ជាតិ
ក្រុមការងារស.ស.យ.ក. ​វិស័យការងារគាំទ្រ​គម្រោង ព្រែកជីកហ្វូណន​
27, Apr 2024 , 5:00 pm        
រូបភាព
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញជំហរ​គាំទ្រពេញទំហឹង ចំពោះ​គម្រោង ព្រែកជីកហ្វូណន-តេជោ ដែល​ជា​ព្រែកជីកប្រវត្តិសាស្ត្រ​លើកទី១នៅកម្ពុជា និងជាគំនិតផ្តួចផ្តើមរបស់ សម្តេច​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភាកម្ពុជា។
​តាមរយៈញត្តិគាំទ្រក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍​​ដ៏​មហាសាលដល់ប្រទេសកម្ពុជា ជា​ពិសេស​វិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយតម្លៃ និង ពេល​វេលាដឹកជញ្ជូន ​បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់​​ចរាចរណ៍ ក៏ដូចជា​នីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លង កាត់ទំនិញពីកម្ពុជា ទៅ សមុទ្រ​ជាដើម។
 

 
ក្រៅពីប្រយោជន៍ក្នុងវិស័យដឹកជញ្ជូន ព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រ តភ្ជាប់​ផ្លូវទឹ​ករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និង​ខេត្តកែបនេះ ក៏នឹងរួមចំណែកដល់ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការ​អភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗផងដែរ។
 
ញត្តិគាំទ្រនោះបញ្ជាក់ដូច្នេះថា៖ «ជារួម គម្រោង ព្រែកជីក ហ្វូណន-តេជោ នេះ គឺសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com