រធានាធិបតី វ៉ វ៉ាន់ធឿង ចុះចេញ ហើយនៅថ្ងៃទី២៦ ខែមេសា ប្រធានសភា វឿង ឌិញហ្វេ ក៏លាលែងថែមទៀត ក្រោមហេតុផលដូចគ្នាគឺមានកំហុសបំពានវិន័យបក្ស។ តើការចុះចេញបែបនេះ មានហេតុផលត្រឹមនេះ ឬជាការប្រជែងអំណាចក្នុងបក្ស?
 
សសរស្ដម្ភ២ ក្នុងចំណោមសសរស្ដម្ភ៤ នៃក្បាលម៉ាស៊ីនដឹកនាំវៀតណាម បានបាក់រលំរកអ្នកជំនួសមិនទាន់នៅឡើយក្នុងអ្វីដែលគេមើលឃើញថា ជាការប្រទាញប្រទង់ក្នុងជួរបក្សដែលកើតឡើងមុនសមាជឆ្នាំ២០២៦ ដែលកញ្ចប់មេដឹកនាំថ្មីនឹងត្រូវជ្រើសរើស។
 
ចន្លោះពេលត្រឹមមួយខែ មេដឹកនាំសំខាន់ដល់ទៅ២នាក់ សម្រេចចិត្តលាលែងមានលោក វ៉ វ៉ាន់ធឿង ចុះចេញពីកៅអីប្រធានាធិបតី និងលោក វឿង ឌិញហ្វេ ដែលជាប្រធានសភា។ លោក ធឿង ផ្ទាល់ ក៏ទើបឡើងកាន់តំណែងនេះបានប្រមាណ១ឆ្នាំប៉ុណ្ណោះ បន្តពីលោក ង្វៀន សួនហ្វ៊ុក ដែលសុំលាលែងពីតំណែងជាការទទួលខុសចំពោះកំហុសមន្រ្តីថ្នាក់ក្រោមអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
 
ទាំងលោក ធឿង ទាំងករណីលោក ហ្វេ រដ្ឋាភិបាលវៀតណាមសុទ្ធតែប្រើហេតុផលដូចគ្នា គឺមានកំហុស និងបំពានវិន័យ។ ទោះសេចក្ដីប្រកាសផ្លូវការមិនបញ្ជាក់ការធ្វើកំហុសផ្ទាល់ឬអត់ ការលាលែងនេះ សុទ្ធតែកើតឡើងក្រោយមានសំណុំរឿងនៅតុលាការពាក់ព័ន្ធការដឹកនាំ និងកូនចៅថ្នាក់ក្រោមរបស់លោក ធឿង និងលោក ហ្វេ។ មុនលោក ហ្វេ លាលែង ជំនួយការជំនិតរបស់លោក ត្រូវបានចាប់ខ្លួនតែម្ដង។
 
ការបាត់បង់ប្រធានាធិបតី និងប្រធានសភាបន្តកន្ទុយគ្នានេះ ជារឿងកម្រនៅវៀតណាម ដែលធ្លាប់តែមានឈ្មោះទាក់ទាញអ្នកវិនិយោគដោយសារស្ថិរភាពនយោបាយ។ ទោះជារបបកុម្មុយនីស្ត វៀតណាម មិនមែនមេដឹកនាំស្នូលដូចនៅចិន ឬកូរ៉េខាងជើងឡើយ ដែលធ្វើឱ្យការសម្រេចចិត្តភាគច្រើនធានាដល់ស្ថិរភាពបក្ស និងសេដ្ឋកិច្ច។
 
យ៉ាងណាមិញ ក្រោមយុទ្ធនាការកម្ចាត់អំពើពុករលួយរបស់អគ្គលេខាធិការបក្ស ង្វៀន ភូជុង មន្រ្តីគ្រាក់ៗ និងអ្នកជំនួញធំៗជាច្រើន ត្រូវបានកាត់ទោសជាបន្តបន្ទាប់។ ប៉ុន្តែការអូសទម្លាក់មន្រ្តីសសរស្ដម្ភបែបនេះ អាចមិនមែនមានហេតុផលត្រឹមជាការបោសសម្អាតបទល្មើសក្នុងប្រទេសឡើយ។
 
លោក ធឿង និងលោក ហ្វេ​ ដែលមានវ័យក្មេងសុទ្ធតែត្រូវមើលឃើញជាបេក្ខជនដែលអាចស្នងតំណែងលោក ជុង នាសមាជបក្សឆ្នាំ២០២៦។ លោក​ ជុង ដែលកាន់តំណែងលេខាបក្ស៣អាណត្តិមកហើយនោះ ទំនងមិនអាចបន្តអង្គុយលើកៅអីខ្ពស់ជាងគេនេះទៀតឡើយ។ ការចាកចេញរបស់មន្រ្តីធំៗទាំង២ អាចជាការប៉ែងជើងគ្នាក្នុងចំណោមមន្ត្រីបក្សដែលសម្លឹងឃើញតំណែងលេខាបក្ស និងតំណែងធំផ្សេងទៀត។   
 
ដូចរៀបរាប់ខាងលើ មន្រ្តីធំៗ សុទ្ធតែជាប់ពាក់ព័ន្ធក្នុងរឿងដែលកើតឡើងពីអតីតកាល ឬកំហុសមនុស្សក្បែរខ្លួនប៉ុណ្ណោះ។ កំហុសពីអតីតកាលបែនេះ ទំនងជាបន្តត្រូវបានប្រើប្រាស់ដើម្បីនៅពេលខាងមុខទៀតដើម្បីផ្ដួលគូប្រជែង។
 
បច្ចុប្បន្ន តំណែងប្រធានាធិបតី នៅទំនេរនៅឡើយ ដោយមានត្រឹមប្រធានាធិបតីស្ដីទីប៉ុណ្ណោះ ចំណែកប្រធានសភាថ្មី ក៏មិនមានដែរ។ តំណែងទាំង២ មិនសូវមានអំណាចខ្លាំងដូចនាយករដ្ឋមន្រ្តី និងលេខាបក្សឡើយ។ ដូចនេះ មន្រ្តីវៀតណាមដែលមានមហិច្ឆតាខ្លះ ទំនងសម្លឹងឃើញកៅអីប្រមុខរដ្ឋាភិបាល និងប្រមុខដឹកនាំបក្សដែលមានឥទ្ធិពលវិញ៕
 
ក្នុងចំណោមសមាជិកការិយាល័យនយោបាយសព្វថ្ងៃ ភាគច្រើនមានខ្សែរយៈជាយោធា និងប៉ូលិស ហើយក៏មិនមានអ្នកដែលមានបទពិសោធផ្នែកសេដ្ឋកិច្ចប៉ុន្មានដែរ។ ជាឋានានុក្រម ក្រោមមន្រ្តីទាំង៤ មានរដ្ឋមន្រ្តីក្រសួងនគរបាល តូ ឡិម និងប្រធានគណៈចាត់តាំង លោកស្រី ជឿង ធីម៉ៃ ដែលអាចឡើងកាន់តំណែងធំទាំងនោះបាន។
 
តាមប្រវត្តិកន្លងមក ប្រធានាធិបតីមុនៗ ធ្លាប់ជារដ្ឋមន្រ្តីនគរបាលដែរដូចជាលោក ជិន ដៃគ័ង ជាដើម។ សភាវៀតណាម ក៏ធ្លាប់មានប្រធានជាស្ត្រីដែរ។
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com