ជាតិ
ភ្នំពេញ នឹងមាន​ផ្លូវថ្មើរជើងទំហំ៥៧ហិកតា ​មុនដាច់ឆ្នាំ២០២៤នេះ
27, Apr 2024 , 6:59 pm        
រូបភាព
រូបពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
រូបពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំផ្លូវថ្មើរជើង លើផ្ទៃដី៥៧ហិកតា ក្នុងភូមិសាស្ត្រ ខណ្ឌ​ដូនពេញ  នៅដើមខែឧសភានេះ។ ផ្លូវថ្មើរជើង នឹងត្រូវបែងចែកជា៣តំបន់ផ្សេងៗគ្នា ដោយ​មានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជា​ pub street ​ ដើម្បី​បម្រើ​ដល់ការកម្សាន្ត និងដើរទិញទំនិញនៅពេលយប់របស់ ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
 
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ តាម បណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២៧ មេសានេះថា តាមគម្រោងផ្លូវថ្មើរជើងនេះ ​​ត្រូវ ​រៀបចំឱ្យបានរួចរាល់ នៅដំណាច់ឆ្នាំ២០២៤នេះ ពោលគឺមុនចូលឆ្នាំសកល។
នៅក្នុងសារដែល លោក ម៉េត មាសភក្ដី ឆ្លើយតបមកកាន់សារព័ត៌មានថ្មីៗ ក៏មានសម្រង់ សម្តី របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដែរ។ ក្នុងសារនោះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់លម្អិតថា ​ផ្លូវថ្មើរជើងតំបន់ទី១ ជាតំបន់វិថីម្ហូប​អាហារ និងហាងទំនិញ ដែល​មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រ​ទល់​ខាងជើង ផ្លូវ លេខ៩៤, ខាងត្បូង ផ្លូវ​លេខ​១០៦, ខាងលិច ផ្លូវលេខ១៣ និងខាងកើត តីរវិថីព្រះស៊ីសុវត្ថិ ។


រូបទី១) រូបពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
 
ផ្លូវថ្មើរជើងតំបន់ទី២ គឺជាតំបន់ Pub Street ដែលមានព្រំប្រទល់ខាងជើង ផ្លូវលេខ ១០៦,  ខាងត្បូង ផ្លូវលេខ ១៨៤,  ខាងលិច ផ្លូវលេខ១៣ និងខាងកើត តីរវិថីព្រះស៊ីសុវត្ថិ។ ចំណែក​តំបន់ទី៣ ជាតំបន់ លំហែកាយ ដែលមានព្រំប្រទល់ខាងជើង ផ្លូវលេខ ១៨៤, ខាងត្បូង មហាវិថីព្រះសីហនុ, ខាងលិច ផ្លូវលេខ០៧ និងខាងកើត តីរវិថីព្រះស៊ីសុវត្ថិ។


រូបទី២. រូបពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
 
លោក សាំ ពិសិដ្ឋ បន្ថែមដូច្នេះ៖ «តំបន់ទាំង៣នេះ រដ្ឋបាលរាជ​ធានី​ភ្នំពេញ នឹងរៀបចំឡើងឱ្យមានសោភ័នភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំង​ភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្ត​បណ្តោះអាសន្ន មានហាង​ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងជាកន្លែង pub street»។ ​
 
បើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយរៀបចំរួច តំបន់ ទាំង៣នេះ នឹងត្រូវដាក់ឱ្យបើកដំណើរការ ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕
 

Tag:
 សង្គម
  ផ្លូវ
  ភ្នំពេញ
  ផ្លូវថ្មើរជើង
  សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com